ការឆាប់ចេញទឹកកាម គឺគឺជាស្ថានភាព ដែលបុរសមិនអាចគ្រប់គ្រង ការបញ្ចេញ ទឹកកាម ឱ្យបានយូរ ដើម្បីជួយបណ្តើរស្ត្រីជាដៃគូឲ្យបានទៅដល់គោលដៅរបស់នាង ។ការឆាប់ ចេញទឹកកាម ជាការបញ្ចេញទឹកកាមមកក្រៅពេលដែល បុរសមិនទាន់ ចង់បញ្ចេញ ។ ដៃគូរួមភេទទាំងពីរនាក់មិនពេញចិត្តនឹងលទ្ធផលនេះឡើយ, វាអាចបង្កើន ទុក្ខកង្វល់ ខ្វល់ក្នុងចិត្ត ដែលជាមូលហេតុនាំអោយជីវិតគូស្រកររបស់ពួក គេចាប់ផ្តើម មានបញ្ហា ។ ការឆាប់ចេញទឹកកាម គឺជាលក្ខណៈដែលឧស្សាហ៍កើតឡើងច្រើនបំផុត ទៅលើបុរស ដែលមានបញ្ហាសុខភាពផ្លូវភេទ (sexual dysfunction) ហើយអាចជះឥទ្ធិពល អាក្រក់ដល់ ជីវិតជាបុរសផងដែរ ។
តើការឆាប់ចេញទឹកកាមបណ្តាលមកពីអ្វី ?
មិនមានមូលហេតុណាមួយច្បាស់លាស់ត្រូវបានគេរកឃើញឡើយ ។ ជាមួយ នឹង បទពិសោធន៍នៃការរួមភេទ និង កត្តាអាយុ ធ្វើអោយបុរស អាច ពន្យាពេលការឈានដល់ចំណុចកំពូលឬការចេញ ទឹកកាមបាន (delay orgasm) ។ ដូច្នេះហើយ បានជាការឆាប់ចេញទឹកកាមច្រើន កើត ទៅលើដៃគូរួមភេទថ្មីថ្មោង (មានបទពិសោធន៍តិចតួចទៅលើការរួមភេទ) ។ ម្យ៉ាងទៀត ការឆាប់ចេញទឹកកាមបណ្តាលមកពីបុរសខានរួមភេទយូរ ។ កត្តាចិត្តសាស្ត្រ (psychological factors) ដូចជា ទុក្ខព្រួយ (anxiety), អារម្មណ៍មានកុហុស ឬ រោគធ្លាក់ទឹកចិត្ត (depression) អាចធ្វើមានការឆាប់ចេញទឹកកាមផងដែរ ។ ក្នុងករណីមួយចំនួន, ការឆាប់ចេញទឹកកាមទាក់ទងទៅនឹងកត្តាវេជ្ជសាស្ត្រ ដូចជា បញ្ហាអ័រម៉ូន (hormonal problems), ការទទួលរងរបួស (injury) ឬ បណ្តាលមកពីផលវិបាកនៃការប្រើប្រាស់ថ្នាំមួយចំនួន (side effect of certain medicines) ។
រោគសញ្ញានៃការឆាប់ចេញទឹកកាម
រោគសញ្ញាចម្បងនៃការឆាប់ចេញទឹកកាម គឺជាការមិនអាចគ្រប់គ្រងការបញ្ចេញទឹកកាមរបស់ខ្លួនឯងបាន (uncontrolled ejaculation) មុន ឬ ភ្លាមៗបន្ទាប់ពីការរួមភេទបានចាប់ផ្តើម, មានន័យថា ត្រឹមតែការរំញោចផ្នែកផ្លូវភេទតែបន្តិចបន្ទួច អាចធ្វើអោយទឹកកាមបុរសចេញមកក្រៅ មុនពេលដែលបុរសចង់បញ្ចេញ ។
តើគេអាចធ្វើរោគវិនិច្ឆ័យការឆាប់ចេញទឹកកាមដោយរបៀបណា ?
