គ្មាននរណាចង់ឱ្យសក់ខ្លួនឯងជ្រុះច្រើនមិនឈប់ឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើបញ្ហានេះបណ្ដាលមកពីអ្វីខ្លះទៅ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងទម្លាប់មួយចំនួនដែលអាចបង្កបញ្ហាជ្រុះសក់ ៖
១. រំលងម៉ោងអាហារ
មិនត្រឹមតែរាងកាយរបស់អ្នកប៉ុណ្ណោះទេដែលស្គម ប៉ុន្តែសក់ក៏ប្រែជាស្ដើងដូចគ្នាប្រសិនបើរាងកាយមិនរក្សាបាននូវកាឡូរីគ្រប់គ្រាន់! តើអ្នកដឹងទេថាឬសនៃសក់នឹងមិនអាចទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំ និងដំណើរការមុខងារបានត្រឹមត្រូវឡើយ នៅពេលអ្នកតមអាហារ? រាងកាយនឹងបញ្ជូនថាមពលនិងសារធាតុចិញ្ចឹមចាំបាច់ទៅមុខងារសំខាន់ៗដូចជាបេះដូង និងខួរក្បាលដោយមិនខ្វាយខ្វល់ដល់សក់ ព្រមទាំងស្បែកក្បាលឡើយ។ ដូច្នេះជំនួសឱ្យការរំលងមិនទទួលទានអាហារច្រើនព្រោះចង់ស្លីម ចូរជ្រើសរើសរបបអាហារមានសុខភាពល្អសម្បូរទៅដោយសារធាតុចិញ្ចឹមគ្រប់គ្រាន់ដែលសក់និងស្បែកក្បាលត្រូវការ។
២. ត្រូវកម្ដៅថ្ងៃច្រើនពេក
នៅពេលអ្នកចេញក្រៅ កាំរស្មីយូវីចាប់ផ្ដើមជះឥទ្ធិពលលើភាពបត់បែនរឹងមាំនៃសក់។ ការត្រូវក្ដៅយូរពេកមិនថាសូម្បីកម្ដៅថ្ងៃអាចធ្វើឱ្យសក់និងស្បែកក្បាលប្រែជាស្ងួត។ ជាលទ្ធផលសក់ប្រែជាផុយស្រួយនិងជ្រុះ។
៣. ការចងសក់តឹងៗពេក
ធ្លាប់ដឹងទេថាការលេងម៉ូដសក់ ឬការចងសក់តឹងៗពេកក៏អាចបណ្ដាលឱ្យសក់ជ្រុះផងដែរ? ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមលេងម៉ូដសក់ ឬចងសក់ធូរល្មមនិងមិនតឹងពេក។
៤. មិនសូវកក់សក់
ការកក់សក់ញឹកញាប់ពេកអាចជះផលប៉ះពាល់ដល់សក់គួរឱ្យបារម្ភ ប៉ុន្តែការមិនសូវកក់សក់ក៏អាចនាំឱ្យសក់ ព្រមទាំងស្បែកក្បាលមានបញ្ហាផងដែរ។ ប្រសិនបើអ្នកមិនបានកក់សក់ជាប្រចាំទេនោះភាពកខ្វក់ និងជាតិប្រេងត្រូវប្រមូលផ្ដុំជាប់លើស្បែកក្បាលដែលអាចនាំឱ្យស្ទះឬសនៃសក់។ ជាលទ្ធផលសក់នឹងពិបាកដុះលូតលាស់ ហើយប្រសិនបើមិនយកចិត្តទុកដាក់ទេនោះ សក់នឹងប្រែជាស្ដើងទៅៗ ព្រមទាំងជ្រុះ។
៥. អ្នកកក់សក់ញឹកញាប់ពេក
អ្នកមិនចាំបាច់ត្រូវកក់សម្អាតសក់រាល់ថ្ងៃឡើយ ត្រឹមតែពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ គឺគ្រប់គ្រាន់ណាស់ហើយដើម្បីកម្ចាត់ភាពកខ្វក់ពីសក់និងស្បែកក្បាល។ ទម្លាប់នេះក៏ជួយរក្សាសុខភាពសក់និងស្បែកក្បាលដោយមិនធ្វើឱ្យសក់ស្ងួត ហើយងាយទទួលរងការបំផ្លាញ។ ប្រសិនបើសក់របស់អ្នកឡើងប្រេងខ្លាំង ចូរប្រើប្រាស់រូបមន្តបែបធម្មជាតិ ឬសាកល្បងផលិតផលសាប៊ូស្ងួត។
៦. ការអេះក្បាលខ្លាំងៗ
អារម្មណ៍រមាស់លើស្បែកក្បាលអាចជាលទ្ធផលនៃការឆ្លងមេរោគផ្សិត ប្រតិកម្មអាឡែកស៊ី ឬការរលាកដែលបង្កគ្រោះថ្នាក់ដល់សក់ ហើយនាំឱ្យជ្រុះ។ ម្យ៉ាងវិញទៀតនៅពេលអ្នកចាប់ផ្ដើមអេះលើស្បែកក្បាល អ្នកកំពុងបំផ្លាញឬសនៃសក់ដែលជាមូលហេតុមួយនាំឱ្យសក់ជ្រុះផងដែរ។
៧. ងូតទឹកក្ដៅពេក
ការងូតទឹកក្ដៅមិនល្អសម្រាប់សក់ឡើយដោយវាអាចធ្វើឱ្យស្បែកក្បាលស្ងួត ហើយសក់ប្រាកដជាងាយនឹងជ្រុះជាមិនខាន។ សក់ក៏អាចប្រែជាស្ងួត ហើយបែកចុងដោយងាយព្រោះទឹកក្ដៅផងដែរ។ ដូច្នេះកុំងូតទឹកក្ដៅពេក!