​ពន្លឺព្រះអាទិត្យ​ត្រូវបាន​គេ​ដឹង​ថា​បន្ថយ​សម្ពាធ​ឈាម ប៉ុន្តែ​ឥឡូវ ក្រុម​អ្នកស្រាវជ្រាវ​ជនជាតិ​អង់គ្លេស​បាន​បង្ហាញថា​ហេតុអ្វី​។​

​អ្វី​ដែល​ពួកគេ​បាន​រកឃើញ គឺថា អុកស៊ីត​នីទ្រិច ដែល​ត្រូវបាន​ស្តុក​ទុក​នៅ​ស្រទាប់​ខាងលើ​នៃ​ស្បែក​មាន​អំពើ​ទៅនឹង​ពន្លឺព្រះអាទិត្យ ហើយ​បណ្តាល​អោយ​សរសៃឈាម​រីក​នៅពេល​ដែល​អុកស៊ីត​ធ្វើ​ដំណើរ​នៅក្នុង​ចរន្ត​ឈាម​។ បន្ទាប់មក​, វា​បាន​បន្ថយ​សម្ពាធ​ឈាម​។​

​ម៉ា​ទីន ហ្វីលី​ស (Martin Feelisch) ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​វេជ្ជសាស្ត្រ ដែល​មកពី​សាកលវិទ្យាល័យ Southampton បាន​និយាយថា នេះ​គឺជា​ការស្រាវជ្រាវ​ដែល​មិន​ត្រូវបាន​រំពឹង​ទុក​ដែល​ថា ស្បែក​មិន​ត្រូវបាន​ចាត់ទុក​ថា​ត្រូវ​បាន​ទាក់ទង​ទៅ​នឹង​ការរក្សា​សម្ពាធ​ឈាម​នោះទេ​។​

Feelisch បាន​និយាយថា គាត់​គិតថា ប្រសិនបើ​ការស្រាវជ្រាវ​នេះ​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ទៅ​ថ្ងៃមុខ ថា​ការប៉ះពាល់​ទៅ​នឹង​ពន្លឺ​អ៊ុល​ត្រាវី​យូ​ឡេ អាច​ជួយ​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​នោះ​, វា​នឹង​ក្លាយជា​រឿង​ដែល​គួរអោយ​ចាប់អារម្មណ៍​។​

Feelisch បាន​បន្តថា ក្នុង​ចំនោម​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ធម្មតា​, ឥទ្ធិពល​នៃ​ពន្លឺ​អ៊ុល​ត្រាវី​យូ​ឡេ​គឺ​គ្រប់គ្រាន់​ក្នុង​ការបន្ថយ​សម្ពាធ​ឈាម​ពី​២ ទៅ​៥​មី​លី​ម៉ែត្រ​បារត​នោះ​។​

​គាត់​បាន​និយាយថា នេះ​គឺជា​ឥទ្ធិពល​តិចតួច​។ ប៉ុន្តែ​ប្រសិនបើ​អ្នកមើល​ម្តងទៀត​ពី​ការស្រាវជ្រាវ​នេះ​ក្នុង​ចំនោម​អ្នក​ដែល​មាន​ជំងឺលើសឈាម​, ខ្ញុំ​នឹង​ព្យាករណ៍​ថា អ្នកនឹង​ឃើញ​ពី​ការធ្លាក់ចុះ​បន្ថែម​។​

Feelisch បាន​និយាយថា ការ​ចៀសវាង​ពី​ការ​ត្រូវ​ពន្លឺ​ថ្ងៃ ឬ​ការប្រើ​ផលិតផល​ការពារ​ពន្លឺព្រះអាទិត្យ​ដោយសារ​ខ្លាច​ពី​ជំងឺ​មហារីក​ស្បែក​អាច​ជា​កត្តា​ហានិភ័យ​ថ្មី​នៃ​ជំងឺ​បេះដូង​។​

​ទោះជា​យ៉ាងណា​ក៏ដោយ​, គាត់​មិន​បាន​បង្ហាញថា អ្នក​គួរតែ​ត្រូវ​ពន្លឺ​ថ្ងៃ​ដើម្បី​ទទួលបាន​ក្តីសង្ឃឹម​ថា​នឹង​ថយ​ចុះ​សម្ពាធ​ឈាម​។ អ្វី​ដែល​គាត់​បាន​ណែនាំ​គឺ​ថា សូម​ចំណាយពេល​ក្នុង​បរិមាណ​មធ្យម​នៃ​ការ​ស្ថិតនៅ​ខាងក្រៅ​ផ្ទះ​។​

