មិនមានប្រជាជនខ្មែរយើងច្រើនទេ ដែលដឹងអំពីការពិតថា ការថប់បារម្ភ គឺជាផ្នែកមួយនៃជំងឺផ្លូវចិត្ត ដែលកើតមានចំបងគេបំផុត។ ការរស់នៅជាមួយនឹងការថប់បារម្ភខុសធម្មតា អាចរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ និងសកម្មភាពប្រចាំថ្ងៃយើងបាន។ ប៉ុន្តែ អ្នកអាចកាត់បន្ថយ រោគសញ្ញាធ្ងន់ធ្ងររបស់វាបានតាមរយៈការបង្កើន របបអាហារដែលត្រឹមត្រូវ និងការញ៉ាំអាហារខាងក្រោមនេះ។
គ្រាប់ល្ពៅ
ការសិក្សាបានរកឃើញថា គ្រាប់ល្ពៅដើរតួនាទីជាថ្នាំព្យាបាលបែបធម្មជាតិ ដើម្បីកាត់បន្ថយរោគសញ្ញានៃការថប់បារម្ភ។ នេះដោយសារតែវា សម្បូរទៅដោយអាស៊ីតអាមីណេមួយ ឈ្មោះថា L-tryptophan ដែលអាចផ្លាស់ប្តូរ កម្រិតសារធាតុ Serotonin ក្នុងខួរក្បាល។ សារធាតុមួយនេះ គឺជាសារធាតុចម្លងសរសៃប្រសាទ ដែលមានតួនាទីរក្សាតុល្យភាពអារម្មណ៍។
ផ្លែអាល់ម៉ុន
គ្រាប់ផ្លែឈើមួយនេះ ជាប្រភពដ៏អស្ចារ្យមួយ នៃវីតាមីន E ស័ង្គសី ម៉ាញ៉េស្យូម និង B12 ដែលអាចជួយការពារប្រព័ន្ធភាពស៊ាំ ខណៈពេលកំពុងតែមានបញ្ហាស្ត្រេស និងថប់បារម្ភដែរ។ ចូរញ៉ាំផ្លែអាល់ម៉ុន បីទៅបួនគ្រាប់ជារៀងរាល់ថ្ងៃ ដើម្បីបន្ថយស្ត្រេស។
ក្រូច
កង្វះវីតាមីន C អាចធ្វើឲ្យអាការៈ ជំងឺថប់បារម្ភកាន់តែធ្ងន់ធ្ងរបាន។ តាមពិត ការសិក្សាបានរកឃើញថា អ្នកជំងឺដែលមានបញ្ហាថប់បារម្ភទូទៅ ឬ Generalized Anxiety មានការថយចុះនូវវីតាមីន A, C និង E ច្រើនជាងមនុស្ស មានសុខភាពល្អធម្មតា។ ដូច្នេះ របបអាហារអ្នក គួរតែបន្ថែមនូវផ្លែក្រូច ផ្លែគីវី ប៉េងប៉ោះ ប្រូខូលី និងប្រភពអាហាវីតាមីន C ផ្សេងៗទៀត។
អាហារសម្បូរជាតិម៉ាញ៉េស្យូម
កង្វះជាតិម៉ាញ៉េស្យូម ក៏អាចធ្វើឲ្យអ្នក ងាយនឹងមានបញ្ហាថប់បារម្ភបានដែរ ព្រោះសារធាតុរ៉ែមួយនេះនឹងជួយសម្រួលដល់ កម្រិតអ័រម៉ុន Cortisol ក្នុងខួរក្បាល។ Cortisol ជួយដោះស្រាយដល់ការថប់បារម្ភ ដូច្នេះ អ្នកនឹងមានភាពកាន់តែងាយស្រួល ចំពោះករណីថប់បារម្ភរបស់អ្នកវិញ បើសិនជារបបអាហារសម្បូរទៅដោយស្ពៃស្ពីណាច ចេក ផ្លែប័រ និងត្រី។
អាស៊ីតខ្លាញ់អូមេហ្គាបី
ការសិក្សាជាច្រើនបានរកឃើញថា ការញ៉ាំអាហារសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គាបី អាចជួយប្រឆាំងនឹងរោគសញ្ញា របស់អាការៈជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ។ អាហារដូចជា ត្រីសាលម៉ុង ស៊ុត និងសណ្តែកសៀង គឺជាប្រភពអាស៊ីតខ្លាញ់អូមេហ្គាបី បែបធម្មជាតិដ៏ល្អបំផុត៕
ពត៌មានប្រចាំថ្ងៃ ឧស្សាហ៍ថប់អារម្មណ៍ គួរតែព្យាយាមញ៉ាំអាហារទាំងនេះ