នៅពេលស្ត្រីដែលត្រូវបានឆ្លងមេរោគអេដស៍ រស់នៅរយៈពេលយូរ, ការបង្ហាញថ្មីបានលើកឡើងថា រោគសញ្ញាក្រោយអស់រដូវដូចជា ការបែកញើសពេលយប់ អាចប៉ះពាល់ដល់ពួកគេធ្ងន់ធ្ងរទៅៗជាងស្ត្រីដែលមិនមានជំងឺនេះ។
សារ៉ា ឡូប៊ី (Sara Looby) ដែលមកពីមន្ទីរពេទ្យ Massachusetts បានធ្វើសេចក្តីរាយការណ៍ថា ស្ត្រីដែលឆ្លងមេរោគអេដស៍អំឡុងពេលជុំវិញការអស់រដូវ មានភាពធ្ងន់ធ្ងរនៃការបែកញើសយប់ខ្ពស់ និងការបែកញើសយប់នេះធ្វើអោយរំខានដល់ការងារប្រចាំថ្ងៃ និងគុណភាពនៃជីវិត។
គាត់បាននិយាយថា ការកើនឡើងរោគសញ្ញានៃការអស់រដូវ អាចធ្វើអោយគ្រោះថ្នាក់ដល់សុខភាពនៃស្ត្រីដែលមានផ្ទុកមេរោគអេដស៍ ដែលរួមមាន សមត្ថភាពរបស់ពួកគេដើម្បីសម្របសម្រួលនឹងថ្នាំ និងបញ្ឈប់ការប្រើថ្នាំជាដើម។
ឡូប៊ី និងក្រុមការងាររបស់គាត់បានជម្រុញអោយគ្រូពេទ្យដែលថែទាំស្ត្រីមានផ្ទុកមេរោគអេដ៍ អោយវាយតម្លៃលើបញ្ហាបែកញើសយប់ និងផ្តល់អោយមានការព្យាបាលដ៏មានប្រសិទ្ធភាព។
ចំពោះការស្រាវជ្រាវ, អ្នកស្រាវជ្រាវបានវិភាគទៅលើស្ត្រីដែលផ្ទុកមេរោគ៣៣នាក់ ដែលមានអាយុចន្លោះពី៤៥ឆ្នាំ ទៅ៤៨ឆ្នាំ និងមានវដ្តរដូវមិនទៀងទាត់ ហើយបានប្រៀបធៀបការឆ្លើយតបរបស់ពួកគេជាមួយនឹងស្ត្រីដែលស្ថិតនៅជុំវិញការអស់រដូវដែរ ប៉ុន្តែមិនមានផ្ទុកមេរោគអេដស៍នោះទេ។
ស្ត្រីដែលមានផ្ទុកមេរោគ មានការបែកញើសយប់ក្នុងកម្រិតមធ្យម ខណៈពេលដែលស្ត្រីមិនមានផ្ទុកមេរោគអេដស៍មានការបែកញើសយប់កម្រិតស្រាល។ ស្ត្រីដែលឆ្លងមេរោគអេដស៍ក៏មានបញ្ហានៃការគេងច្រើន, មានបញ្ហានៃការធ្លាក់ទឹកចិត្តច្រើន, ឆាប់ខឹង និងថប់បារម្ភច្រើនផងដែរ។
ការបែកញើសយប់ក៏បានរំខានដល់ការងារ, ដល់សកម្មភាពប្រចាំថ្ងៃ, ដល់ការផ្ចង់អារម្មណ៍, ដល់ទំនាក់ទំនងជាមួយនឹងអ្នកដទៃទៀត, រំខានដល់បញ្ហាផ្លូវភេទ, រំខានដល់ភាពរីករាយ និងគុណភាពនៃជីវិតរបស់ស្ត្រីដែលមានផ្ទុកមេរោគអេដស៍។
ជាការពិតណាស់, ឥទ្ធិពលប៉ះពាល់នៃការបែកញើសយប់ក្នុងចំនោមស្ត្រីមានផ្ទុកមេរោគអេដស៍គឺខ្ពស់ជាងអ្វីដែលបានធ្វើសេចក្តីរាយការណ៍លើអ្នកមានជំងឺមហារីកសុដន់។ នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Menopause។
អ្នកស្រាវជ្រាវបាននិយាយថា វាមិនច្បាស់នោះទេថាតើហេតុអ្វីបានជាការបែកញើសយប់ធ្វើអោយមានភាពអាក្រក់ទៅៗលើស្ត្រីដែលផ្ទុកមេរោគអេដស៍នោះ ប៉ុន្តែការស្រាវជ្រាវថ្ងៃក្រោយគឺចាំបាច់ដើម្បីរុករកពីបញ្ហានេះ៕
ពត៌មានប្រចាំថ្ងៃ ស្ត្រីមានជំ...
ស្ត្រីមានជំងឺអេដស៍ប្រឈមនឹងការបែកញើសពេលយប់
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855