ទោះបីគ្រាប់ស្វាយចន្ទី គឺជាគ្រាប់ធញ្ញជាតិមួយប្រភេទដែលមានជាតិសសៃទាបក៏ពិតមែន ប៉ុន្តែវាមានផ្ទុកនូវវីតាមីន, ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់សម្រាប់សុខភាពរាងកាយជាច្រើន។ (អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបាន) ខាងក្រោមនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍មិនគួរឲ្យជឿមួយចំនួននៃគ្រាប់ស្វាយចន្ទីសម្រាប់រក្សាមុខងារនៃរាងកាយប្រយុទ្ធប្រឆាំងជំងឺផ្សេងៗ ៖

១. ទប់ស្កាត់ជំងឺមហារីក

គ្រាប់ស្វាយចន្ទី គឺមានផ្ទុកសារធាតុ  proanthocyanidins ជួយរឹតបន្តឹងការរីកលូតលាស់នៃកោសិកាមហារីក និងដុំសាច់។ លើសពីនេះទៅទៀត គ្រាប់ស្វាយចន្ទី ក៏ជាប្រភពដ៏ប្រសើរនៃជាតិទង់ដែង ដែលជួយកម្ចាត់រ៉ាឌីកាល់សេរីពីរាងកាយផងដែរ។​

២. ពង្រឹងសុខភាពឆ្អឹង

គ្រាប់ស្វាយចន្ទី ជួយធ្វើឲ្យឆ្អឹងរក្សាបាននូវភាពរឹងមាំល្អប្រសើរ។ នេះក៏ព្រោះតែគ្រាប់ស្ទាយចន្ទី គឺមានផ្ទុកនូវជាតិម៉ាញ៉េស្យូម, ប៉ូតាស្យូម និងកាល់ស្យូម ដែលជាប្រភពដ៏ល្អបំផុតនៃសុខភាពឆ្អឹងល្អរឹងមាំ។

៣. ជួយក្នុងការសម្រកទម្ងន់

ទោះបីជាគ្រាប់ស្វាយចន្ទីមានផ្ទុកជាតិខ្លាញ់ខ្ពស់ ប៉ុន្តែជាតិខ្លាញ់ដែលវាមានផ្ទុក គឺជាប្រភេទនៃជាតិខ្លាញ់ល្អ។ ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញឲ្យដឹងថា អ្នកដែលទទួលទានគ្រាប់ធញ្ញជាតិយ៉ាងហោចណាស់ ២ ដង ក្នុងមួយសប្តាហ៍ ហាក់ដូចជាមិនឡើងទម្ងន់ឡើយ បើធៀបទៅនឹងអ្នកដែលមិនទទួលទាន។ ដូច្នេះចូរបន្ថែមគ្រាប់ស្វាយចន្ទីចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ទោះជាយ៉ាងណា អ្នកគួរបរិភោគវាក្នុងកម្រិតមធ្យមបែបជាអាហារសម្រន់។

៤. បង្កើនសុខភាពបេះដូង

គ្រាប់ស្វាយចន្ទី អាចជួយពង្រឹងបង្កើនសុខភាពបេះដូងរបស់អ្នកបានយ៉ាងប្រសើរ។ វាមានផ្ទុកនូវជាតិអាស៊ីត oleic ដែលជាអាស៊ីតប្រភេទតែមួយដែលមានក្នុងប្រេងអូលីវ។ អាស៊ីត oleic ជួយកាត់បន្ថយកម្រិតជាតិខ្លាញ់គ្លីសេរីដ ដែលជាតិខ្លាញ់នេះច្រើនផ្សារភ្ជាប់ជាមួយការចាប់ផ្ដើមកើតមានជំងឺបេះដូង។ លើសពីនេះទៅទៀត គ្រាប់ស្វាយចន្ទី គឺជាប្រភេទគ្រាប់ធញ្ញជាតិគ្មានផ្ទុកជាតិកូឡេស្តេរ៉ូល ប៉ុន្តែមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយក្នុងការទប់ស្កាត់ជំងឺសសៃឈាមបេះដូង។

៥. សុខភាពឈាម

ជាតិទង់ដែក និងជាតិដែក ដែលមានផ្ទុកនៅក្នុងគ្រាប់ស្វាយចន្ទីធ្វើការរួមគ្នាជួយរាងកាយបង្កើត និងប្រើប្រាស់កោសិកាឈាមក្រហម។ ដំណើរការនេះជួយសសៃឈាម, សសៃប្រសាទ, ប្រព័ន្ធភាពស៊ាំ និងឆ្អឹង ឲ្យរក្សាបាននូវសុខភាពល្អរឹងមាំ ក៏ដូចជាដំណើរការមុខងារបានត្រឹមត្រូវ៕