សណ្តែកស្ទើរតែគ្រប់ប្រភេទ សុទ្ធតែមានផ្ទុកនូវ ប្រូតេអ៊ីន និង ជាតិសសៃ និង ខ្លាញ់ក្នុងកម្រិតទាប។ ទន្ទឹមនឹងនេះ សណ្តែកបារាំង ឬ សណ្តែកគួរ ក៏មានអត្ថប្រយោជន៍ផងដែរ ចំពោះសុខភាព ពីព្រោះតែ ការស្តុកទុកក្នុងកម្រិតដ៏ច្រើននៃជាតិសសៃរបស់វា។
ជាការពិតសណ្តែកបារាំង គឺមានកាឡូរីក្នុងកម្រិតទាបសមស្រប ( ៣១គីឡូកាឡួរី ក្នុងសណ្តែកបារាំង ១០០ក្រាម) ។ លើសពីនេះ នោះវាក៏មិនមានផ្ទុកនូវប្រភេទខ្លាញ់ saturated ឡើយ ផ្ទុយមកវិញ វាមានផ្ទុក នួវពពួកវីតាមីន,រ៉ែ និង សារធាតុចិញ្ចឹមជាច្រើនប្រភេទ ដែលមានសារៈប្រយោជន៍ជាខ្លាំង ចំពោះរាងកាយ។ ជាតិសសៃដែលមានផ្ទុក នៅក្នុងសណ្តែកបារាំងនេះ ក៏មានអំណោយផលល្អផងដែរ ចំពោះការរំលាយអាហារ និង បង្ការខ្លួនអ្នកបានពីពួកកូឡេស្តេរ៉ូលអាក្រក់។
អត្ថប្រយោជន៍របស់សណ្តែកបារាំងចំពោះសុខភាព
អ្វីដែលអ្នកគួរតែដឹងពីវា នោះគឺវាមានផ្ទុកនូវ សារធាតុ ផូស្វ័រ និង ប៉ូតាស្យូម ដែលវាគឺពិតជាល្អចំពោះឆ្អឹង ជាពិសេសនោះ គឺចំពោះក្មេងៗ ដែលកំពុងស្ថិតក្នុងវ័យកុមារភាពរបស់ពួកគេ។ ដូចគ្នានេះដែរ វាក៏ល្អ ចំពោះម្តាយរាល់រូប ក្នុងការផ្តល់វាអោយទៅទារករបស់ពួកគេ តាមដែលសណ្តែកបារាំងនឹងជួយ ធ្វើអោយទារកមានការរីកលូតលាស់បានល្អ ។
ក្រៅពីរសជាតិដ៏ឈ្ងុយឆ្ងាញ់ និង សារៈប្រយោជន៍នៃវីតាមីន និង ជាតិរ៉ែជាច្រើនមុខ ដែលមានផ្ទុកនៅក្នុងនោះ សណ្តែកបារាំង ក៏ត្រូវបានគេប្រើសម្រាប់ជួយ ព្យាបាលស្ថានភាពជំងឺធ្ងន់ធ្ងរមួយចំនួន មានដូចជា ជំងឺលើសឈាម, ជំងឺរបេង,ការកើនឡើងកម្រិតអាស៊ីតក្នុងក្រពះ,ជួយកាត់បន្ថយកម្តៅ នង មានអត្ថប្រយោជន៍ផងដែរ ទៅដល់សុខភាពផ្នែកសម្រស់ តាមដែលវាអាចជួយកម្ចាត់មុន និង បង្ការស្នាមជាំខ្មៅ លើស្បែកបានផងដែរ ។
អត្ថប្រយោជន៍នៃសណ្តែកបារាំងចំពោះស្ត្រីមានផ្ទៃពោះ
គុណសម្បត្តិមួយដ៏ល្អផ្សេងទៀត គឺវាពិតជាមានផ្តល់ផលល្អ ចំពោះស្ត្រីមានផ្ទៃពោះ នេះដោយសារតែ ស្ត្រីមានផ្ទៃពោះ គឺមានតម្រូវការនូវ អាស៊ីតហ្វូលីកដែលមានផ្ទុកនៅក្នុងសណ្តែកបារាំងនេះ ។ សារៈប្រយោជន៍របស់អាស៊ីតហ្វូលីកនេះ គឺវាអាចជួយ បង្ការនូវភាពមិនគ្រប់លក្ខណៈពីកំណើត និង ជួយធ្វើអោយទារកមានបញ្ញាស្មារតីឆ្លាតវៃល្អ៕