ខ្លាញ់ក្បាលពោះជាផ្នែកដែលពិបាកកម្ចាត់ចេញបំផុតមួយក្នុងរាងកាយ ស្រទាប់ខ្លាញ់ច្រើនតែបង្កឡើងដោយសារជម្រើសនៃការទទួលទានមិនត្រឹមត្រូវ និងរបៀបរស់នៅគ្មានសុខភាពល្អ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើនរណាទៅមិនចង់បានរាងស្លីមស្អាតនោះ? ហើយអ្នកកំពុងស្វែងរកវិធីសាស្ត្រសម្រកទម្ងន់ ឬកម្ចាត់ខ្លាញ់ក្បាលពោះបែបងាយៗ ហើយទទួលបានលទ្ធផលឆាប់រហ័សមែនទេ? មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះសម្រកខ្លាញ់ក្បាលពោះតាមបែបធម្មជាតិ ៖
១. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ទោះបីអ្នកខ្ជិល ឬស្អប់ការធ្វើលំហាត់ប្រាណយ៉ាងណាក៏ដោយ ក៏អ្នកមិនអាចធ្វើឱ្យខ្លាញ់ក្បាលពោះរលាយបាត់ដោយមិនធ្វើអ្វីសោះឡើយ។ការមិនធ្វើលំហាត់ប្រាណជាប្រចាំនឹងបណ្ដាលឱ្យរាងកាយងាយស្តុកទុកនូវទម្ងន់ ឬជាតិខ្លាញ់ដែលលើស។ ដើម្បីស្រកទម្ងន់អ្នកគួរចាំក្នុងចិត្តថាត្រូវព្យាយាមធ្វើសកម្មភាពរាងកាយផងដោយមិនមែនគិតខ្វល់តែពីបរិមាណកាឡូរី ឬខំតែតមអាហារឡើយ។ ប្រសិនបើអ្នកមិនទាន់បានធ្វើលំហាត់ប្រាណអ្វីសោះ ចូរចាប់ផ្ដើម។ ប៉ុន្តែប្រសិនបើធ្វើហើយហាក់ដូចជាមិនបានផល ចូរព្យាយាមជ្រើសរើសលំហាត់ប្រាណដែលសមស្របបំផុត និងទុកពេលឱ្យរាងកាយបានសម្រាកគ្រប់គ្រាន់ដើម្បីស្ដារភាពប្រសើរឡើងវិញ។ ទោះបីអ្នកមិនអាចចំណាយពេលច្រើនម៉ោងទៅកន្លែងហាត់ប្រាណ ប៉ុន្តែអ្នកក៏គួរឆ្លៀតធ្វើលំហាត់ប្រាណខ្លះៗដូចជាដើរ ឬឡើងចុះកាំជណ្ដើរ។ ការចំណាយពេលត្រឹមពី ១០ ទៅ ១៥ នាទីក្នុងមួយថ្ងៃដើម្បីធ្វើលំហាត់ប្រាណខ្លះក៏ជួយរាងកាយក្នុងការដុតបំផ្លាញខ្លាញ់បានដែរ។
២. បង្កើនការទទួលទានប្រូតេអ៊ីន
ប្រូតេអ៊ីនក៏ចាំបាច់ណាស់ដើម្បីគ្រប់គ្រងភាពឃ្លានរបស់អ្នកនិងជួយបំពេញសារធាតុចិញ្ចឹមបន្ថែមក្នុងរបបអាហារ។ មិនត្រឹមតែប៉ុណ្ណឹងទេ ប្រូតេអ៊ីនក៏ជួយពន្លឿនការដុតរំលាយអាហារក្នុងរាងកាយផងដែរ។ របបអាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់អាចបង្កើនការដុតបំផ្លាញកាឡូរីបានចន្លោះពី ៨០ ទៅ ១០០ កាឡូរីក្នុងមួយថ្ងៃ។ ដូច្នេះប្រសិនបើអ្នកមិនទទួលទានអាហារសម្បូរប្រូតេអ៊ីនទេនោះ អ្នកក៏មិនអាចស្រកទម្ងន់ ឬដុតបំផ្លាញខ្លាញ់ក្បាលពោះបានប្រសើរដូចចិត្តដែរ។
៣. រួមបញ្ចូលអាហារសម្បូរជាតិសសៃក្នុងរបបអាហារប្រចាំថ្ងៃ
ជាតិសសៃ គឺចាំបាច់ណាស់សម្រាប់ជួយដល់ការស្រកទម្ងន់។ ទោះជាយ៉ាងណាអ្នកគួរជ្រើសរើសអាហារមានផ្ទុកជាតិសសៃប្រភេទ viscous និង soluble ដែលមានប្រសិទ្ធភាពអាចពន្យឺតដំណើរការនៃការរំលាយអាហារ ក៏ដូចជាការស្រូបយកសារធាតុចិញ្ចឹម ដូច្នេះអាហារអាចស្ថិតនៅក្នុងក្រពះបានយូរម៉ោង។ ជាលទ្ធផលអ្នកនឹងមានអារម្មណ៍ឆ្អែតមិនឆាប់ឃ្លាន ហើយទប់ស្កាត់ការទទួលទានច្រើន។ សណ្ដែកខ្មៅ ផ្លែបឺរ ដំឡូងផ្អែម ប្រូខូលី ការ៉ុត ផ្លែប៉ោម ត្របែក គ្រាប់ផ្កាឈូករ័ត្ន និងទំពាំងបារាំងជាដើម មានផ្ទុកសម្បូរទៅដោយជាតិសសៃ viscous និង soluble។
៤. គ្រប់គ្រងស្ត្រេស
ស្ត្រេសក៏អាចជាកត្តាចម្បងបំផុតមួយដែលនាំឱ្យឡើងទម្ងន់កើនខ្លាញ់ក្បាលពោះផងដែរ។ នេះក៏ព្រោះតែនៅពេកអ្នកស្ត្រេស ឬតានតឹងក្នុងអារម្មណ៍រាងកាយទាមទារជាតិស្ករ ឬអាហារប្រភេទដែលនាំឱ្យកើនទម្ងន់។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមគ្រប់គ្រងស្ត្រេសតាមរយៈការធ្វើលំហាត់ប្រាណ ហាត់យូហ្កា និងធ្វើសមាធិ ឬសកម្មភាពណាដែលអ្នកពេញចិត្តគិតថាសាកសមសម្រាប់ខ្លួនឯង។
៥. កម្រិត ឬចៀសវាងការទទួលទានគ្រឿងស្រវឹង
ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ការទទួលទានគ្រឿងស្រវឹង គឺមិនល្អសោះឡើយចំពោះសុខភាព ក៏ដូចជាកំឡុងពេលសម្រកទម្ងន់។ សូម្បីតែការទទួលទានស្រាក្រហមត្រឹមកម្រិតមធ្យមក៏កើនកាឡូរីបន្ថែមដល់ទៅ ២០០០ កាឡូរីក្នុងរយៈពេលមួយខែ។ លើសពីនេះទៅទៀត រាងកាយនឹងមិនអាចធ្វើការដុតបំផ្លាញជាតិខ្លាញ់ផ្សេងៗបានឡើយ ប្រសិនបើជាតិអាល់កុលមិនត្រូវបានកម្ចាត់ចេញ ឬបន្សាបអស់៕