ការស្រាវជ្រាវថ្មីបានបង្ហាញថា ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត venlafaxine គឺមានប្រសិទ្ធភាពដូចទៅនឹងការព្យាបាលដោយអរម៉ូនអ៊ឹស្ត្រូសែនដែរក្នុងការបន្ថយអាការៈក្តៅ និងបែកញើសយប់ដែលទាក់ទងទៅនឹងការអស់រដូវ។
ដោយយោងតាមអ្នកស្រាវជ្រាវ, ការព្យាបាលដោយអរម៉ូនអ៊ឹស្ត្រូសែនត្រូវបានគេចាត់ទុកថាជាការព្យាបាលស្តង់ដារសម្រាប់បញ្ហាក្តៅ និងបែកញើសយប់ ប៉ុន្តែវាត្រូវបានគេប្រើប្រាស់ក្នុងកម្រិតមួយទាបបំផុតដោយសារតែហានិភ័យដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការព្យាបាលនោះ។ ហានិភ័យរួមមានបញ្ហាកំណកឈាម និងការកើនឡើងហានិភ័យនៃការព្យាបាលនៃជំងឺមហារីកមួយចំនួន។
ការស្រាវជ្រាវថ្មីរបស់យើងបានផ្តល់នូវទិន្នន័យសំខាន់សម្រាប់គ្រូពេទ្យ និងស្ត្រិដែលកំពុងធ្វើការសម្រេចចិត្តក្នុងការព្យាបាលសម្រាប់បញ្ហាក្តៅ និងបែកញើសយប់នោះ។ វេជ្ជបណ្ឌិត ហាឌីន ជូហ្វ (Hadine Joffe) បាននិយាយថា ការស្រាវជ្រាវរបស់យើងបានបង្ហាញថា ការព្យាបាលដោយថ្នាំដែលមិនមែនជាអរម៉ូន ឬជាអរម៉ូនក្តីគឺមានសភាពថេរល្អ និងជាជម្រើសដែលមានប្រសិទ្ធភាពសម្រាប់បន្ថយរោគសញ្ញា។
Joffe បានសម្គាល់ឃើញថា ការក្តៅ និងការបែកញើសយប់ ប៉ះពាល់លើស្ត្រីជាង៨០%ក្នុងវ័យកណ្តាលរបស់ពួកគេ និងជារោគសញ្ញាដំបូងដែលទាក់ទងទៅនឹងការអស់រដូវដែលនាំអោយស្ត្រីអស់រដូវនោះស្វែងរកការព្យាបាល។
ការស្រាវជ្រាវបានមើលទៅលើស្ត្រីជិត៣៥០នាក់ ដែលកំពុងតែឈានចូលអស់រដូវ ឬក៏អស់រដូវហើយ។ គ្រប់ស្ត្រីទាំងអស់មានការក្តៅ និងបែកញើសយប់។ ពួកគេក៏ត្រូវបានគេជ្រើសរើសអោយទទួលការព្យាបាលដោយថ្នាំអ៊ឹស្ត្រូសែនក្នុងកម្រិតទាប, ថ្នាំ venlafaxine hydrochloride ក្នុងកម្រិតទាប ឬប្រើ placebo។
ក្រោយ៨សប្តាហ៍, ការក្តៅ និងការបែកញើសយប់បានថយចុះដល់៥៣%ក្នុងចំនោមស្ត្រីដែលទទួលការព្យាបាលដោយអរម៉ូនអ៊ឹស្ត្រូសែន។ ចំពោះស្ត្រីដែលប្រើ venlafaxineរោគសញ្ញាទាំងនោះបានធ្លាក់មកនៅត្រឹម៤៨%។ ជិត២៩%នៃការប្រើ placebo ក៏មានការប្រសើរឡើងនូវរោគសញ្ញាផងដែរ។
បើធៀបទៅនឹង placebo, ការព្យាបាលដោយអរម៉ូនអ៊ឹស្ត្រូសែនបានបន្ថយចំនួននៃការក្តៅ ឬបែកញើសយប់ដល់ទៅជាមធ្យម២,៣ក្នុងមួយថ្ងៃ។ ថ្នាំ venlafaxine បានបន្ថយចំនួននៃរោគសញ្ញាដល់ទៅ១,៨ក្នុងមួយថ្ងៃ, នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត JAMA Internal Medicine។
ការស្រាវជ្រាវនេះគឺជាការស្រាវជ្រាវដំបូងដើម្បីប្រៀបធៀបការព្យាបាលដោយអរម៉ូនអ៊ឹស្ត្រូសែន និងការព្យាបាលដោយមិនប្រើអរម៉ូន ហើយបានបង្ហាញថា ថ្នាំ venlafaxine ជាថ្នាំដែលមានប្រសិទ្ធភាពដទៃទៀតដូចទៅនឹងការព្យាបាលដោយអរម៉ូនផងដែរ៕