ភាគច្រើននៃពួកយើងប្រើប្រាស់ប្រេងអូលីវដើម្បីចម្អិនអាហារ ប៉ុន្តែថាតើអ្នកធ្លាប់ដឹងទេថាការទទួលទានប្រេងនេះ ១ស្លាបព្រារាល់ព្រឹកនៅពេលពោះទទេរមិនទាន់ញ៊ាំអ្វីផ្សេងអាចផ្ដល់អត្ថប្រយោជន៍ទ្វេដង? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ផលល្អៗនៃការទទួលទានប្រេងអូលីវមួយស្លាបព្រារាល់ព្រឹកមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានប្រេងអូលីវ ១ ស្លាបព្រាបាយរាល់ព្រឹក ៖

១. វាល្អសម្រាប់ស្បែក

ប្រេងអូលីវជាគ្រឿងផ្សំដ៏សំខាន់បំផុតមួយនៃផលិតផលថែរក្សាសម្រស់ភាគច្រើន ហើយវាក៏អាចផ្ដល់អត្ថប្រយោជន៍ដល់ស្បែកតាមរយៈការរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃផងដែរ។ វាជួយកាត់បន្ថយការឡើងក្រហមលើស្បែកមុខ ក៏ដូចជាការហើម ហើយទប់ស្កាត់ស្នាមជ្រីវជ្រួញផងដែរ។ បន្ថែមពីនេះប្រេងអូលីវមានផ្ទុកសម្បូរទៅដោយវីតាមីន E ដែលជួយរក្សាសំណើមនៃស្បែកទប់ស្កាត់បញ្ហាស្បែកស្ងួតបានយ៉ាងប្រសើរ។  ម្យ៉ាងវិញទៀតប្រេងអូលីវថែមទាំងមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីទៀតផង។

២. វាល្អសម្រាប់ខួរក្បាល

ការទទួលទានប្រេងអូលីវជាប្រចាំអាចជួយការពារកោសិកាខួរក្បាលនិងកាត់បន្ថយហានិភ័យនៃជំងឺវង្វេង (Alzheimer’s)បានយ៉ាងប្រសើរ។ អ្នកដែលបានរួមបញ្ចូលប្រេងអូលីវក្នុងរបបអាហារប្រចាំថ្ងៃមានការចងចាំល្អជាងអ្នកដែលប្រកាន់ខ្ជាប់នូវរបបអាហារដែលមានផ្ទុកជាតិខ្លាញ់ល្អទាប។

៣. វាជួយពង្រឹងសុខភាពឆ្អឹង

សារធាតុសំខាន់ៗក្នុងប្រេងអូលីវអាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់សម្រាប់អ្នកជំងឹរលាកសន្លាក់រ៉ាំរ៉ៃដោយវាជួយបន្ថយការឈឺចាប់និងការឡើងរឹងនៃសន្លាក់។

៤. វាជួយកាត់បន្ថយការរលាកក្នុងរាងកាយ

ការរួមបញ្ចូលប្រេងអូលីវនិងអាហារផ្សេងទៀតដែលមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៣ក្នុងរបបអាហារប្រចាំថ្ងៃអាចជួយកាត់បន្ថយការរលាកក្នុងរាងកាយគួរឱ្យកត់សម្គាល់។

៥. វាជួយគ្រប់គ្រងជាតិស្ករក្នុងឈាម

ប្រេងអូលីវសុទ្ធអាចជួយបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម។ វាការពាររាងកាយប្រឆាំងនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ និងកាត់បន្ថយហានិភ័យនៃជំងឺនេះ។

៦. កាត់បន្ថយហានិភ័យនៃជំងឺមហារីក

ប្រេងអូលីវមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម phytonutrients រួមបញ្ចូលទាំង squalene ដែលរារាំងការលូតលាស់នៃដុំសាច់មហារីក និងកម្ចាត់រ៉ាឌីកាល់សេរីជួយទប់ស្កាត់ជំងឺមហារីកបានយ៉ាងប្រសើរតាមរយៈការកាត់បន្ថយការរលាករ៊ាំរ៉ៃក្នុងរាងកាយ។ ដូច្នេះកុំភ្លេចរួមបញ្ចូលប្រេងអូលីវក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង