ចាប់តាំងពីវីរុសកូរ៉ូណារាតត្បាតពាសពេញសាកលលោក រហូតមកដល់ពេលនេះ ក៏មានការលេចចេញនូវវីរុសកូរ៉ូណាបំលែងខ្លួនថ្មី ហើយមនុស្សម្នាជាច្រើនបានចូលរួមទប់ស្កាត់តាមវិធីផ្សេងៗដូចជា ការលាងដៃជាមួយសាប៊ូ ឫជែល អាល់កុល អោយបានញឹកញាប់ ការរក្សាគម្លាត ជាពិសេសគឺការពាក់ម៉ាស់។ បើនិយាយដល់ការពាក់ម៉ាស់នេះវិញ មនុស្សនិយមប្រើម៉ាស់ទៅតាមចំណូលចិត្ត ឫការយល់ឃើញរៀងៗខ្លួន ដោយគិតថាម៉ាស់ដែលខ្លួនប្រើមានប្រសិទ្ធការពារមេរោគបានល្អ និងស្រួលប្រើ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការប្រើម៉ាស់នេះ រដ្ឋាភិបាលបារាំងបានព្រមានថា ម៉ាស់ក្រណាត់អាចមិនការពារមនុស្សពីការឆ្លងវីរុសកូរ៉ូណាបំលែងខ្លួនថ្មីបានទេ។
នាពេលថ្មីៗនេះកូវីដ-១៩ បំលែងខ្លួនថ្មីចំនួន២មកពីចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូងបានចូលដល់ប្រទេសបារាំង ហើយរដ្ឋាភិបាលបានចាប់ផ្តើមកែប្រែការណែនាំរបស់ខ្លួនស្តីពីការពាក់ម៉ាស់។ ទោះបីមិនបានផ្សព្វផ្សាយជាផ្លូវការក៏ដោយ ក្រុមប្រឹក្សាសុខភាពបារាំង បាននិយាយថាម៉ាស់ក្រណាត់ច្នៃដោយខ្លួនឯងប្រហែលជាមិនមែនជាជម្រើសសុវត្ថិភាពបំផុតនោះទេ។
ផ្ទុយទៅវិញ មនុស្សគួរតែប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់អាជីព ដូចជា ម៉ាស់វះកាត់ ដែលអាចរំលាយបាន ឬ ម៉ាស់ចម្រោះ FFP2 ដែលត្រូវពាក់ជាចាំបាច់នៅតាមទីសាធារណៈមួយចំនួននៅប្រទេសអាល្លឺម៉ង់រួចទៅហើយ។
សហប្រធាននៃក្រុមការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ នៃ HCPS បាននិយាយថា ”នៅពេលនិយាយដល់ការជ្រៀតចូលនៃវីរុសបំលែងខ្លួនថ្មីមួយចំនួន…ដែលឆ្លងកាន់តែលឿននោះ…សំណួរត្រូវបានលើកឡើងថា តើម៉ាស់ប្រភេទណាគួរណែនាំដល់សាធារណជនទូទៅ”។ គាត់បានពន្យល់ថា ខណៈម៉ាស់ក្រណាត់ត្រូវបានមនុស្សជាច្រើនចូលចិត្តពាក់ ព្រោះពួកវាអាចបោកគក់ប្រើឡើងវិញបាន តែពួកវាមិនអាចធានាការពារប្រឆាំងនឹងកូវីដបំលែងខ្លួនថ្មីបានទេ៕