ការបង្រៀនក្មេងតូច ឬ ទារកអោយចេះហែលទឹក តាំងពីពួកគេ មានអាយុ២ ឬ ៣ខែ គឺនឹងអាចជួយពួកគេ អោយមានការវិវត្តន៍ ជំនាញផ្នែករាងកាយ និង ការរក្សាលំនឹងខ្លួនបានល្អ នៅក្នុងពេលអនាគត។ តាមការសិក្សាស្រាវជ្រាវ បានរកឃើញថា ទារកដែលចេះហែលទឹក គឺមានតុល្យភាពរាងកាយ ល្អប្រសើរ និង ងាយស្រូលឆាប់ចាប់បានរបស់អ្វីមួយ ជាងទារកធម្មតា។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលទារកនឹងទទួលបានពីការហែលទឹក នៅក្នុងវ័យកុមារភាព៖
១. កុមារដែលអាចចេះហែលទឹក តាំងពីនៅជាទារក គឺហាក់នឹងមានការលូតលាស់ផ្នែកចលនាល្អ ជាងកុមារធម្មតា។ ការហែលទឹក គឺធ្វើអោយពួកគេ អាចមានចលនាបានសព្វរាងកាយ ដោយចាប់ផ្តើមតាំងពីដៃ,ជើង និង ក្បាលរបស់ពួកគេ ។
២.កុមារដែលចេះហែលទឹក តាំងពីវ័យក្មេង នឹងអាចទម្លាប់ខ្លួនបានយ៉ាងល្អ ទៅនឹងការណែនាំ ឬ ស្តាប់យល់នូវ ពាក្យសម្តីរបស់មនុស្សជុំវិញខ្លួន។ ទំនាក់ទំនងនេះ គឺនឹងធ្វើអោយការលូតលាស់ផ្នែកបញ្ញាស្មារតី របស់ពួកគេ មានភាពល្អប្រសើរ និង ឆ្លាតវៃបានល្អ។ ការលូតលាស់ផ្នែកបញ្ញាស្មារតីទាំងនោះ រួមមានដូចជា៖ សម្តត្ថភាពនៅក្នុងការគិត, រៀន និង យល់ពីដំណាក់កាលនៃ ការដោះស្រាយបញ្ហាផ្សេងៗ បានយ៉ាងល្អ ជាងកុមារទូទៅ ។
៣. ពួកគេអាចនឹងឆាប់ចេះផ្សាំខ្លួន និង ឆាប់ចុះសម្រុងទៅនឹងមជ្ឈដ្ឋានសង្គម និង មនុស្សជុំវិញខ្លួន បានយ៉ាងល្អ។ នេះគឺដោយសារតែ នៅពេលដែលទារកហែលទឹក គឺពួកគេបានជួបនឹង មនុស្សជាច្រើន និង ក្មេងៗដទៃទៀត។
៤.នៅពេលដែលរៀនហែលទឹក ទារកនឹងធ្វើការរៀនស្តាប់ នូវអ្វីៗដែលអ្នកបាននិយាយ និង បង្រៀនគេ អោយធ្វើចលនា។ នាថ្ងៃក្រោយ គេនឹងឆាប់ចេះដឹង និង យល់ពីភាសាដែលអ្នកបានប្រើ នៅក្នុងជីវិតប្រចាំថ្ងៃ។
៥. ការហែលទឹកអោយបានទៀងទាត់ ក៏អាចមានឥទ្ធិពលជាវិជ្ជមានផងដែរ ទៅដល់រយៈពេលនៃការគេង និងរបបអាហារបស់ទារក៕