ក្រៅពីផ្ដល់ផលល្អៗចំពោះសុខភាពរាងកាយហើយនោះ តែមួយចំនួនក៏មានអត្ថប្រយោជន៍ណាស់ដែរសម្រាប់ភាពភ្លឺថ្លាទន់រលោងនៃស្បែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើតែទាំងនោះមានអ្វីខ្លះ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃតែដែលជួយឱ្យស្បែកស្រស់ស្អាតបែបធម្មជាតិ ៖
១. តែផ្កា Chamomile
មានប្រសិទ្ធភាពជួយឱ្យឆាប់គេងលក់បានស្កប់ដែលចាំបាច់ដើម្បីសុខភាពស្បែក ក៏ដូចជារាងកាយទាំងមូល។ ម្យ៉ាងវិញទៀតក្រៅពីទទួលទានហើយនោះ អ្នកអាចប្រើប្រាស់តែផ្កា Chamomile ដើម្បីដោះស្រាយបញ្ហាស្នាមរង្វង់ខ្មៅក្រោមភ្នែកបានយ៉ាងប្រសើរដោយគ្រាន់តែស្អំកញ្ចប់តែផ្កា Chamomile លើភ្នែកដែលបិទសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។
២. តែស
ជម្រើសដ៏ល្អបំផុតមួយទៀតនៃភេសជ្ជៈដែលនឹងជួយរក្សាស្បែកស្រស់ស្អាតក្មេងជាងវ័យ គឺតែស។ បើប្រៀបធៀបនឹងតែប្រភេទផ្សេងទៀត តែស គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយជួសជុលស្បែកឡើងវិញ ព្រមទាំងការពារកូឡាជែនផងដែរ។ ការទទួលទានតែសអាចពន្យឺតដំណើរនៃភាពចាស់តាមវ័យរបស់ស្បែកគួរឱ្យកត់សម្គាល់។
៣. តែខ្មៅ
មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីក្នុងរាងកាយ ព្រមទាំងពន្យឺតដំណើរការនៃភាពចាស់តាមវ័យរបស់ស្បែក។ តែខ្មៅក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយទប់ស្កាត់វីរុសដែលអាចបង្កផលប៉ះពាល់ដល់ស្បែក។ ក្រៅពីទទួលទានអ្នកក៏អាចប្រើប្រាស់តែខ្មៅលាងសម្អាតផ្ទាល់លើស្បែក។ តែខ្មៅក៏ប្រសើរសម្រាប់ព្យាបាលការរលាកស្បែកដោយសារកម្ដៅថ្ងៃ, អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាំទឹកក្ដៅ ២ ពែងរួចឆុងតែខ្មៅ ៤ កញ្ចប់តូចៗក្នុងទឹកនេះសម្រាប់រយៈពេល ១ ម៉ោង សឹមទុកឱ្យចុះត្រជាក់។ បន្ទាប់មកប្រើប្រាស់ក្រណាត់ស្អាតមួយត្រាំ ឬជ្រលក់ក្នុងទឹកតែ ហើយស្អំលើស្បែកដែលទទួលរងផលប៉ះពាល់សម្រាប់រយៈពេល ១៥ នាទី។
៤. តែផ្កាម្លិះ
មិនត្រឹមតែមានក្លិនក្រអូបឈ្ងុយប៉ុណ្ណោះទេ ប៉ុន្តែភេសជ្ជៈនេះថែមទៀតមានលក្ខណៈសម្បត្តិប្រឆាំងវីរុសបាក់តេរីផងដែរ។ ការទទួលទានតែនេះជួយពង្រឹងការពារប្រព័ន្ធភាពស៊ាំរាងកាយ បន្ថយសញ្ញានៃភាពចាស់តាមវ័យ ទប់ស្កាត់បញ្ហាស្បែកផ្សេងៗដូចជារោគមុន ហើយថែមទាំងអាចកាត់បន្ថយការផលិតជាតិប្រេង ឬខ្លាញ់លើសទៀតផង។
៥. តែបៃតង
តែបៃតងអាចជួយការពារស្បែកប្រឆាំងការបំផ្លាញពីសំណាក់ពន្លឺព្រះអាទិត្យ។ ជាលទ្ធផលស្បែកមិនងាយនឹងជ្រីវជ្រួញ មានស្នាមខ្សែ និងសូម្បីតែចៀសផុតពីបញ្ហាស្បែកផ្សេងៗទៀត។ សារធាតុ catechins ក្នុងតែបៃតង គឺល្អណាស់សម្រាប់រក្សាសុខភាពស្បែក។
៦. តែខ្ញី
មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលល្អសម្រាប់ការរំលាយអាហារនិងសុខភាពស្បែក។ គួរបញ្ជាក់ផងដែរថាប្រព័ន្ធរំលាយអាហារមិនល្អ ក៏ជះឥទ្ធិពលដល់ស្ថានភាពស្បែកគួរឱ្យកត់សម្គាល់៕