នរណាដែលមិនចង់បានបបូរមាត់ទន់រលោងពណ៌ស៊ីជំពូនោះ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នារីភាគច្រើនជួបប្រទះបញ្ហាបបូរមាត់ខ្មៅស្ងួតមិនគួរឱ្យទាក់ទាញដែលបណ្ដាលមកពីមូលហេតុផ្សេងៗ រួមទាំងការជក់បារី ពន្លឺព្រះអាទិត្យ កាហ្វេអ៊ីនជាដើម។ ប៉ុន្តែឈប់បារម្ភទៀតទៅ គ្មានអ្វីពិបាកឡើយ! អ្នកមិនចាំបាច់ខ្ជះខ្ជាយប្រាក់ទិញផលិតផលថ្លៃទេ ក៏ព្រោះរូបមន្តបែបធម្មជាតិអាចជួយអ្នកបាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីងាយៗសម្រាប់បបូរមាត់ទន់រលោងពណ៌ស៊ីជំពូ ៖

១. ក្រូចឆ្មារនិងស្ករស

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរោយស្ករសលើបន្ទះក្រូចឆ្មារស្ដើងមួយ រួចយកមកដុសថ្នមៗលើបបូរមាត់និងរងចាំសម្រាប់រយៈពេល ២ នាទី។បន្ទាប់មកលាងសម្អាតកោសិកាងាប់ៗចេញដោយប្រើទឹកក្ដៅឧណ្ហៗ។ អនុវត្តសារឡើងវិញសម្រាប់រយៈពេលពី ២ ទៅ ៣ សប្តាហ៍ ឬរហូតដល់អ្នកទទួលបានលទ្ធផលជាទីគាប់ចិត្ត។

២. ស្ករសនិងទឹកឃ្មុំ

ចូរលាយស្ករស ១ ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបម៉ាស្សាល្បាយលើបបូរមាត់ថ្នមៗសម្រាប់រយៈពេល ១ នាទី ហើយទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។

៣. ទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកឃ្មុំលើបបូរមាត់មុនពេលចូលគេងជាការស្រេច។ អ្នកក៏អាចលាយទឹកឃ្មុំជាមួយយ៉ាអួរនិងម្សៅ (សម្រាប់យកមកធ្វើអាហារផ្សេងៗ) ចូលគ្នាឱ្យក្លាយជាល្បាយខាប់ៗ បន្ទាប់មកលាបល្បាយលើបបូរមាត់និងរងចាំសម្រាប់រយៈពេលប្រហែលពី ៣០ ទៅ ៤០ នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តម្ដងក្នុងមួយថ្ងៃ រហូតទទួលបានលទ្ធផលប្រសើរ។

៤. មើមឆៃថាវក្រហម

អ្នកអាចលាបទឹកមើមឆៃថាវក្រហមលើបបូរមាត់មុនពេលចូលគេង និងលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗនៅព្រឹកបន្ទាប់។ អ្នកក៏អាចលាយទឹកមើមឆៃថាវក្រហមជាមួយទឹកការ៉ុតស្រស់ រួចលាបម៉ាស្សាលើបបូរមាត់ដោយប្រើច្រាសដុសធ្មេញ។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តម្ដងក្នុងមួយថ្ងៃ។

៥. ត្រសក់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់បន្ទះត្រសក់ដុសថ្នមៗលើបបូរមាត់។ អ្នកអាចប្រើប្រាស់ទឹកត្រសក់ស្រស់លាបលើបបូរមាត់ និងរងចាំសម្រាប់រយៈពេល ៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុ​វត្តឱ្យបាន ២​ដងក្នុងមួយថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង