គ្រូពេទ្យមិនទាន់យល់ដឹងច្បាស់នៅឡើយទេចំពោះមូលហេតុនៃជំងឺមហារីកសុដន់ ដោយគ្រាន់តែដឹងថា មហារីកសុដន់កើតឡើងនៅពេលកោសិកាសុដន់មួយចំនួនចាប់ផ្តើមលូតលាស់មិនធម្មតារហូតដល់គ្រប់គ្រងលែងបាន និងទៅជាដុំសាច់តែម្តង។ កោសិកានេះអាចនឹងរាលដាលពីសុដន់ចូលទៅក្នុងកូនកណ្តុរ ឬកន្លែងផ្សេងៗទៀតនៃរាងកាយ។

មហារីកសុដន់ច្រើនតែចាប់ផ្តើមជាមួយនឹងកោសិកាក្នុងបំពង់បង្ហូរទឹកដោះ (Invasive Ductal Carcinoma)។ មហារីកសុដន់ក៏ប្រហែលជាចាប់ផ្តើមនៅក្នុងជាលិកា Glandular Tissue (Invasive Lobular Carcinoma) ឬជាលិកា ឬកោសិកាផ្សេងៗទៀតក្នុងសុដន់។ អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា មានកត្តាអ័រម៉ូន របៀបរស់នៅ និងបរិស្ថានដែលអាចបង្កើនការប្រឈមនឹងជំងឺមហារីកសុដន់បាន។ ប៉ុន្តែវានៅតែមិនច្បាស់ថាហេតុអ្វីបានជាអ្នកខ្លះមិនមានកត្តាប្រឈមមុខបែរជាកើតមហារីក ខណៈពេលដែលអ្នកមានកត្តាប្រឈមមុខមិនកើតទៅវិញ។

មហារីកសុដន់បែបតំនពូជគ្រូពេទ្យបានប៉ាន់ស្មានថា ជំងឺមហារីកសុដន់ប្រហែល ៥ ទៅ១០ភាគរយមានជាប់ទាក់ទងនឹងការបំបែកហ្សែនដែលផ្តល់ពីជំនាន់មួយទៅជំនាន់មួយទៀត។ ក្នុងនោះដែរ ហ្សែនដែលធ្វើឲ្យកើតជំងឺមហារីកសុដន់ញឹកញាប់បំផុតនោះគឺ BRCA1 និង BRCA2 ដែលវាទាំងពីរនេះនឹងបង្កើនការប្រឈមមុខនឹងជំងឺមហារីកសុដន់ផង និងក្រពេញអូវ៉ែផង។ បើសិនជាអ្នកមានគ្រួសារធ្លាប់មានជំងឺមហារីកសុដន់ ឬមហារីកផ្សេងៗទៀត គ្រូពេទ្យអាចនឹងណែនាំឲ្យធ្វើតេស្តឈាមដើម្បីសម្គាល់មើលហ្សែនខាងលើនេះហើយ៕