មនុស្សភាគច្រើនអាចគិតថា ស្ត្រីតែងតែឈានចូលវ័យចំណាស់លឿនជាងបុរស ទាំងផ្នែករាងកាយ និងការចងចាំផ្លូវចិត្ត ប៉ុន្តែតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យទីក្រុងឡុង បានរកឃើញថា ស្ត្រីវ័យកណ្តាល មានសមត្ថភាពក្នុងការចងចាំបានល្អជាងបុរស។
ការស្រាវជ្រាវលើកនេះ បានសិក្សាទៅលើស្ត្រី និងបុរសវ័យកណ្តាល ចំនួនជាង ៩.៦០០នាក់ ក្នុងប្រទេសអង់គ្លេស ស្កុតឡែនដ៍ និងវេលល៍ ដោយឱ្យអ្នកទាំងនោះ ចងចាំពាក្យចំនួន១០ពាក្យ និងធ្វើការសាកល្បងសួរ ដើម្បីសាកល្បងការចងចាំ បន្ទាប់ពីរយៈពេល២នាទីកន្លងទៅ។ គេបានរកឃើញថា បុរស មានសមត្ថភាព ចងចាំតិចជាងស្ត្រី ខណៈដែលការវិភាគមុននេះ ក៏ទទួលបានលទ្ធផលប្រហាក់ប្រហែលគ្នា។
អ្នកស្រាវជ្រាវបានវាយតម្លៃទៅលើលទ្ធផលនៃការសាកល្បងលើកនេះថា អាចបណ្តាលមកពីកត្តាការប្រើប្រាស់ជីវិតមានភាពខុសប្លែក គ្នារវាងភេទស្រី នឹង ភេទប្រុស ដូចជា ការធ្វើលំហាត់ប្រាណ ការជក់បារី ការទទួលទានអាហារ និង សភាពផ្លូវចិត្ត ជាដើម៕