មិនមែនគ្រប់គ្នាសុទ្ធតែស៊ាំនឹងភាពស្ត្រេស ឬថប់បារម្ភនោះទេ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាការប្រើប្រាស់ថ្នាំដើម្បីដោះស្រាយបញ្ហាមិនមែនជាជម្រើសដ៏ប្រសើរបំផុតឡើយ។ គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ជួយឱ្យអ្នកឆាប់ស្ងប់អារម្មណ៍ ៖

១. ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណមិនត្រឹមតែល្អសម្រាប់សុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយឱ្យអ្នកមានអារម្មណ៍ល្អរីករាយផងដែរ។ នោះក៏ព្រោះតែខួរក្បាលពោរពេញទៅដោយអ័រម៉ូនរីករាយនៅពេលអ្នកធ្វើលំហាត់ប្រាណណាមួយ។ សកម្មភាពរាងកាយភាគច្រើនអាចរាប់ជាទម្រង់នៃលំហាត់ប្រាណ ដូច្នេះហើយទើបការដើរ ឬគ្រាន់តែរត់ត្រឹកៗជំនួសការអង្គុយ ឬគេងអាចជួយលើកអារម្មណ៍របស់អ្នកជៀសផុតពីអាការៈនៃជំងឺថប់បារម្ភ។ វាក៏ជាគំនិតដ៏ប្រសើរបំផុតមួយដែរក្នុងការចំណាយពេលនៅក្រោម ឬត្រូវពន្លឺព្រះអាទិត្យខ្លះ ក៏ព្រោះវាជាប្រភពដ៏ល្អនៃវីតាមីន D សារធាតុចិញ្ចឹមដ៏ចាំបាច់មួយសម្រាប់រក្សាអារម្មណ៍ស្រស់ស្រាយ។

២. ទទួលទានតែមួយចំនួន

តែបៃតង និងតែផ្កា Chamomile ជាជម្រើសនៃភេសជ្ជៈដ៏សាកសមបំផុតសម្រាប់ជួយឱ្យអ្នកស្ងប់អារម្មណ៍។ ម្យ៉ាងវិញទៀតតែទាំងពីរប្រភេទនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ដូច្នេះអ្នកនឹងស្ត្រេសងាយៗឡើយ។

៣. រួមបញ្ចូលអាហារសម្បូរអាស៊ីតខ្លាញ់អូមេហ្កា ៣ ក្នុងរបបអាហារប្រចាំថ្ងៃ

មិនត្រឹមតែចាំបាច់សម្រាប់រក្សាសុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែអាស៊ីតខ្លាញ់អូមេហ្កា ៣ ក៏ល្អសម្រាប់បំបាត់ថប់បារម្ភផងដែរ។ អាហារដែលមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ រួមមានត្រីសាលម៉ុន ត្រីធូណា ត្រីសាឌីន គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជជាដើមថែមទាំងអាចជួយកាត់បន្ថយស្ត្រេសគួរឱ្យកត់សម្គាល់។

៤. ធ្វើសមាធិ

ការធ្វើសមាធិជាវិធីដ៏ល្អបំផុតមួយសម្រាប់ភាពស្ងប់សុខក្នុងចិត្តនិងកាត់បន្ថយភាពតានតឹង ព្រមតាំងថប់បារម្ភបានយ៉ាងប្រសើរ។ ចូរចំណាយពេលពី ១០​ ទៅ ១៥ នាទីក្នុងមួយថ្ងៃទៅអង្គុយកន្លែងស្ងាត់ ហើយធ្វើការសមាធិផ្ដោតអារម្មណ៍លើការដកដង្ហើមចេញចូលមួយៗជ្រៅបណ្ដោយចិត្ត។

៥. គេងឱ្យបានច្រើនគ្រប់គ្រាន់

ការមិនងងុយគេងជារោគសញ្ញាទូទៅបំផុតមួយនៃជំងឺថប់បារម្ភ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរព្យាយាមយកឈ្នះលើបញ្ហានេះឱ្យបាន។ កង្វះនៃការគេងអាចបង្កើនកម្រិតនៃអ័រម៉ូនស្ត្រេសដែលធ្វើឱ្យស្ថានភាពនៃជំងឺកាន់តែយ៉ាប់ឡើងគួរឱ្យព្រួយបារម្ភ។