អាការៈវិលមុខក្រោយពេលទទួលទានអាហារជាទូទៅបណ្ដាលមកពីការថយចុះនៃសម្ពាធឈាមបន្ទាប់ពីទទួលទានអាហាររួច។ វេជ្ជបណ្ឌិតជាច្រើនបានឱ្យដឹងថា ការផ្គត់ផ្គង់ឈាមទៅកាន់បំពង់រំលាយអាហារ គឺនឹងកើនឡើងក្រោយពេលអ្នកទទួលទានអាហារដើម្បីរាងកាយអាចរក្សាបាននូវសារធាតុចិញ្ចឹមពីអាហារបានច្រើនបំផុត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាលទ្ធផលការផ្គត់ផ្គង់ឈាមទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយទាំងមូលត្រូវថយចុះ ហើយកម្រិតនៃសម្ពាធឈាមក៏ធ្លាក់ចុះដូចគ្នា។ នៅពេលសម្ពាធឈាមធ្លាក់ចុះទាបនោះការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាលត្រូវបានបន្ថយ ពិសេសខណៈពេលអ្នកអង្គុយចុះ ឬក្រោកឈរ។ ជាលទ្ធផលអ្នកនឹងមានអារម្មណ៍វិលមុខ។ ទោះជាយ៉ាងណាអ្នកជំនាញបានឱ្យដឹងថា ការធ្លាក់ចុះនៃកម្រិតសម្ពាធឈាមកំឡុងពេលអាហារណាមួយនឹងលេចឡើងចន្លោះពេលពី ៣០នាទី ទៅ ១ ម៉ោងក្រោយទទួលទាន។ ប៉ុន្តែកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗទប់ទល់បញ្ហានេះ ៖
១. ចៀសវាង ឬកម្រិតការទទួលទានអាហារសម្បូរខ្លាញ់
អាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ គឺពិបាកនឹងរំលាយ។ នេះអាចបណ្ដាលឱ្យឈាមកាន់តែច្រើនត្រូវបានបញ្ជូនទៅកាន់ប្រព័ន្ធរំលាយអាហារ។ ជាលទ្ធផលអ្នកអាចប្រឈមមុខនឹងអាការៈវិលមុខខ្លាំង។ ការកម្រិតការទទួលទានអាហារសម្បូរខ្លាញ់មិនត្រឹមតែជួយបំបាត់អាការៈវិលមុខក្រោយទទួលទានអាហារប៉ុណ្ណោះទេ ប៉ុន្តែក៏ទប់ស្កាត់ការកើនទម្ងន់លើស និងហានិភ័យនៃជំងឺបេះដូងផងដែរ។
២. បញ្ឈប់ ឬកម្រិតការទទួលទានផលិតផលអាហារកែច្នៃ
នៅរាល់ពេលអ្នកទទួលទានអ្វីដែលកែច្នៃ រាងកាយមិនត្រឹមតែស្រូបយកសារធាតុចិញ្ចឹមតិចតួច (ប្រសិនបើមាន)ពីក្នុងអាហារប្រភេទនេះប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងជាតិពុល និងសារធាតុគីមីផ្សេងៗផងដែរ។ ក្នុងពេលជាមួយគ្នានេះឈាមដែលត្រូវបញ្ជូនទៅពោះវៀនក៏ត្រូវបានកើនឡើង ជាហេតុនាំឱ្យរាងកាយទាំងមូលទទួលបានការផ្គត់ផ្គង់ឈាមក្នុងកម្រិតតិចតួច។
៣. ទទួលទានអាហារក្នុងបរិមាណសមល្មម
ការទទួលទានអាហារច្រើនពេកក៏អាចបណ្ដាលឱ្យអ្នកវិលមុខផងដែរ។ នេះក៏ព្រោះតែឈាមកាន់តែច្រើនត្រូវបានបញ្ជូនទៅកាន់ពោះវៀនដើម្បីស្រូបយករាល់សារធាតុចិញ្ចឹមដែលមានច្រើនពីក្នុងអាហារ។ វេជ្ជបណ្ឌិតជាច្រើនបានណែនាំដល់អ្នកដែលងាយនឹងជួបប្រទះអាការៈវិលមុខក្រោយពេលទទួលទានអាហារ ព្យាយាមទទួលទានអាហារក្នុងកម្រិតសមល្មម ឬទទួលទានតិចៗប៉ុន្តែច្រើនដងក្នុងមួយថ្ងៃ។ វិធីនេះអាចជួយរក្សាកម្រិតនៃសម្ពាធឈាមឱ្យកាន់តែមានស្ថេរភាពក្រោយពេលទទួលទាន។
៤. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
តើអ្នកធ្លាប់ដឹងទេថាមួយក្នុងចំណោមវិធីដ៏ងាយ ប៉ុន្តែមានប្រសិទ្ធភាពបំផុតសម្រាប់ដោះស្រាយបញ្ហាសម្ពាធឈាមចុះទាប គឺការបង្កើនការទទួលទានទឹក? ហើយក៏ព្រោះតែបញ្ហាវិលមុខក្រោយពេលទទួលទានអាហារបណ្ដាលមកពីកម្រិតនៃសម្ពាធឈាមចុះទាប ការទទួលទានទឹកពិតជាអាចជួយបំបាត់ និងទប់ស្កាត់អាការៈនេះបានយ៉ាងប្រសើរ។
៥. ចៀសវាងទទួលទានកាហ្វេ
ប្រសិនបើអ្នកងាយនឹងជួបប្រទះអាការៈវិលមុខក្រោយពេលទទួលទាន ចូរចៀសវាងការទទួលទានកាហ្វេ។ ភេសជ្ជៈនេះមានផ្ទុកលក្ខណៈសម្បត្តិបញ្ចុះទឹកនោមដែលនាំឱ្យជាតិទឹកអាចត្រូវបាត់បង់ពីក្នុងរាងកាយ។ ជាលទ្ធផលសម្ពាធឈាមនឹងធ្លាក់ចុះ ហើយបញ្ហាវិលមុខប្រាកដជាកើតឡើង៕