អ្នកត្រៀម ឬបម្រុងនឹងកើតជំងឺទឹកនោមផ្អែមត្រូវប្រយ័ត្នណាស់ដើម្បីអាចចៀសផុតពីការវិវត្តន៍ទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២។ គួរធ្វើបែបណាទៅ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបង្ការការឈានចូលទៅជាជំងឺទឹកនោមផ្អែមប្រភេទទី ២ ៖

១. រួមបញ្ចូលអាហារប្រូបាយអូទិកក្នុងរបបអាហារប្រចាំថ្ងៃ

រួមមានយ៉ាអួរ និងគីមឈីជាដើមសុទ្ធតែមានផ្ទុកសារធាតុប្រូបាយអូទិកដែលល្អសម្រាប់សុខភាពពោះវៀន។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺសុខភាពពោះវៀនមិនល្អបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២។ វេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថាសុខភាពពោះវៀនល្អដោយសារវត្តមាននៃប្រូបាយអូទិកអាចជួយទប់ស្កាត់ហានិភ័យនៃបញ្ហាសុខភាពបានជាច្រើន។ មួយក្នុងចំណោមនោះ គឺការរលាកដែលផ្សារភ្ជាប់នឹងជំងឺទឹកនោមផ្អែមប្រភេទទី ២។

២. សម្រកទម្ងន់ដែលលើស

ប្រសិនបើអ្នកធាត់ជ្រុល ឬលើសទម្ងន់ នោះអ្នកចាំបាច់ត្រូវព្យាយាមសម្រកទម្ងន់ចេញខ្លះទើបប្រសើរ។ នេះក៏ព្រោះតែការធាត់លើសទម្ងន់ជាកត្តាចម្បងមួយដែលបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ហើយពិតជាគ្រោះថ្នាក់ណាស់សម្រាប់អ្នកដែលមានកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ត្រៀមនឹងកើតជំងឺទឹកនោមផ្អែម។

៣. រក្សាភាពសកម្មនៃរាងកាយ ឬធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

ភាពសកម្មនៃរាងកាយអាចកម្ចាត់ជាតិស្ករដែលលើសចេញពីក្នុងលំហូរឈាម។ ម្យ៉ាងវិញទៀតការធ្វើលំហាត់ប្រាណ ឬសកម្មភាពរាងកាយទៀងទាត់ថែមទាំងជួយសម្រកទម្ងន់ដែលលើសទៀតផង។ អ្នកមិនចាំបាច់តែធ្វើសកម្មភាពរាងកាយ ឬធ្វើលំហាត់ប្រាណខ្លាំងក្លាឡើយ ត្រឹមតែការដើរ រត់ ឬជិះកង់ គឺអាចប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមបានហើយ។ សកម្មភាពរាងកាយជួយឱ្យកម្រិតនៃជាតិស្ករក្នុងឈាមមានតុល្យភាពដែលនេះជាមូលហេតុដែលអ្នកគួរព្យាយាមធ្វើលំហាត់ប្រាណជាប្រចាំដើម្បីចៀសផុត ឬកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។ ទោះជាយ៉ាងណាអ្នកក៏អាចពិគ្រោះជាមួយគ្រូពេទ្យជំនាញអំពីប្រភេទនៃលំហាត់ប្រាណដែលសាកសមសម្រាប់អ្នក។

៤. គ្រប់គ្រងស្ត្រេស

ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសសឹងតែគ្រប់ពេល គឺមិនល្អសោះឡើយចំពោះសុខភាពគ្រប់គ្នា ពិសេសអ្នកត្រៀមបម្រុងនឹងកើតជំងឺទឹកនោមផ្អែម។ នេះក៏ព្រោះតែភាពស្ត្រេសពេកអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម។ ម្យ៉ាងវិញទៀតនៅពេលស្ត្រេសអ្នកអាចនឹងមានអារម្មណ៍ឃ្លានអាហារផ្អែមៗខ្លាំង។

៥. ទទួលទានអាហារឱ្យបានត្រឹមត្រូវ

វាពិតជាសំខាន់ណាស់សម្រាប់អ្នកក្នុងការចាប់ផ្ដើមយកចិត្តទុកដាក់និងប្រយ័ត្នក្នុងការទទួលទានអាហារផ្សេងៗ នៅពេលកំពុងស្ថិតក្នុងស្ថានភាពត្រៀមបម្រុងនឹងកើតជំងឺទឹកនោមផ្អែម។ មិនដូច្នោះទេកម្រិតនៃជាតិស្ករក្នុងឈាមនឹងបន្តកើនឡើងដែលងាយវិវត្តជាជំងឺទឹកនោមផ្អែមប្រភេទទី ២។ ដើម្បីជាការប្រសើរចៀសវាងទទួលទានអាហារសម្បូរជាតិស្ករ ដោយបង្កើនការទទួលទានបន្លែស្រស់ៗជំនួសវិញ។

៦. កុំភ្លេចលេបថ្នាំតាមវេជ្ជបញ្ជាត្រឹមត្រូវ

ប្រសិនបើវេជ្ជបណ្ឌិតបានចេញវេជ្ជបញ្ជាឱ្យអ្នកប្រើប្រាស់ថ្នាំបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម នោះអ្នកចាំបាច់ត្រូវលេបឱ្យបានទៀងទាត់ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២៕