ការសម្អាតបន្សាបជាតិពុលពីក្នុងរាងកាយ គឺចាំបាច់ណាស់ប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពល្អប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើគួរធ្វើយ៉ាងណាទើបអាចកម្ចាត់ជាតិពុលបានយ៉ាងងាយ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗសម្អាតបន្សាបជាតិពុលក្នុងរាងកាយតាមបែបធម្មជាតិជាមួយអាហារ ៖
១. ផ្លែបឺរសម្រាប់កម្ចាត់ជាតិពុលនិងសារធាតុគីមីពីក្នុងថ្លើម
ជាប្រភពដ៏ប្រសើរនៃសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោមនិងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំ។ បន្ថែមពីនេះសម្រាប់អ្នកដែលមានបញ្ហាលើសសម្ពាធឈាម ផ្លែឈើនេះក៏អាចជួយបញ្ចុះសម្ពាធឈាម ព្រមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងជំងឺដាច់សសៃឈាមខួរក្បាល។
២. ផ្លែម្នាស់ជួយកម្ចាត់កូឡេស្តេរ៉ូល
ផ្លែឈើមានផ្ទុកសារធាតុ bromelain ដែលជួយរាងកាយបំបែកនិងរំលាយប្រូតេអ៊ីន។ ការទទួលទានផ្លែម្នាស់ក៏បង្កើនប្រសិទ្ធភាពក្នុងការបំបែកកូឡេស្តេរ៉ូលមិនល្អនិងកម្ចាត់វាចេញពីរាងកាយផងដែរ។ សារធាតុ Bromelain ក៏ជួយពង្រាវឈាមនិងបំបែកកំណកឈាមគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាអ្នកគួរជ្រើសរើសទទួលទានផ្លែម្នាស់ស្រស់ ឬទឹកម្នាស់ស្រស់ទើបប្រសើរ។
៣. ផ្លែប៉ោម
ផ្លែប៉ោមប្រសើរណាស់សម្រាប់សុខភាពរាងកាយទាំងមូល រួមទាំងពោះវៀនដោយវាមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗ និងវីតាមីន C ដែលសារធាតុប្រឆាំងអុកស៊ីតកម្មជួយកម្ចាត់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញធ្វើឱ្យមុខងារពោះវៀនកាន់តែប្រសើរឡើង។ ផ្លែឈើនេះក៏ជាប្រភពដ៏ល្អនៃជាតិទឹកនិងជាតិសសៃដែលចាំបាច់សម្រាប់ការស្រកទម្ងន់។ ការទទួលទានផ្លែប៉ោមក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងជំងឺដាច់សសៃឈាមក្នុងខួរក្បាលផងដែរ។
៤. ក្រូចថ្លុង
ផ្លែក្រូចថ្លុងមានផ្ទុកសារធាតុ nootkatones ដែលជួយបង្កើនការដុតរំលាយអាហារក្នុងរាងកាយនិងជម្រុញការស្រកទម្ងន់។ ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយឱ្យឆ្អែតបានយូរ និងរក្សាតុល្យភាពនៃកម្រិតជាតិស្ករក្នុងឈាម។ ដើម្បីបន្សាបជាតិពុលក្នុងរាងកាយ ចូរព្យាយាមទទួលទានផ្លែក្រូចថ្លុងម្ខាងរាល់ពេលអាហារសម្រាប់រយៈពេល ១ សប្តាហ៍។
៥. ខ្ទឹមស
ក្រៅពីបង្កើនរសជាតិនិងក្លិនឈ្ងុយដល់អាហារហើយនោះ ខ្ទឹមសក៏មានប្រសិទ្ធភាពកម្ចាត់ពពួកប៉ារ៉ាស៊ីត បាក់តេរី និងវីរុសផ្សេងទៀតពីក្នុងរាងកាយផងដែរ។ ខ្ទឹមសថែមទាំងមានផ្ទុកនូវសារធាតុសេលេញ៉ូមដែលមានអត្ថប្រយោជន៍ណាស់ សម្រាប់ការបន្សាបជាតិពុល ហើយវាក៏ជួយបំពេញនូវកង្វះនៃសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលចាំបាច់ចំពោះសុខភាពរាងកាយទៀតផង។
៦. ខ្ញី
ខ្ញីក៏ជួយកម្ចាត់កាកសំណល់ ក៏ដូចជាជាតិពុលផ្សេងៗចេញពីក្នុងរាងកាយបានយ៉ាងប្រសើរផងដែរ។ មិនត្រឹមតែជួយលាងសម្អាតក្នុងរាងកាយកម្ចាត់ជាតិពុលប៉ុណ្ណោះទេ ប៉ុន្តែខ្ញីក៏ជួយព្យាបាលការរលាកផ្សេងៗក្នុងរាងកាយផងដែរតាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាក និងសារធាតុ Gingerols ដែលវាមានផ្ទុក។