អ្នកគួរតែផ្លាស់ប្តូរបបអាហារ ប្រសិនបើអ្នក ត្រូវបានរកឃើញថា មានជំងឺតម្រងនោម មិនថា រលាកតម្រងនោ ខ្សោយតម្រងនោម ឬជំងឺមហារីកតម្រងនោមឡើយ។
ការផ្លាស់ប្តូរទាំងនោះ មានដូចជា ៖
– ការកំណត់បរិមាណទឹក ដែលត្រូវទទួលទាន
– បន្ថយការញ៉ាំចំណីអាហារមានជាតិប្រូតេអ៊ីន
– កាត់បន្ថយការញ៉ាំអំបិល ឬជាតិប្រៃ (ប៉ូតាស្យូម)
– សម្រកទម្ងន់ខ្លះ
– និងការហាត់ប្រាណឲ្យបានទៀងទាត់។
ហេតុអ្វីអ្នកត្រូវផ្លាស់ប្តូររបបអាហារ?
គោលបំណងតែមួយគត់ គឺធ្វើឲ្យសារធាតុរាវ សារធាតុរ៉ែ និងអេឡិចត្រូលីត្រ នៅក្នុងរាងកាយរបស់អ្នក មានតុល្យភាព និងស្មើគ្នាល្អ ពីព្រោះ ការឈឺតម្រងនោមរ៉ាំរ៉ៃ ចុងក្រោយ អ្នកច្បាស់ជាឈានដល់ ដំណាក់កាលលាងឈាមហើយ។
កាបូអ៊ីដ្រាត
ចូរញ៉ាំផ្លែឈើ នំប៉័ង គ្រាប់ធញ្ញជាតិ និងបន្លែ ពីព្រោះ វាអាចបង្កើនថាមពល និងផ្ទុកទៅដោយជាតិសរសៃ សារធាតុរ៉ែ និងវីតាមីន
ជាតិខ្លាញ់
ជាតិខ្លាញ់ ជាប្រភពនៃកាឡូរី ប៉ុន្តែ អ្នកត្រូវជ្រើសរើសខ្លាញ់ ដែលល្អចំពោះសុខភាព ដូចជា ប្រេងអូលីវ ជាជាងប្រេងសណ្តែក ឬខ្លាញ់សត្វ។
ប្រូតេអ៊ីន
ការញ៉ាំសាច់ ឬប្រូតេអ៊ីន ក្នុងកម្រិតទាប ប្រហែលជាល្អ សម្រាប់អ្នកមានជំងឺតម្រងនោម ប៉ុន្តែ បើអ្នកឈានដល់ ដំណាក់កាលលាងឈាម អ្នកត្រូវបង្កើនការញ៉ាំវិញ ដូចជា សាច់សត្វ ស៊ុត និងត្រីជាដើម ដើម្បីជំនួសសាច់ដុំ និងជាលិកានានា ដែលអ្នកបាត់បង់។
កាល់ស្យូម និងផូស្វ័រ
អ្នកគួរតែត្រួតពិនិត្យ សារធាតុទាំងពីរនេះ ឲ្យបានញឹកញាប់ ពីព្រោះ កាល់ស្យូមទាប អាចធ្វើឲ្យឆ្អឹងអ្នកខ្សោយ ហើយងាយបាក់បែក។ យ៉ាងណាមិញ អ្នកគួរកំណត់ការញ៉ាំ ផលិតផលធ្វើពីទឹកដោះគោ ពីព្រោះ វាសម្បូរជាតិផូស្វ័រ។
សារធាតុរាវ
អ្នកគួរតែកំណត់ការញ៉ាំសារធាតុរាវ ពីព្រោះ ការមានទឹកច្រើនពេកក្នុងរាងកាយ អាចធ្វើឲ្យអ្នក មានបញ្ហាដំណកដង្ហើមខ្លីៗ ដែលជារឿងគ្រោះថ្នាក់ណាស់។
យ៉ាងណាមិញ មានតែគ្រូពេទ្យជំនាញប៉ុននោះ ដែលអាចប្រាប់អ្នកបាន ថាតើ អ្នកគួរញ៉ាំទឹកប៉ុណ្ណា។
អំបិល ឬប៉ូតាស្យូម
ចូរកាត់បន្ថយការញ៉ាំប្រៃ ដើម្បីគ្រប់គ្រងសម្ពាធឈាម និងតម្រងនោមរបស់អ្នក។
• ជ្រើសរើសផ្លែឈើ ដូចជា ផ្លែប៉ែស ទំពាំងបាយជូរ ឆឺរី ប៉ោម បឺរី ម្នាស់ ផ្លាំ ត្រសក់ស្រូវ និងក្រូចឃ្វិច ប៉ុន្តែ កាត់បន្ថយការញ៉ាំផ្លែឈើ ដូចជា គីវី ចេក ព្រូន គ្រាប់ទំពាំងបាយជូរក្រៀម និងផ្លែឈើស្ងួត។
• ជ្រើសបន្លែ ដូចជា ប្រូខូលី ស្ពៃក្តោប ការ៉ុត ផ្កាខាត់ណា ឃិនឆាយ ត្រប់សណ្តាយ សណ្តែកខៀវ សាឡាត់ ខ្ទឹមបារាំង ម្ទេស ប៉ុន្តែ កាត់បន្ថយការញ៉ាំ ផ្លែប័រ ដំឡូងបារាំង ប៉េងប៉ោះ និងល្ពៅ។
យកល្អ អ្នកគួរតែពិគ្រោះ ជាមួយនឹងគ្រូពេទ្យជំនាញ អំពីរបបអាហាររបស់អ្នក៕