ចង់ដោះស្រាយបញ្ហាស្បែកប្រអប់ដៃដែលមានលក្ខណៈគ្រើមស្ងួតមិនពិបាកឡើយ! (អាន ៖ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវធ្វើបែបណាទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព  Health.com.kh នឹងបង្ហាញពីរូបមន្តបែបធម្មជាតិជួយធ្វើឱ្យប្រអប់ដៃទន់រលោងឆាប់រហ័ស ៖

១. ទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំពី ១ ទៅ ២ ស្លាបព្រាកាហ្វេជាមួយប្រេងអូលីវ កន្លះស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារស្រស់ពី ២ ទៅ ៣ដំណក់ ឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបម៉ាស្សាល្បាយលើស្បែកប្រអប់ដៃ។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ ជូតដៃឱ្យស្ងួត និងកុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើម។ អនុវត្តសារឡើងវិញឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។

២. ស្ករសនិងប្រេងអូលីវ

  • អ្វីដែលអ្នកត្រូវការ

១. ស្ករសពី ១ ទៅ ២ ស្លាបព្រាបាយ

២. ប្រេងអូលីវពី ១ ទៅ ២ ស្លាបព្រាបាយ ឬប្រសិនបើមិនមានអ្នកអាចប្រើប្រាស់ប្រេងដូងជំនួសក៏បាន

  • របៀបអនុវត្ត

អ្នកអាចលាយគ្រឿងផ្សំទាំង ២ ចូលគ្នា រួចសឹមប្រើប្រាស់ល្បាយដុសខាត់លើស្បែកដៃថ្នម ឬអ្នកអាចចាក់ស្ករសលើបាតដៃ រួចសឹមបន្ថែមប្រេងអូលីវ រួចត្រដុសបាតដៃទាំង ២ សិន សឹមលាបឱ្យពេញប្រអប់ដៃ។ អ្នកត្រូវខាត់ម៉ាស្សាថ្នមៗក្នុងចលនាបែបរង្វង់ឱ្យពេញប្រអប់ដៃដើម្បីកម្ចាត់ស្បែកដែលងាប់ៗចេញ។ ចុងក្រោយគ្រាន់តែលាងសម្អាតចេញជាមួយទឹកធម្មតា និងលាបឡេផ្ដល់សំណើមជាការស្រេច។

៣. ប្រទាលកន្ទុយក្រពើ

លាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់លើប្រអប់ដៃ និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តសារឡើងវិញម្ដង ឬ២ដងក្នុងមួយថ្ងៃ។

៤. ផ្លែបឺរ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយសាច់ផ្លែបឺរទុំចំនួនម្ខាងជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបម៉ាស្សាល្បាយលើស្បែកប្រអប់ដៃ និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញ។ អនុវត្តសារឡើងវិញយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍។

៥. គ្រីមទឹកដោះគោ

គ្រាន់តែលាបម៉ាស្សាគ្រីមទឹកដោះគោលើស្បែកប្រអប់ដៃដែលស្ងួតគ្រើមនិងរងចាំសម្រាប់រយៈពេល ១០ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង