ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ការទទួលទានទឹកច្រើនពេកអាចបង្កផលប៉ះពាល់ជាច្រើនចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើឥទ្ធិពលអវិជ្ជមាននៃការទទួលទានទឹកលើសតម្រូវការមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរទទួលទានទឹកច្រើនពេក (លើសពី ១លីត្រក្នុងមួយម៉ោង) ៖
១. ហើមពោះ
អ្វីក៏ដោយឱ្យតែពេក គឺមិនល្អឡើយ រួមបញ្ចូលទាំងការទទួលទានទឹកផងដែរ។ ប្រសិនបើអ្នកទទួលទានទឹកច្រើនកំឡុងពេលអាហារនោះ អាស៊ីតក្រពះក្លាយជារាវខ្លាំង ឬត្រូវបានបន្សាបដែលធ្វើឱ្យអាហារមិនអាចរំលាយបានពេញលេញបង្កជាអាការៈហើមពោះ និងពិបាករំលាយអាហារ។ ដូច្នេះដើម្បីជាការប្រសើរជៀសផុតពីបញ្ហាហើមពោះ កុំទទួលទានទឹកច្រើនពេកក្នុងកំឡុងពេល ៣០ នាទីមុន ឬក្រោយពេលអាហារ។
២. ហើមដៃជើង
នៅពេលទទួលទានទឹកច្រើនគួបផ្សំនឹងការទទួលទានអាហារដែលប្រៃខ្លាំង គឺអាចបង្កឱ្យមានអាការៈហើមដៃ ឬជើង។ នេះក៏ព្រោះតែកម្រិតនៃជាតិសូដ្យូមក្នុងរាងកាយឡើងខ្ពស់ពេក ហើយការទទួលទានទឹកអាចបង្កការហើម ពិសេសនៅផ្នែកចុងៗនៃរាងកាយដូចជាដៃ ឬជើង។
៣. អាការៈចង្អោរចង់ក្អួត
នៅពេលទទួលទានទឹកច្រើនពេកនោះកោសិកាក្នុងខួរក្បាលអាចនឹងចាប់ផ្ដើមហើម ហើយបង្កើនសម្ពាធលើលលាដ៏ក្បាល។ ពីរក្នុងចំណោមរោគសញ្ដទៃទៀតដែលបញ្ជាក់ថាអ្នកបានទទួលទានទឹកច្រើនហួស គឺចង្អោរចង់ក្អួតនិងក្អួតតែម្ដង។
៤. រោគសញ្ញាមួយចំនួនផ្សេងទៀតនៃការទទួលទានទឹកច្រើនហួសតម្រូវការ
មួយក្នុងចំណោមអាការៈទូទៅបំផុតនៃការទទួលទានទឹកច្រើនលើសពេក គឺការឈឺក្បាល។ អ្នកក៏អាចជួបប្រទះអាការៈចង្អោរចង់ក្អួត ភ័ន្តភាំង និងស្មារតីមិននឹងនរ។ អាការៈធ្ងន់ធ្ងរមួយចំនួនទៀតរួមមានពិបាកដកដង្ហើម សម្ពាធឈាមឡើងខ្ពស់ និងងងុយគេងខ្លាំង។
៥. ងាយរមួលសាច់ដុំ
រាងកាយត្រូវការអេឡិចត្រូលីត្រដើម្បីរក្សាឈាម មុខងារនៃសាច់ដុំ និងអត្រាចង្វាក់បេះដូង។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានទឹកច្រើនពេកអាចបន្ថយបរិមាណអេឡិចត្រូលីត្រក្នុងរាងកាយគួរឱ្យកត់សម្គាល់។ នៅពេលកម្រិតអេឡិចត្រូលីត្រធ្លាក់ចុះទាប យើងងាយនឹងជួបប្រទះអាការៈរមួលសាច់ដុំឬបញ្ហាសាច់ដុំផ្សេងៗ៕