ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាចេកទុំអាចផ្ដល់អត្ថប្រយោជន៍ចំពោះសម្រស់បានយ៉ាងប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវយកមកធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបប្រើប្រាស់ចេកទុំរក្សាសម្រស់ ៖
១. សម្រាប់ស្បែកឆាប់ប្រតិកម្ម
អ្វីដែលអ្នកត្រូវការ គឺចេកទុំ ១ ផ្លែ យ៉ាអួរសុទ្ធ ៤ ស្លាបព្រាបាយ និងទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេ។
អ្វីដែលអ្នកត្រូវធ្វើ គឺកិនគ្រឿងផ្សំទាំងអស់ចូលគ្នាឱ្យសព្វ សឹមលាបល្បាយលើផ្ទៃមុខ។ ទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។
២. សម្រាប់គ្រប់គ្រងមុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើសមកិនសាច់ចេកឱ្យម៉ដ្ឋ រួចលាបម៉ាស្សាវាឱ្យសព្វលើផ្ទៃមុខដែលលាងសម្អាតរួចស្អាត។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទីសិន សឹមលាងសម្អាតចេញ។
៣. សម្រាប់កម្ចាត់មុនក្បាលខ្មៅ
អ្វីដែលអ្នកត្រូវ គឺលាយចេកទុំដែលកិនម៉ដ្ឋជាមួយស្ករស រួចលាបម៉ាស្សាវាថ្នមៗលើកន្លែងដែលទទួលរងផលប៉ះពាល់ដោយសារមុនក្បាលខ្មៅ។ លាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។
៤. សម្រាប់ស្បែកមុខស្ងួត
អ្វីដែលអ្នកត្រូវការ គឺចេកទុំនិងផ្លែបឺរទុំ។
អ្វីដែលត្រូវធ្វើ គឺកិនសាច់ផ្លែចេកនិងផ្លែបឺរចូលគ្នាឱ្យសព្វក្លាយជាល្បាយទន់ម៉ដ្ឋ។ លាបល្បាយលើផ្ទៃមុខនិងទុកចោលសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតាជាការស្រេច។
៥. ជួយឱ្យស្បែកស្រស់ថ្លា
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយចេកទុំជោរជាមួយទឹកក្រូចឆ្មារស្រស់ឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែក និងទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។
៦. សម្រាប់ពន្យារភាពចាស់តាមវ័យនៃស្បែក
អ្វីដែលអ្នកត្រូវធ្វើ គឺកិនចេកទុំជោរ ១ ផ្លែឱ្យម៉ដ្ឋរួចលាយជាមួយយ៉ាអួរបន្តិច សឹមលាបលើស្បែកដែលងាយនឹងលេចឡើងនូវស្នាមជ្រីវជ្រួញ។ ទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញ។
៧. សម្រាប់ដោះស្រាយបញ្ហាស្បែកឡើងរឹងគ្រើម
អ្វីដែលអ្នកត្រូវធ្វើ គឺលាយចេកទុំជោរដែលកិចម៉ដ្ឋ ១ ផ្លែជាមួយប្រេងអូលីវឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើក្បាលជង្គង់ កែងដៃ ព្រមទាំងផ្នែកផ្សេងទៀតនៃរាងកាយដែលស្បែកឡើងរឹងហើយគ្រើមៗ។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។
៨. សម្រាប់ស្បែកមុខខ្លាញ់
អ្វីដែលអ្នកត្រូវការ គឺចេកទុំ ១ ផ្លែ ទឹកឃ្មុំ ២ ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេ។
អ្វីដែលអ្នកត្រូវធ្វើ គឺកិនសាច់ចេកទុំឱ្យម៉ដ្ឋ រួចបន្ថែមទឹកឃ្មុំនិងទឹកក្រូចឆ្មារចូល។ កូរឱ្យសព្វ ឬក៏អាចដាក់គ្រឿងផ្សំទាំងអស់ក្នុងម៉ាស៊ីនក្រឡុក ហើយកិនក្រឡុកឱ្យម៉ដ្ឋល្អ។ លាបល្បាយលើមុខសម្រាប់រយៈពេល ១៥ នាទី សឹមសម្អាតចេញដោយប្រើក្រណាត់សើមត្រជាក់ស្អាត។ ចុងក្រោយកុំភ្លេចប្រើប្រាស់ប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកមុខជាការស្រេច។
៩. សម្រាប់ជួយឱ្យសក់រឹងមាំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដូងបន្តិចជាមួយចេកទុំជោរដែលកិនម៉ដ្ឋ។ បន្ទាប់មកលាបល្បាយលើសក់និងស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទីសិន សឹមងូតទឹកកក់សម្អាតសក់ចេញដូចពេលធម្មតា៕