កូឡេស្តេរ៉ុល គឺជាសារធាតុមួយ ដែលអាចបញ្ជាក់អំពី សុខភាពរបស់មនុស្សយើងបាន។ ដោយយោងទៅតាម សមាគមន៍ជំងឺបេះដូងអាមេរិច (American Heart Association) កូឡេស្តេរ៉ុល គឺជាសារធាតុខ្លាញ់មួយប្រភេទ ដែលរាងកាយយើង អាចផលិតបានដោយខ្លួនឯងផង និងយកចេញពីចំណីអាហារផង។ ថ្លើម មានតួនាទីផលិតកូឡេស្តេរ៉ុលបាន ហើយអាហារដូចជា សាច់សត្វ សាច់មាន់ និងអាហារធ្វើពីទឹកដោះគោ សុទ្ធតែផ្តល់ជាកូឡេស្តេរ៉ុល ដល់រាងកាយបានទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ ថ្លើមនឹងផលិតកូឡេស្តេរ៉ុល កាន់តែច្រើនបើសិនជារបបអាហាររបស់យើង មានសារធាតុខ្លាញ់ Saturated និង Trans Fats ខ្ពស់។
កូឡេស្តេរ៉ុលមានពីរប្រភេទគឺ កូឡេស្តេរ៉ុលល្អ HDL និងកូឡេស្តេរ៉ុលអាក្រក់ LDL។ កូឡេស្តេរ៉ុលអាក្រក់នេះហើយ ជាអ្នកធ្វើឲ្យប្រឈមខ្ពស់ នឹងជំងឺលើសសម្ពាធឈាម គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
តើយើងអាចកាត់បន្ថយ ចំនួនកូឡេស្តេរ៉ុលអាក្រក់ក្នុងរាងកាយ បានយ៉ាងដូចម្តេចទៅ?
បន្ថយការញ៉ាំអាហារសម្បូរខ្លាញ់ Saturated, Trans Fat
មនុសម្នាក់អាចបញ្ចុះ កូឡេស្តេរ៉ុលអាក្រក់ក្នុងខ្លួនបាន តាមរយៈការកាត់បន្ថយ ការញ៉ាំអាហារទាំងឡាយណា ដែលសម្បូរខ្លាញ់ Saturated និង Trans Fat។ មានន័យថាអាហារទាំងនោះមានដូចជា សាច់ក្រហមមានខ្លាញ់ ប័រ ទឹកដោះគោមានជាតិខ្លាញ់ គួរតែញ៉ាំក្នុងកម្រិតមធ្យមបានហើយ។ ផ្ទុយទៅវិញ អ្នកគួរតែញ៉ាំអាហារណា ដែលសំបូរខ្លាញ់អូមេហ្គាបីវិញដូចជា ត្រីសាលម៉ុន ត្រីធូណា ឬត្រីសាឌីនជាដើម។
ការញ៉ាំសូកូឡា និងតែ
សូកូឡា ត្រូវបានគេរកឃើញថា មានអង់ទីអុកស៊ីដង់ច្រើន ដែលអាចជំរុញដល់ការផលិតកូឡេស្តេរ៉ុលល្អក្នុងខ្លួនបាន។ តាមការសិក្សារកឃើញថា អ្នកដែលញ៉ាំម្សៅកូកូអា (Cocoa) បានបង្កើនកូឡេស្តេរ៉ុលល្អ រហូតដល់ ២៤ ភាគរយក្នុងរយៈពេល ១២ សប្តាហ៍ ខណៈពេលដែលអ្នកមិនញ៉ាំវា កើនឡើងតែប្រាំភាគរយប៉ុណ្ណោះ។ សូកូឡា ដែលធ្វើឡើងដោយមិនមានទឹកដោះគោ អាចជួយបង្ការការកកកុញប្លាកែត និងកំណកឈាមក្នុងសរសៃឈាមបាន។ ជាមួយគ្នានេះដែរ តែក៏ត្រូវបានគេស្គាល់ថា មានសមត្ថភាពជំរុញដល់ការរំលាយអាហារ និងប្រឆាំងជំងឺមហារីកដែរ។ ការសិក្សាបានបង្ហាញថា តែខ្មៅ ជួយកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងឈាមរហូតដល់ ១០ ភាគរយក្នុងរយៈពេល ៣ សប្តាហ៍។ អ្នកស្រាវជ្រាវក៏បានសន្និដ្ឋានថា តែប្រហែលជាជួយបន្ថយ ការប្រឈមនឹងជំងឺសរសៃឈាមបេះដូងទៀត។
សម្រកទម្ងន់
ដោយយោងទៅតាមគេហទំព័រ Web MD បានឲ្យដឹងថា ការសម្រកទម្ងន់ ៤,៥ គីឡូគ្រាម មានន័យថា អ្នកនឹងអាចបន្ថយកូឡេស្តេរ៉ុលអាក្រក់បាន ៨ ភាគរយដែរ។ តាមការសិក្សាបញ្ជាក់ថា យកល្អ គួរតែសម្រកទម្ងន់ពី ០,៥ ទៅ ១ គីឡូក្រាម ក្នុងរយៈពេលមួយសប្តាហ៍ ក្នុងមធ្យោបាយ ដែលផ្តល់សុខភាព និងសុវត្ថិភាពគ្រប់រូបភាពទាំងអស់។
ពត៌មានប្រចាំថ្ងៃ ៣ យ៉ាង ដើម្បី...
៣ យ៉ាង ដើម្បីបញ្ចុះកូឡេស្តេរ៉ុលដោយខ្លួនឯង
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855