ដោយយោងតាមការស្រាវជ្រាវដ៏ធំមួយបានលើកឡើងថា មានការបង្ហាញតិចតួចដែលថ្នាំគ្រាប់វីតាមីន D បង្ហាញថាមានប្រយោជន៍ដល់សុខភាព និងការស្រាវជ្រាវដទៃទៀតហាក់ដូចជាមិនមានការប្រែប្រួលខុសគ្នានោះទេ។
អ្នកស្រាវជ្រាវបាននិយាយថា ថ្នាំគ្រាប់វីតាមីន D ត្រូវបានប្រើដោយជនជាតិអាមេរិកជិតពាក់កណ្តាល។
អ្នកស្រាវជ្រាវបានវិភាគលើការស្រាវជ្រាវ៤០ និងបានកំណត់ថា ការប្រើថ្នាំគ្រាប់វីតាមីន D មិនបន្ថយហានិភ័យនៃការគាំងបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺមហារីក និងការបាក់ឆ្អឹងចំពោះមនុស្សទូទៅនោះទេ។
វេជ្ជបណ្ឌិត ម៉ាក ប៊ូលេន (Mark Bolland) ដែលមកពីសាកលវិទ្យាល័យ Auckland បាននិយាយថា លទ្ធផលនេះបង្ហាញថា ថ្នាំគ្រាប់វីតាមីន D ហាក់ដូចជាផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពតិច។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុង The Lancet Diabetes & Endocrinology។
សាស្ត្រាចារ្យ ខាល មីឃើលសាន់ (Karl Michaelsson) ដែលមកពីសាកលវិទ្យាល័យ Uppsala បាននិយាយថា ប្រសិនបើមិនប្រើលើអ្នកដែលមានការខ្វះវីតាមីន D ទេនោះ, វាមានការព្រួយបារម្ភខ្លាំងថា ការប្រើថ្នាំគ្រាប់វីតាមីន D ពិតជាអាចបណ្តាលអោយប៉ះពាល់មែន។
ការស្រាវជ្រាវពីមុនបានបង្ហាញថា កង្វះវីតាមីន D ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចុះខ្សោយនៃសុខភាព និងឆាប់ស្លាប់មុនអាយុ។ ប៉ុន្តែការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា កម្រិតទាបនៃវីតាមីន D គឺជាលទ្ធផលដែលមិនបណ្តាល ឬធ្វើអោយចុះខ្សោយដល់សុខភាពនោះឡើយ៕