Join with Health.com.kh on Telegram

ថ្នាំ​ផ្សះ បើ​យើង​គិត​ទៅ គឺ​មាន​ច្រើន​ជាង ១០០​ប្រភេទ​ខុស​ៗ​គ្នា​ឯណោះ ប៉ុន្តែ​ថ្នាំ​ទាំងនោះ​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​ក្រុម​ធំ​ៗ​ចំនួន ៦​ក្រុម (​អាស្រ័យ​ទៅ​តាម​ប្រសិទ្ធភាព​របស់​វា​ទៅ​លើ​បាក់តេរី​នីមួយ​ៗ) ដូច​ជា​៖

Aminoglycosides
ថ្នាំ​ផ្សះ​ក្រុម​នេះ​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ការ​សំយោគ​ប្រូតេអ៊ីន​ក្នុង​កោសិកា​បាក់តេរី ដូច្នេះ​វា​ក៏​អាច​សម្លាប់​បាក់តេរី​បាន​ដែរ​។ ថ្នាំ​នេះ​ត្រូវ​បាន​គេ​និយម​ប្រើ​ជា​ញឹកញាប់​សម្រាប់​ព្យាបាល​លើ​ការ​បង្ក​រោគ​ដូច​ជា ជំងឺ​អាស​ន្ត​រោគ និង​ការ​បង្ក​រោគ​ផ្សេង​ៗ​ទៀត​នៅ​ផ្លុ​វ​ដង្ហើម​។

Cephalosporins
ថ្នាំ​ផ្សះ​មួយ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រភេទ Broad Spectrum Antibiotics ដែល​មាន​ប្រសិទ្ធភាព​អាច​សម្លាប់​បាក់តេរី​បាន​ភាគច្រើន​បំផុត ហើយ​ក៏​គេ​អាច​ប្រើ​សម្រាប់​ព្យាបាល​លើ​ជំងឺ​កាមរោគ និង​ជំងឺ​ទាក់ទង​នឹង​ផ្លូវដង្ហើម​ដែរ​។

Fluoroquinolones
នេះ​ជា​ប្រភេទ​ថ្នាំ​ផ្សះ Broad Spectrum Antibiotics មួយ​ប្រភេទ​ទៀត ដែល​គេ​មិន​ឲ្យ​ប្រើ​ចំពោះ​ការ​បង្ក​រោគ​លើ​កូន​ក្មេង​ទេ​។ ថ្នាំ​នេះ​ត្រូវ​បាន​គេ​ប្រើ​ជា​ញឹកញាប់​ចំពោះ​ការ​បង្ក​រោគ Streptococcus ជា​ពិសេស​ផ្លូវដង្ហើម និង​ផ្លូវទឹក​ម៉ូ​ត្រ​។

Macrolides
វា​ជា​ប្រភេទ​ថ្នាំ​ផ្សះ​ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​ការ​បង្ក​រោគ​ដោយសារ​តែ​បាក់តេរី Streptococci, Pneumococci, Staphylococci, និង Enterococci​។

Penicillins
វា​ជា​ថ្នាំ​ផ្សះ​ដែល​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ដំបូង​គេ​បង្អោះ សម្រាប់​ព្យាបាល​លើ​ជំងឺ​ជា​ច្រើន​មុខ​ដូច​ជា ជំងឺ​នៅ​ផ្លូវដង្ហើម ការ​បង្ក​រោគ​នៅ​ត្រចៀក និង​បំពង់ក​ជាដើម​។

Tetracyclines
ថ្នាំ​នេះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​លើ​ការ​បង្ក​រោគ​មួយ​ចំនួន ជា​ពិសេស​ជំងឺ​មុន និង​ជំងឺ​ស្បែក​ប្រភេទ Rosacea តែ​ម្តង​។

ដោយ​យោង​ទៅ​តាម​សមត្ថភាព​របស់​ថ្នាំ​ផ្សះ​ក្នុង​ការ​ព្យាបាល​ការ​បង្ក​រោគ ដូច្នេះ​ថ្នាំ​ទាំងនេះ​ត្រូវ​បាន​ចាត់ជា​ចំណាត់ថ្នាក់​ជា​ប្រភេទ Broad Spectrum និង Narrow Spectrum ដែរ​៖

Broad Spectrum Antibiotics:
វា​ជា​ប្រភេទ​ថ្នាំ​ផ្សះ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​សម្លាប់​បាក់តេរី និង​មាន​ប្រយោជន៍​ក្នុង​ការ​ព្យាបាល​ការ​បង្ក​រោគ​ច្រើន​ក្នុង​ពេល​តែ​មួយ​។ ឧទាហរណ៍ Cephalosporins ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​រលាក​សួត រលាក​ស្រោមខួរ​ក្បាល និង​ការ​បង្ក​រោគ​ក្នុង​ឈាម​ទៀត​។

Narrow Spectrum Antibiotics:
វា​ជា​ប្រភេទ​ថ្នាំ​ផ្សះ​ដែល​មាន​ប្រសិទ្ធ​ផា​ព​ប្រឆាំង​នឹង​បាក់តេរី​ពិសេស​ណាមួយ ឬ​បាក់តេរី​តែ​មួយ​ដែល​មាន​បង្ក​រោគ​ច្រើន​។ ឧទាហរណ៍ ថ្នាំ Azithromycin ជា​ថ្នាំ​ក្រុម Macrolide ដែល​មាន​ប្រសិទ្ធភាព​ពិសេស​ក្នុង​ការ​សម្លាប់​បាក់តេរី​បង្ក​រោគ​នៅ​បំពង់ក រលាក​បំពង់​សម្លេង រលាក​ក្រពេញ​អា​មី​ដាស​ជាដើម​៕