ទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចជះឥទ្ធិពលគួរអោយកត់សម្គាល់ចំពោះសុខភាពរាងកាយទាំងមូល រួមទាំងពោះវៀន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលសំខាន់នោះ គឺស្ថានភាពពោះវៀនមិនល្អប្រសើរអាចបណ្ដាលអោយកើតមានបញ្ហាសុខភាពច្រើនផ្សេងទៀតរួមមាន ថប់បារម្ភ ជំងឺបាក់ទឹកចិត្ត(depression) ជំងឺធាត់ជ្រុល ជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ឧស្សាហ៍អស់កម្លាំង ជំងឺខ្សោយពោះវៀន ជាដើម។ ហើយការរក្សាបាននូវបាក់តេរីល្អៗក្នុងពោះវៀន គឺចាំបាច់ណាស់ដើម្បីសុខភាពពោះវៀនប្រសើរ។ ថាតើទម្លាប់អ្វីខ្លះទៅជះឥទ្ធិពលដល់បាក់តេរីល្អៗក្នុងពោះវៀន? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកគួរផ្លាស់ប្ដូរចេញដើម្បីរក្សាបាក់តេរីល្អៗក្នុងពោះវៀន ៖

១. ព្យាយាមទប់ផោម

ការផោម គឺល្អចំពោះសុខភាពដូចភើរអញ្ចឹងដែរ។ ជាធម្មតា ជាតិហ្គាសនៅក្នុងពោះវៀន បណ្ដាលមកពីការលេបខ្យល់ចូល ខណៈពេលទទួលទានអាហារភេសជ្ជៈផ្សេងៗ។ ជាតិហ្គាសក៏ត្រូវបានផលិតឡើងដោយសកម្មនៃបាក់តេរីក្នុងពោះវៀនលើអាហារផងដែរ។ ប្រសិនបើអ្នកមិនបញ្ចេញវាទេនោះ វានឹងបង្កផលវិបាកដល់ពោះវៀនដែលធ្វើឱ្យអ្នកមិនស្រួលក្នុងខ្លួន ហើយឈឺចាប់ក្នុងពោះ។

២. កង្វះការធ្វើលំហាត់ប្រាណ

ទម្លាប់អាក្រក់នេះអាចជះឥទ្ធិពលលើសុខភាពរាងកាយទាំងមូល រួមបញ្ចូលទាំងសុខភាពពោះវៀន។ អ្នកមិនចាំបាច់ត្រូវតែធ្វើលំហាត់ប្រាណខ្លាំងក្លាឡើយ ត្រឹមការដើរ ជិះកង់ និងហែលទឹក គឺប្រសើរហើយ។

៣. មិនទទួលទានអាហារមានជាតិប្រូបាយអូទិក

អាហារប្រូបាយអូទិក គឺល្អណាស់សម្រាប់បង្កើនបាក់តេរីល្អៗក្នុងពោះវៀន។ ដូច្នេះប្រសិនបើអ្នកមិនទទួលទានអាហារទាំងនេះសោះបញ្ហាអតុល្យភាពនៃបាក់តេរីក្នុងពោះវៀនប្រាកដជាកើតមានឡើង។

៤. ទទួលទានគ្រឿងស្រវឹងច្រើន

ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស និង ១ កែវក្នុងមួយថ្ងៃសម្រាប់នារី គឺប្រសើរ ប៉ុន្តែការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិតអាចជះឥទ្ធិពលដល់បាក់តេរីល្អៗក្នុងពោះវៀន ក៏ដូចជាសុខភាពរាងកាយទាំងមូលគួរឱ្យព្រួយបារម្ភ។ ដូច្នេះដើម្បីជាការប្រសើរចូរកម្រិតការទទួលទានរបស់អ្នក។

៥. មិនទទួលទានយ៉ាអួរ

នេះក៏ព្រោះតែយ៉ាអួរជាប្រភពដ៏ប្រសើរបំផុតមួយនៃបាក់តេរីល្អៗ។ ទោះជាយ៉ាងណាចូរជ្រើសរើសទទួលទានយ៉ាអួរសុទ្ធមិនលាយគ្រឿងផ្សំបន្ថែមទើបប្រសើរ។

៦. ការទទួលទានស្ករ ឬជាតិផ្អែមសិប្បនិម្មិតច្រើន

ក្រៅពីធ្វើអោយធាត់ ព្រមទាំងបង្កើនហានិភ័យនៃជំងឺផ្សេងៗហើយនោះ ស្ករក៏ជះឥទ្ធិពលគួរអោយព្រួយបារម្ភចំពោះបាក់តេរីល្អៗក្នុងពោះវៀនផងដែរដោយវាបង្កើនចំនួនបាក់តេរីមិនល្អ។ ធ្លាប់ដឹងទេថាស្ករអាចធ្វើអោយអ្នកញៀនបាន? ទទួលទានច្រើនប៉ុណ្ណាកាន់តែឃ្លានប៉ុននោះ! ហើយប្រសិនបើអ្នកញៀននឹងទទួលទានស្ករ ឬអាហារនិងភេសជ្ជៈផ្អែមហើយនោះសុខភាពពោះវៀន ក៏ដូចជារាងកាយទាំងមូលនឹងស្ថិតក្នុងគ្រោះថ្នាក់ជាមិនខាន។ ហើយប្រសិនបើអ្នកគិតថាជាតិផ្អែមសិប្បនិម្មិតល្អចំពោះសុខភាពក៏ព្រោះវាគ្មានផ្ទុកជាតិកាឡូរីនិងមិនបណ្ដាលអោយកម្រិតនៃជាតិស្ករក្នុងឈាមកើនឡើងនោះ ចូរគិតម្ដងទៀត! អ្នកជំនាញផ្នែកសុខភាពជាច្រើននិយាយថា ជាតិផ្អែមសិប្បនិម្មិតផ្ដល់ផលអាក្រក់ចំពោះសុខភាពខ្លាំងជាងស្ករធម្មតាទៅទៀត។ ជាតិផ្អែមសិប្បនិម្មិតបង្កើនចំនួនបាក់តេរីមិនល្អអោយមានច្រើនជាងល្អក្នុងពោះវៀន ហើយក៏បង្កការរលាកផងដែរ។

