ការសិក្សាស្រាវជ្រាវមួយ ដែលត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តីនៃការពិសោធន៍ផ្នែកជីវសាស្ត្រ បាន ធ្វើការសិក្សាទៅលើ ក្រុមស្ត្រីមួយក្រុម ដែលបានពាក់ស្បែកជើងកែងចោត ចំនួន ៨០នាក់។
គេបានសង្កេតឃើញថា ស្ត្រីដែលបានពាក់ស្បែកជើង កែងចោត កម្ពស់ចាប់ពី ៥ ទៅ ៩សង់ទីម៉ែត្រ ក្នុងរយៈពេល ប្រហែលជា ៦០ម៉ោង ក្នុងមួយសប្តាហ៍ បានជួបប្រទះនឹងបញ្ហា នៃការឈឺចាប់នៅនឹង សាច់ដុំកំភួនជើង ច្រើនជាងស្ត្រីដែលពាក់ស្បែកជើងបាតរាបស្មើរ។
ទន្ទឹមនឹងនេះ ការថតឆ្លុះដងខ្លួន ដែលបានធ្វើឡើងចំពោះក្រុមស្ត្រីទាំងនេះ បានបង្ហាញថា សសៃពួរដែល ចងពីកែងជើង ទៅកំភួនជើង ( Achilles tendons) របស់ពួកគេ នោះគឺឡើងតឹងណែន និង ក្រាស់ជាងមុន រីឯ សាច់ដុំកំភួនជើង បែរជា ប្រែទៅជារួមខ្លីជាងមុនទៅវិញ ។
រូបភាពនៃការថតកាំរស្មីអ៊ិចនេះ បានបង្ហាញអោយយើង ឃើញយ៉ាងច្បាស់ពី ប្រភេទនៃសម្ពាធ ដែលបានដាក់ទម្ងន់ទៅលើ ឆ្អឹងរបស់មនុស្ស នៅពេលណា ដែលស្ត្រីណាម្នាក់បានពាក់ស្បែកជើង កែងចោត ទាំងនេះ ។ ដូច្នេះ វាមិនមែនជារឿងដែលគួរអោយភ្ញាក់ផ្អើលនោះទេ ដែលថា ស្បែកជើងកែងចោត គឺពិតជាអាចធ្វើអោយអ្នក ប្រឈមនឹង បញ្ហានៃឱនភាពរបស់ឆ្អឹង និង ជំងឺពុកឆ្អឹងចំពោះស្ត្រី។
មានស្ត្រីជាច្រើន ក៏បានត្អូញត្អែរផងដែរថា ពួកគេមិនអាចដើរបានដោយបាតជើងរាបស្មើរនោះទេ បន្ទាប់ពី ពួកគេបានប្រើស្បែកជើងកែងចោតនេះ ក្នុងរយៈពេលជាយូរមកហើយនោះ ។ មូលហេតុចំពោះបញ្ហា នេះ នោះគឺដោយសារតែ ឆ្អឹងរបស់អ្នកបានប្រែប្រួលទៅតាម ចំណោតនៃកែងស្បែកជើង ដែលអ្នកធ្លាប់បានពាក់។ នៅពេលដែលអ្នក ពាក់ស្បែកជើងកែងខ្ពស់ ដើរនោះរាងកាយរបស់អ្នកត្រូវបាន ទ្រេតទៅមុខ ជាងពេលធម្មតា ហើយស្ថានភាពនេះ គឺក៏បានដាក់សម្ពាធផងដែរ ទៅលើឆ្អឹងក្បាលជង្គង់។ ការបន្តប្រើស្បែកជើង ប្រភេទនេះ ក្នុងរយៈពេលយូរ ក៏អាចនាំអោយឆ្អឹងកែងជើងរីកធំ និងមានការឈឺចាប់ ដែលពាក្យបច្ចេកទេស ត្រូវបានគេហៅថា Haglund’s deformity ។
វាក៏ត្រូវបានគេ ប៉ាន់ប្រមាណផងដែរថា ស្បែកជើងកែងដែលមានកម្ពស់ ២,៥សង់ទីម៉ែត្រ ក៏អាចដាក់សម្ពាធ ទៅលើឆ្អឹងប្រអប់ជើង បានដល់ ២២ភាគរយ និង អាចបន្តកើនឡើងដល់ ៧៦ភាគរយ ក្នុងករណី ស្ត្រីប្រើកែងដែលមានកម្ពស់ ៧,៥សង់ទីម៉ែត្រ។
ជាការពិតវាមិនមែនជា ការងាយស្រួលនោះទេ ដែលចង់អោយសុភាពនារីទាំងឡាយឈប់បន្តពាក់ ស្បែកជើងកែងចោតទាំងនេះ តទៅទៀត តែទោះជាយ៉ាងណាក្តី អ្នកជំនាញសុខភាពផ្នែកជំងឺឆ្អឹង បានធ្វើការណែនាំ អោយស្ត្រីទាំងឡាយ គប្បីធ្វើការកំណត់ រយៈពេលនៃការពាក់ពួកវាអោយបានត្រឹមត្រូវ និង ចំណាយពេល មួយចំនួន ក្នុងការធ្វើលំហាត់ប្រាណ ចំពោះប្រអប់ជើង ដែលវានឹងអាចជួយ កាត់បន្ថយសម្ពាធ បានមួយកម្រិតដែរ៕