ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ការទទួលទានបន្លែ និងផ្លែឈើច្រើនជាងអាហារដទៃ គឺល្អប្រសើរណាស់ចំពោះសុខភាព ខណៈដែលបន្លែផ្លែឈើជាប្រភពដ៏អស្ចារ្យនៃវីតាមីន, ជាតិរ៉ែ រួមទាំងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនទៀតដែលរាងកាយត្រូវការ។ ទោះជាយ៉ាងណា អ្នកជំនាញផ្នែកសុខភាពជាច្រើនបានធ្វើការណែនាំឲ្យអ្នកទទួលទានបន្លែ និងផ្លែឈើដែលមានពណ៌ស្វាយកាន់តែច្រើន ក៏ព្រោះវាមានផ្ទុកនូវអត្ថប្រយោជន៍ចំពោះសុខភាពកាន់តែប្រសើរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលចំពោះសុខភាពដែលអ្នកអាចទទួល បន្ទាប់ពីទទួលទានបន្លែផ្លែឈើពណ៌ស្វាយ ៖
១. ពន្យឺតភាពចាស់តាមវ័យ
បន្លែ និងផ្លែឈើពណ៌ស្វាយ គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយពន្យឺតដំណើរការនៃភាពចាស់តាមវ័យ។ ដូច្នេះប្រសិនបើអ្នកចង់ទទួលបានសម្រស់មើលទៅក្មេងជាងវ័យ អ្នកគួរទទួលទានអាហារដែលមានពណ៌ស្វាយឲ្យបានច្រើន ក៏ព្រោះកម្រិតនៃសារធាតុប្រឆាំងអុកស៊ីតកម្មរបស់ផ្លែឈើ និងបន្លែប្រភេទនេះ គឺខ្ពស់ជាងបន្លែផ្លែឈើពណ៍ផ្សេងៗ។ ត្រូវចាំថា ពណ៌របស់បន្លែផ្លែឈើកាន់តែចាស់ ឬដិតប៉ុណ្ណា សារធាតុប្រឆាំងដែលវាមានផ្ទុក គឺច្រើនប៉ុននោះដែរ។
២. គ្រប់គ្រងសម្ពាធឈាម
អាហារដូចជា ផ្លែព្រូន, ផ្លែត្រប់, ទំពាំងបាយជូរ និងស្ពៃក្ដោបពណ៌ស្វាយ អាចជួយក្នុងការគ្រប់គ្រងកម្រិតនៃសម្ពាធឈាមរបស់អ្នកបានយ៉ាងប្រសើរ ដោយសារបន្លែផ្លែឈើទាំងនេះមានផ្ទុកនូវសារធាតុ flavonoids។ នេះមានន័យថា ហានិភ័យនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់នឹងត្រូវកាត់បន្ថយ រួមជាមួយបញ្ហាផ្សេងៗនៃបេះដូងផងដែរ។ លើសពីនេះទៅទៀតនោះ គឺការទទួលទានអាហារពណ៌ស្វាយអាចជួយបង្ការជំងឺមហារីកមួយចំនួនផងដែរ។
៣. ទប់ស្កាត់ការឆ្លងមេរោគផ្លូវបង្ហូរនោម
អត្ថប្រយោជន៍ផ្សេងទៀតដែលអ្នកអាចទទួលបានពីការទទួលទានអាហារពណ៌ស្វាយ គឺការទប់ស្កាត់បញ្ហាឆ្លងមេរោគតាមផ្លូវបង្ហូរនោមមិនឲ្យកើតមានឡើង។ នេះ គឺដោយសារតែសារធាតុ
anthocyanins ដែលមានវត្តមានក្នុងអាហារពណ៌ស្វាយ បង្ការបាក់តេរីដូចជា E.coli មិនឲ្យតោងជាប់នឹងជញ្ចាំងនៃបំពង់បង្ហូរនោម។ អ្នកកាន់តែទទួលទានអាហារពណ៌ស្វាយច្រើនប៉ុណ្ណា ភាគរយសុវត្ថិភាពជៀសឆ្ងាយពីបញ្ហាទាក់ទងនឹងផ្លូវបង្ហូរនោមកាន់តែច្រើនប៉ុននោះ។
៤. ល្អសម្រាប់សុខភាពបេះដូង
វាជាការសំខាន់ដែលអ្នកត្រូវរក្សាឲ្យបាននូវសុខភាពបេះដូងល្អគ្រប់ពេល ដើម្បីទប់ស្កាត់បញ្ហានៃជំងឺបេះដូងផ្សេងៗ។ ហើយវិធីដ៏ល្អដើម្បីរក្សាបាននូវសុខភាពបេះដូងនោះ គឺការបន្ថែមបន្លែផ្លែឈើពណ៌ស្វាយចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ សារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុ anthocyanins ដែលមានវត្តមានក្នុងអាហារពណ៌ស្វាយ អាចជួយធានាបានថាបេះដូងរបស់អ្នកស្ថិតក្នុងស្ថានភាពដ៏ល្អប្រសើរបំផុតមួយគ្រប់ពេល។
៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ
តើអ្វីទៀតទៅដែលអ្នកអាចទទួលបានពីការទទួលទានអាហារដែលមានពណ៌ស្វាយ? ចម្លើយនោះ គឺការកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ ដោយសារធាតុ anthocyanins ដែលមានវត្តមានក្នុងបន្លែផ្លែឈើពណ៌ស្វាយផ្ដល់ឥទ្ធិពលយ៉ាងខ្លាំងក្លាប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកប្រភេទនេះ៕