បើសិនជាអ្នកសង្ស័យថាខ្លួនឯងមានផ្ទៃពោះ អ្នគអាចសុំការធ្វើតេស្តនេះពីគ្រូពេទ្យ ឬអាចធ្វើដោយខ្លួនឯងនៅផ្ទះក៏បានដែរ តាមរយៈការទិញកញ្ចប់ធ្វើតេស្តរកមើលការមានផ្ទៃពោះនៅឱសថដ្ឋាន។
តើតេស្តរកមើលការមានផ្ទៃពោះមានប្រសិទ្ធភាពបែបណា?
តេស្តដើម្បីពិនិត្យរកមើលការមានផ្ទៃពោះគឺការពិនិត្យទៅលើទឹកនោម ឬឈាមរកមើលអ័រម៉ូនមានផ្ទៃពោះ Human Chorionic Gonadotropin (hCG)។ អ័រម៉ូនមួយនេះត្រូវបានផលិតឡើងក្នុងពេលមានផ្ទៃពោះ និងអាចរកឃើញក្រោយពីមេជីវិតទាំងពីររលាយចូលគ្នាបានយ៉ាងហោចណាស់ ១០ថ្ងៃ។
បើសិនជា hCG ត្រូវបានរកឃើញក្នុងឈាម ឬទឹកនោមហើយ មានន័យថាឱកាសនៃការមានផ្ទៃពោះគឺខ្ពស់ណាស់។
អ្វីទៅជាការធ្វើតេស្តរកការមានផ្ទៃពោះដោយខ្លួនឯងនៅផ្ទះ?
ការធ្វើតេស្តរកមានផ្ទៃពោះដោយខ្លួនឯងនៅផ្ទះ គឺជាឧបករណ៍តូចមួយដែលអ្នកអាចទិញពីឱសថដ្ឋាន ដើម្បីជ្រលួកនឹងទឹកនោមរបស់យើង។ ដោយសារតែឧបករណ៍ទាំងនោះមានច្រើនប្រភេទ ដូច្នេះមុននឹងប្រើត្រូវតែអានការណែនាំ ឬសុំការពន្យល់ពីឱសថការីជាមុនសិន។
ភាគច្រើនឧបករណ៍ពិនិត្យទឹកនោមរកមើលការមានផ្ទៃពោះគឺជាប្រភេទសី្ទកដែលប្រើដើម្បីជ្រលួកនឹងទឹកនកោមរបស់យើង។ ស្ទីកនេះមានសារធាតុគីមីម្យ៉ាងដែលអាចប្រែពណ៌របស់វាបាននៅពេលប៉ះទៅនឹងអ័រម៉ូន hCG ដែលមានក្នុងទឹកនោម ហើយវាក៏ជាសញ្ញាបញ្ជាក់ថាមានផ្ទៃពោះឬអត់ដែរ។ ភាគច្រើនឧបករណ៍បែបនេះអាចផ្តល់ភាពសុក្រិតរហូតដល់ ៩៩ភាគរយឯណោះបើសិនជាប្រើប្រាស់បានត្រឹមត្រូវ។
ដើម្បីទទួលបានលទ្ធផលគួរឲ្យទុកចិត្តបំផុតនោះ ចូររងចាំបាត់រដូវយ៉ាងហោចណាស់ ៧ថ្ងៃសិនទៅចាំធ្វើតេស្តនេះ។
តេស្តដែលធ្វើឡើងដោយគ្រូពេទ្យ
តេស្តនេះគឺសម្តៅទៅលើការធ្វើតេស្តឈាមដោយផ្ទាល់ ហើយវាក៏មានភាពសុក្រិតខ្លាំងជាងតេស្តទឹកនោមទៅទៀតក្នុងការរកមើលអ័រម៉ូន hCG ក្នុងឈាម។
តេស្តឈាមរកមើលអ័រម៉ូន hCG អាចប្រាប់ទៀតថា ការមានផ្ទៃពោះរបស់អ្នកមានសភាពធម្មតា ឬអត់។ ឧទាហរណ៍ បើសិនជាអ័រម៉ូន hCG ឡើងខ្ពស់ខ្លាំង វាអាចជាសញ្ញាបញ្ជាក់ថា អ្នកទំនងជាមានកូនភ្លោះ ឬមានជំងឺផ្សេង។
ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីសុវត្ថិភាពកាន់តែខ្ពស់ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យកាលណាដឹងថាខ្លួនឯងមានផ្ទៃពោះ៕