យោងទៅតាមសមាគមន៍ជំងឺបេះដូងអាមេរិកបានឲ្យដឹងថា វាមានហេតុផលច្រើនជាងធម្មតាទៅទៀត ដែលតម្រូវឲ្យមនុស្សយើងជ្រើសរើសរបបអាហារមានត្រីញ៉ាំឲ្យបានច្រើន។ សមាគមន៍មួយនេះបានណែនាំយូរមកហើយថា មនុស្សយើងគួរតែញ៉ាំត្រី (ត្រីសម្បូរខ្លាញ់) ម្តងឬពីរដងក្នុងមួយសប្តាហ៍។ ឥឡូវនេះគេបានបញ្ជាក់ឡើងវិញហើយ ដោយផ្អែកទៅលើអំណះអំណាងបន្ថែមថា ត្រីអាចជួយទប់ស្កាត់ជំងឺបេះដូងបាន។ 

អ្វីដែលកាន់តែពិសេសនោះគឺថា មនុស្សធំគួរតែញ៉ាំត្រី ១០០ក្រាម ចំនួនពីរដងក្នុងមួយសប្តាហ៍។ ជម្រើសដ៏ល្អបំផុតក្នុងការញ៉ាំត្រីនោះគឺជ្រើសរើសត្រីដែលសម្បូរខ្លាញ់ជាពិសេសអាស៊ីតខ្លាញ់អូមេហ្គាបីតែម្តង ដូចជា ត្រីសាលម៉ុង ធូរណា ឬសាឌីនជាដើម។ មិនខ្វល់ថាអ្នកជ្រើសរើសយកមួយណាស់ ការចម្អិនគឺកុំចៀនឲ្យសោះ ព្រោះការសិក្សាបានរកឃើញថា អ្នកដែលចូលចិត្តញ៉ាំត្រីចៀនគឺប្រឈមខ្ពស់នឹងជំងឺខ្សោយបេះដូង។ 

អាស៊ីតខ្លាញ់អូមេហ្គាបីដ៏សំខាន់ក្នុងត្រីគឺ EPA និង DHA។ EPA មានប្រសិទ្ធភាពប្រឆាំងនឹងការរលាក ដែលអាចជួយទប់ស្កាត់ និងបង្ការភាពឡើងរឹង និងរួមតូចរបស់សរសៃឈាមអាក់ទែ ដែលនាំឲ្យកើតជំងឺគាំងបេះដូងបាន។ អូមេហ្គាបីក៏ប្រហែលមិនងាយធ្វើឲ្យមានកំណកឈាម ខណៈពេលដែលញ៉ាំវាកាន់តែច្រើនកាន់តែបន្ថយចំនួនខ្លាញ់ Triglycerides ទៀតផង។ 

ការញ៉ាំត្រីសាលម៉ុង ១១៣.៣ក្រាមក្នុងមួយសប្តាហ៍នឹងផ្តល់នូវចំនួនអូមេហ្គាបីប្រហែល ២៥០មីលីក្រាម ដែលជាតម្រូវការប្រចាំថ្ងៃរបស់មនុស្សពេញវ័យហើយ៕