វេជ្ជបណ្ឌិតនឹងពិភាក្សា អំពីប្រវត្តិផ្លូវភេទ និង ជំងឺរបស់អ្នក រួមទាំងការពិនិត្យផ្ទាល់ទៅលើខ្លួនអ្នកផងដែរ (physical examination) ។ វេជ្ជបណ្ឌិតរបស់អ្នកអាចធ្វើការសាកសួរទៅកាន់ដៃគូរបស់អ្នក ។ ដោយសារតែ ការឆាប់ចេញទឹកកាមបណ្តាលមកពីមូលហេតុច្រើន, វេជ្ជបណ្ឌិតអាចស្នើរសុំអោយមានការតេស្តពិសោធន៍មើល ដើម្បីអោយដឹងថាបណ្តាលមកពីបញ្ហាណាមួយពិតប្រាកដ ។
តើគេព្យាបាលយ៉ាងដូចម្តេច ?
ក្នុងករណីជាច្រើន, ការឆាប់ចេញទឹកកាមអាចដោះស្រាយដោយខ្លួនឯងបានដោយមិនចាំបាច់ការព្យាបាលតាមបែបវេជ្ជសាស្ត្រឡើយ ។ អនុវត្តន៍ការបន្ធូរអារម្មណ៍ (relaxation techniques) ឬ ប្រើប្រាស់វិធីអត់ធ្មត់អាចជួយអ្នកពន្យាពេលការចេញទឹកកាមបាន ។ បុរសមួយចំនួនបានឈប់ ឬ កាត់បន្ថយការទទួលទានជាតិអាល់កុល (ស្រា), ឈប់ជក់បារី ឬ គ្រឿងញៀនផ្សេងៗ ដើម្បីគ្រប់គ្រងការបញ្ចេញទឹកកាម ។ វេជ្ជបណ្ឌិតរបស់អ្នកនឹងផ្តល់ជាដំបូន្មានអោយដៃគូរបស់អ្នកប្រើប្រាស់បច្ចេកទេសរួមភេទណាមួយដែលជួយពន្យាពេលការឆាប់ចេញទឹកកាម ។ បច្ចេកទេសទាំងនោះរួមបញ្ចូលទាំងការគ្រប់គ្រងអារម្មណ៍ដែលធ្វើអោយមានការបញ្ចេញទឹកកាម និង ការប្រព្រឹត្តិទៅយឺត ឬ បញ្ឈប់ការរួមភេទមួយភ្លែតប្រសិនបើគិតថាខ្លួនឯងមានអារម្មណ៍ថាចង់ចេញទឹកកាម ។
ជំរើសមួយទៀតនោះគឺ ការប្រើប្រាស់ស្រោមអនាម័យ (condom) ដើម្បីកាត់បន្ថយអារម្មណ៍ទៅលើប្រដាប់ភេទបុរស ឬ ព្យាយាមការរួមភេទតាមទីតាំងផ្សេងៗគ្នា (ដូចជា ក្បាច់នៅពីក្រោយខ្នង) អំឡុងពេលរួមភេទ ។ ការប្រឹក្សាយោបល់ផ្សេងៗអាចជួយកាត់បន្ថយនូវកង្វល់ទាំងឡាយ ដែលទាក់ទងទៅនឹងការឆាប់ចេញទឹកកាម ។ ថ្នាំរំងាប់អារម្មណ៍មួយចំនួន ពពួក SSRIs, ដូចជា fluoxetine (Prozac), paroxetine (Paxil), និង sertraline (Zoloft), អាចព្យាបាលការឆាប់ចេញទឹកកាមបានខ្លះៗផងដែរ ។ ថ្នាំទាំងនេះអាចបង្អាក់ការឈានដល់ចំណុចកំពូល ដែលអាចពន្យាពេលការចេញទឹកកាមបាន ។ ការប្រើប្រាស់ថ្នាំពពួក SSRIs នេះមិនទាក់ទងទៅនឹងជំងឺធ្លាក់ទឹកចិត្តទេ។