ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់បានឮទាក់ទងនឹងឃ្លាមួយដែលថា “សំណើច គឺជាថ្នាំដ៏ល្អបំផុតមួយ។” (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែថាតើការសើចអាចប៉ះពាល់យ៉ាងណាខ្លះទោះចំពោះសុខភាពរបស់ពួកយើង? វាហាក់បីដូចជាសំណើចជួយធ្វើអោយរបៀបនៃការរស់នៅកាន់តែមានភាពប្រសើរឡើងពោរពេញដោយភាពរីករាយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអត្ថប្រយោជន៍អស្ចារ្យនៃការសើចចំពោះសុខភាព ៖

១. រាងកាយនឹងចាប់ផ្ដើមបង្កើនការដុតបំផ្លាញកាឡូរី

ធ្លាប់ដឹងទេថាការស់ើចនឹងជួយឱ្យអ្នកអាចស្រកទម្ងន់បានកាន់តែច្រើន? នេះក៏ព្រោះតែការសើចផ្ដល់ភាពសកម្មរំញោចដល់សរីរាង្គក្នុងរាងកាយជាច្រើន ហើយមួយក្នុងចំណោមនោះ គឺសាច់ដុំ។ ខណៈពេលដែលអ្នកសើចសាច់ដុំពោះនឹងចាប់ផ្ដើមរីក ហើយកន្ត្រាក់ដែលស្រដៀងខ្លាំងណាស់ទៅនឹងពេលអ្នកធ្វើលំហាត់ប្រាណ។

២. សម្ពាធឈាមដែលឡើងខ្ពស់នឹងថយចុះ

ការសើចអាចជួយដល់សសៃឈាមនិងបង្កើនលំហូរឈាមដែលការពារអ្នកប្រឆាំងនឹងជំងឺបេះដូងផ្សេងៗ។ ចំពោះអ្នកខ្លះ ការសើចអាចជួយឱ្យសម្ពាធឈាមរបស់ពួកគេថយចុះ។

៣. កាត់បន្ថយស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍

បំបាត់អាការៈនៃភាពតានតឹងក្នុងអារម្មណ៍ជាមួយនឹងសំណើច គឺជាវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុតដែលអ្នកគួរសាកល្បង។ ការស្ត្រេសអាចបង្កជំងឺគួរឲ្យព្រួយបារម្ភជាច្រើនចាប់ពីជំងឺបេះដូងដល់បញ្ហានៃជំងឺផ្លូវចិត្ត។ ដូច្នេះចូរព្យាយាមសើចអោយបានច្រើន ខណៈដែលវានឹងជួយកាត់បន្ថយកម្រិតនៃអ័រម៉ូនស្ត្រេស ព្រមទាំងរក្សាការបូមឈាមនៃបេះដូង។

៤. កាត់បន្ថយបញ្ហាថប់បារម្ភនិងជំងឺធ្លាក់ទឹកចិត្ត (Depression)

នៅពេលថប់បារម្ភ ឬបាក់ទឹកចិត្តអ្វី ២ យ៉ាងដែលមនុស្សភាគច្រើនត្រូវការបំផុតនោះគឺអ្នកដែលស្រឡាញ់ពួកគេនិងសំណើច។ ការប្រយុទ្ធប្រឆាំងជំងឺធ្លាក់ទឹកចិត្តដោយការសើចជួយបង្កើនអារម្មណ៍ល្អនិងធ្វើអោយមុខងារនៃខួរក្បាលកាន់តែប្រសើរឡើង។ សំណើចត្រូវបានគេស្គាល់ថា​អាចជួយព្យាបាលជំងឺធ្លាក់ទឹកចិត្តនិងបញ្ហាថប់បារម្ភបានយ៉ាងមានប្រសិទ្ធិភាព។

៥. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង

នោះក៏ព្រោះតែការសើចធ្វើអោយសសៃឈាមរីកដែលអាចនាំឈាមហូរកាត់យ៉ាងស្រួល ហើយអ្នកនឹងចៀសផុតបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ខណៈដែលបញ្ហាសម្ពាធឈាមមិនប្រក្រតីជាមូលហេតុចម្បងនៃជំងឺបេះដូងនិងដាច់សសៃឈាមខួរក្បាល។ 

៦. ទប់ស្កាត់ជំងឺមហារីក

សំណើចជាថ្នាំដ៏ប្រសើរបំផុតមួយសម្រាប់អ្នកជំងឺមហារីកដែលស្ថិតក្រោមការព្យាបាលដោយគីមីដោយវាជួយកាត់បន្ថយការឈឺចាប់និងភាពទុទិដ្ឋិនិយម។ មន្ទីរពេទ្យខ្លះប្រើប្រាស់ការសើចជាវិធីព្យាបាលដើម្បីជម្រុញប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺអោយកាន់តែប្រសើរឡើង បង្កើនអារម្មណ៍ល្អ និងកាត់បន្ថយការឈឺចាប់។ សំណើចក៏អាចជួយបង្កើនបរិមាណនៃកោសិកាប្រឆាំងជំងឺមហារីកក្នុងរាងកាយផងដែរ។

៧. ជួយអោយគេងលក់បានស្កប់

អ្នកអាចទទួលបាននូវដំណេកដែលពោរពេញទៅដោយភាពស្ងប់និងមិនយល់សប្តិដោយគ្រាន់តែសើចអោយបានច្រើន។ យោងតាមការសិក្សាមួយដែលត្រូវបានធ្វើឡើងនៅក្នុងប្រទេសជប៉ុនអំពីទំនាក់ទំនងរវាងការសើចនិងការគេងបានបង្ហាញអោយដឹងថាអ្នកដែលសើចច្រើនកំឡុងពេលល្ងាច គឺទទួលបាននូវដំណេកមួយដ៏ស្ងប់ប្រសើរ។ ដូច្នេះដើម្បីអាចគេងលក់បានស្ងប់ ចូរមើលរឿងកំប្លែង ឬអានសៀវភៅកំប្លែងនៅមុនពេលគេង។

៨. កាត់បន្ថយការឈឺចាប់

ការសើចជួយបង្កើនអ័រម៉ូន endorphins ក្នុងរាងកាយ ហើយអ័រម៉ូននេះជាសារធាតុគីមីនៅក្នុងខួរក្បាលដើរតួជាថ្នាំបំបាត់ការឈឺចាប់និងធ្វើអោយមានអារម្មណ៍ល្អ។ ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាអ្នកដែលមានបញ្ហាឈឺចាប់រ៉ាំរ៉ៃប្រែជាជួបប្រទះការឈឺចាប់តិចតួចវិញនៅពេលទទួលការព្យាបាលតាមរយៈការសើច។

៩.​ អ្នកនឹងដកដង្ហើមបានកាន់តែស្រួល

ពួកយើងសុទ្ធតែដឹងហើយថាអុកស៊ីសែន គឺសំខាន់ណាស់សម្រាប់រាងកាយដើម្បីដំណើរការមុខងារបានត្រឹមត្រូវ។ ការដកដង្ហើមចូលបានជ្រៅៗអាចផ្ដល់ឱ្យរាងកាយនូវបរិមាណអុកស៊ីសែនកាន់តែប្រសើរ ហើយមួយក្នុងចំណោមវិធីផ្សេងទៀតដើម្បីធ្វើបែបនេះបាន គឺតាមរយៈការសើច។ នៅពេលសើច សួតនឹងបល ហើយអ្នកអាចដកដង្ហើមបានវែងៗដើម្បីផ្ដល់ឱ្យឈាមនូវបរិមាណអុកស៊ីសែនគ្រប់គ្រាន់តាមតម្រូវការ៕