៧. មិនទទួលទានអាហារស​ម្បូរជាតិសសៃ

ការទទួលទានអាហារសម្បូរជាតិសសៃមិនត្រឹមតែល្អសម្រាប់ការរំលាយអាហារនិងទប់ស្កាត់អាការៈទល់លាមកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបង្កើនបាក់តេរីល្អៗក្នុងពោះវៀនផងដែរ។ ជាតិសសៃក៏ជួយកម្ចាត់ជាតិពុលផ្សេងៗដែលអាចបង្កគ្រោះថ្នាក់ដល់បាក់តេរីល្អៗក្នុងពោះវៀនគួរឱ្យកត់សម្គាល់។

  • ដើម្បីរក្សាសុខភាពពោះវៀន ចូរព្យាយាមទទួលទានអាហារទាំងនេះ ៖

១. ចេក

ផ្លែឈើនេះជួយរក្សាតុល្យភាពនៃបាក់តេរីពោះវៀន ហើយបន្ថយការរលាក។

២. គីមឈី

ជាប្រភពនៃអាហារដែលល្អបំផុតមួយសម្រាប់សុខភាពពោះវៀន។ នេះក៏ព្រោះតែគ្រឿងផ្សំចម្បងនៃគីមឈី គឺស្ពៃដែលជាប្រភទបន្លែ cruciferous មានផ្ទុកសារធាតុ sulfur ជួយបន្សាបជាតិពុលពីក្នុងប្រព័ន្ធរំលាយអាហារ។ គីមឈីក៏មានផ្ទុកជាតិសសៃខ្ពស់ដែលជាអ្វីមួយជួយសម្រួលចលនាពោះវៀននិងទប់ស្កាត់អាការៈទល់លាមក។

៣. យ៉ាអួរ

ជាប្រភពដ៏ប្រសើរនៃប្រូបាយអូទិកដែលល្អណាស់សម្រាប់សុខភាពពោះវៀន និងរក្សាតុល្យភាពនៃបាក់តេរីក្នុងពោះវៀន។

៤. ប្រូខូលី ឬផ្កាខាត់ណាខៀវ

អាហារមួយប្រភេទទៀតដែលល្អបំផុតសម្រាប់ព្យាបាលពោះវៀន គឺផ្កាខាត់ណាខៀវ។ បន្លែនេះមានផ្ទុកលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងការរលាកក្នុងពោះវៀននិងអាចទប់ស្កាត់ហានិភ័យនៃជំងឺមហារីកច្រើនប្រភេទរួមបញ្ចូលទាំងជំងឺមហារីកពោះវៀនធំ។

៥. ឈើអែម

ជាតិហ្គាសអាចប្រមូលផ្ដុំក្នុងក្រពះដែលអាចបង្កបញ្ហាពិបាករំលាយអាហារនិងហើមពោះ។ ដើម្បីដោះស្រាយបញ្ហានេះអ្នកគួររួមបញ្ចូលឈើអែមក្នុងរបបអាហារប្រចាំថ្ងៃ។ ឈើអែមជាប្រភេទនៃសារធាតុ carminative ដែលជួយកម្ចាត់ជាតិហ្គាសឧស្ម័នដែលប្រមូលផ្ដុំក្នុងក្រពះ។ ម្យ៉ាងវិញទៀតគ្រឿងទេសនេះក៏អាចជួយឱ្យការរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើងផងដែរ។

៦. អង្ករសម្រូប

តើអ្នកធ្លាប់ដឹងទេថាការទទួលទានបាយអង្ករសម្រូបល្អខ្លាំងចំពោះការរំលាយអាហារ? បរិមាណខ្ពស់នៃជាតិសសៃក្នុងអាហារនេះអាចជួយសម្អាតរាល់ជាតិពុលពីប្រព័ន្ធរំលាយអាហារដូច្នេះវានឹងអាចដំណើរការមុខងារបានកាន់តែប្រសើរ។

៧. សាច់គ្មានខ្លាញ់

ការទទួលទានសាច់គ្មានខ្លាញ់ជាជម្រើសដ៏ប្រសើរបំផុតមួយ ខណៈដែលសាច់ក្រហមដែលមានជាតិខ្លាញ់ខ្ពស់ផ្សារភ្ជាប់នឹងហានិភ័យនៃជំងឺមហារីកពោះវៀនធំ។

៨. ខ្ញី

ការទទួលទានខ្ញីក៏ជួយកម្ចាត់កាកសំណល់ ក៏ដូចជាជាតិពុលផ្សេងៗចេញពីក្នុងពោះវៀនបានយ៉ាងប្រសើរផងដែរ។ មិនត្រឹមតែជួយលាងសម្អាតពោះវៀនកម្ចាត់ជាតិពុលប៉ុណ្ណោះទេ ប៉ុន្តែខ្ញីក៏ជួយព្យាបាលការរលាកក្នុងពោះវៀន និងធ្វើអោយសុខភាពពោះវៀនកាន់តែប្រសើរឡើងតាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាក និងសារធាតុ Gingerols ដែលវាមានផ្ទុក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង