ការមិនដុសសម្អាតជើងនៅរាល់ពេលងូតទឹកអាចជាកំហុសដ៏ធំមួយដែលភាគច្រើននៃពួកយើងបានធ្វើ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហេតុអ្វីទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីសារៈសំខាន់នៃការដុសសម្អាតជើងនៅរាល់ពេលងូតទឹក ៖
១. ការដុសសម្អាតជើងជួយកម្ចាត់ក្លិនមិនល្អ
ការដុសសម្អាតប្រអប់ជើងឱ្យបានត្រឹមត្រូវនិងទៀងទាត់អាចជួយកម្ចាត់ភាពកខ្វក់ កោសិកាស្បែកងាប់ៗ និងញើសដែលប្រមូលផ្ដុំពេញមួយថ្ងៃ។ ប្រសិនបើគ្រាន់តែលាងសម្អាតជាមួយទឹកធម្មតាដោយមិនដុសជាមួយសាប៊ូទេនោះ ភាពកខ្វក់នឹងមិនត្រូវបានកម្ចាត់ឡើយ។ ជាលទ្ធផលជើងរបស់អ្នកអាចនឹងមានក្លិនអាក្រក់ ហើយប្រឈមមុខខ្ពស់ជាមួយការឆ្លងមេរោគថែមទៀត។
២. ទប់ស្កាត់ការឆ្លងមេរោគ
ប្រអប់ជើងរបស់ពួកយើង គឺងាយនឹងឆ្លងមេរោគជាងផ្នែកផ្សេងទៀតនៃរាងកាយ ហើយបាក់តេរីអាចគ្រប់ដណ្ដប់លើបង្កជាការរលាកច្រើនប្រភេទខុសៗពីគ្នា។ ការដុសសម្អាតជើងបានត្រឹមត្រូវអាចជួយខាត់រាល់ស្រទាប់ស្បែកដែលមិនចាំបាច់ព្រមគ្នាជាមួយពពួកបាក់តេរី។ ជាលទ្ធផលការឆ្លងមេរោគផ្សេងៗរួមមានរោគផ្សិតជាដើមនឹងត្រូវបានទប់ស្កាត់។
៣. កាត់បន្ថយហានិភ័យនៃបញ្ហាសន្លាក់
ស្បែកងាប់ៗរឹងៗលើប្រអប់ជើងអាចមានទំនាក់ទំនងផ្សារភ្ជាប់និងបញ្ហាសន្លាក់ ចង្កេះ និងខ្នងគួរឱ្យកត់សម្គាល់។ ប្រសិនបើមិនត្រូវបានកម្ចាត់ចេញពីជើងទេនោះ ស្បែកងាប់ៗដែលមិនចាំបាច់នឹងកើនក្រាស់ឡើងៗ។ ជាលទ្ធផលបង្កភាពប្រែប្រួលដល់ឥរិយាបថរបស់អ្នកដែលយូរទៅនាំឱ្យប៉ះពាល់ដល់សន្លាក់ ជើង ឆ្អឹងខ្នង និងសាច់ដុំ។ អ្នកអាចនឹងមានអារម្មណ៍ពិបាកក្នុងការធ្វើចលនា។
៤. ធ្វើឱ្យចរន្តឈាមកាន់តែមានភាពប្រសើរ
ការម៉ាស្សាដុសសម្អាត និងខាត់ជើងអាចផ្ដល់នូវអារម្មណ៍ធូរស្រាលបង្កើនលំហូរឈាមបានយ៉ាងប្រសើរ។ ចរន្តឈាមខ្សោយ ឬរត់មិនបានល្អបង្កបញ្ហាកង្វះអុកស៊ីសែននិងជះផលប៉ះពាល់ដល់សាច់ដុំ។ ជាលទ្ធផលវាអាចបង្កជាបញ្ហាផ្សេងៗដូចជាការឈឺចាប់, ឡើងរឹង, ខ្សោយ និងស្ពឹកជើង។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមម៉ាស្សានិងដុសជើងឱ្យបានត្រឹមត្រូវដោយអាចត្រាំទឹកក្ដៅឧណ្ហៗ៕