មនុស្សជាច្រើនធ្វើដំណើរទៅកាន់តំបន់ផ្សេងៗនៃពិភពលោកសម្រាប់ការព្យាបាលវេជ្ជសាស្ត្រ។ ប៉ុន្តែ “ទេសចរណ៍វ៉ាក់សាំង” សម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាគំនិតថ្មីមួយ។
ទេសចរណ៍វ៉ាក់សាំងមានន័យថា ទៅលេងប្រទេស ឬរដ្ឋមួយផ្សេងទៀត ដើម្បីចាក់វ៉ាក់សាំង ដែលមិនមានសម្រាប់អ្នកនៅផ្ទះ។ ឥលូវនេះទេសចរណ៍វ៉ាក់សាំង សំដៅដល់វ៉ាក់សាំងកូវីដ-១៩ ដែលមានការផ្សព្វផ្សាយយឺតនៅតាមរដ្ឋជាច្រើនហើយមិនទាន់មាននៅទូទាំងពិភពលោកនៅឡើយ។
នៅសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀតដែលមានវ៉ាក់សាំងប្រជាជនមួយចំនួនកំពុងទទួលបានអាទិភាពដូចជាមនុស្សចាស់ និងបុគ្គលិកថែទាំសុខភាព។
ប៉ុន្តែមនុស្សមួយចំនួនដែលមិនស្ថិតក្នុងក្រុមទាំងនេះ ត្រូវបានគេរាយការណ៍ថាកំពុងតែធ្វើដំណើរទៅកន្លែងផ្សេង ដើម្បីទទួលការចាក់វ៉ាក់សាំង។
នៅក្នុងខែធ្នូ ទីភ្នាក់ងារទេសចរណ៍ឥណ្ឌា (ដែលអះអាងថាបង្កើតឃ្លាទេសចរណ៍វ៉ាក់សាំង) បានប្រាប់កាសែត ThePrint ថាពួកគេកំពុង “ចុះឈ្មោះជនជាតិឥណ្ឌា ដោយមានទិដ្ឋាការអាមេរិក១០ឆ្នាំត្រឹមត្រូវ” សម្រាប់កញ្ចប់វ៉ាក់សាំង COVID-១៩ របស់ពួកគេ ដោយការធ្វើដំណើររយៈពេល ៤ ថ្ងៃ ពីទីក្រុងបុមបៃទៅទីក្រុងញូវយ៉ក ដោយរួមបញ្ចូលទាំងការចាក់ថ្នាំការពារមេរោគផងដែរ។ ចុះតម្លៃ? បើតាម NBC News បានរាយការណ៍ថាប្រហែល ២.០០០ដុល្លារ។
ភ្នាក់ងារទេសចរណ៍ផ្សេងទៀត នៅក្នុងប្រទេសឥណ្ឌា បានបញ្ជាក់ប្រាប់ ThePrint ថាពួកគេកំពុង បង្កើតកញ្ចប់ដំណើរទេសចរណ៍ស្រដៀងគ្នាទៅនឹង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងរុស្ស៊ី ដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ៕