Feelisch បាន​និយាយថា មនុស្ស​កំពុង​តែ​ស្លាប់​ដោយសារ​ជំងឺ​មហារីក​ស្បែក ហើយ​ពន្លឺព្រះអាទិត្យ​គឺជា​កត្តា​ហានិភ័យ​ដែល​ត្រូវបាន​គេ​ស្គាល់​ដែល​ជម្រុញ​អោយមាន​ជំងឺមហារីក​ស្បែក​។​

Feelisch បាន​បន្តថា ការប៉ះពាល់​ខ្លាំងពេក​ទៅ​នឹង​ពន្លឺព្រះអាទិត្យ​ផ្តល់​នូវ​ហានិភ័យ​ក្នុង​ការវិវត្ត​ទៅជា​ជំងឺមហារីក​ស្បែក ប៉ុន្តែ​ការប៉ះពាល់​តិចពេក​នៃ​ពន្លឺព្រះអាទិត្យ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផងដែរ​។ ទោះជា​យ៉ាងណា​ក៏ដោយ​, គាត់​បាន​និយាយថា មនុស្ស​ជាច្រើន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​ជាង​ជំងឺមហារីក​។​

​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង Journal of Investigative Dermatology​។​

​វេជ្ជបណ្ឌិត ហ្គ្រេ​ក ហ្វូ​ណារ៉ូវ (Gregg Fonarow) ជា​ប្រធាន​ផ្នែក​ជំងឺ​បេះដូង​នៅ​សាកលវិទ្យាល័យ​កាលីហ្វ​ញ៉ា បាន​និយាយថា សម្ពាធ​ឈាម​ខ្ពស់​គឺ​ជា​កត្តា​ហានិភ័យ​ចំបង​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​តម្រង​នោម បន្ថែម​ទៅលើ​ជំងឺ​បេះដូង​នោះ​។​

​កម្រិត​សម្ពាធ​ឈាម​នោះ​គឺ​ខ្ពស់​អំឡុង​ពេល​រដូវរ​ងា ប៉ុន្តែ​ហេតុផល​ពីក្រោយ​ការសង្កេត​នេះ​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ​នោះទេ​។​

Fonarow បាន​និយាយថា ការស្រាវជ្រាវ​ថ្មី​នេះ​បាន​រកឃើញថា ការ​ត្រូវ​ពន្លឺព្រះអាទិត្យ​ទៅនឹង​ស្បែក​អាច​ផ្តល់អោយ​មាន​ការបញ្ចេញ​នូវ​អ៊ុក​ស៊ីត​នីទ្រិច និង​បាន​បន្ថយ​សម្ពាធ​ឈាម​, ដែល​នេះ​បង្ហាញថា វា​អាច​ដើរតួ​ក្នុង​ការសម្របសម្រួល​សម្ពាធ​ឈាម​ផង​ដែរ​។​

​ការស្រាវជ្រាវ​នៅ​ថ្ងៃក្រោយ​គឺ​ចាំបាច់​ដើម្បី​កំណត់​ពី​កម្រិត​ថា​តើ​កម្រិត​ប្រែប្រួល​នៃ​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ណា​ដែល​ដើរតួ​ក្នុង​ការរក្សា​សម្ពាធ​ឈាម និង​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​នោះ​។​

​ចំពោះ​ការស្រាវជ្រាវ​, ក្រុម​របស់ Feelisch បាន​ធ្វើ​ទៅលើ​មនុស្ស​២៤​នាក់​ដែល​មាន​សម្ពាធ​ឈាម​ធម្មតា​ប៉ះ​ទៅ​នឹង​ពន្លឺព្រះអាទិត្យ​ប្រហែលជា​៣០​នាទី​។​

​ពួកគេ​បាន​រកឃើញថា ការប៉ះពាល់​នោះ​ធ្វើអោយ​រីក​សរសៃឈា ដែល​បន្ថយ​សម្ពាធ​ឈាម និង​ធ្វើអោយ​ប្រែប្រួល​ដល់​កម្រិត​អ៊ុក​ស៊ីត​នីទ្រិច​នៅក្នុង​ឈាម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង