ក្រចកស្រាប់តែប្រែទៅជាពណ៌លឿងអាចបណ្ដាលមកពីអ្វីទៅ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុទូទៅបំផុតដែលបណ្ដាលឱ្យក្រចកប្រែជាឡើងពណ៌លឿង ៖
១. ការប្រើប្រាស់ថ្នាំលាបក្រចកជាប្រចាំ
នេះក៏ព្រោះតែថ្នាំលាបក្រចកភាគច្រើនមានផ្ទុកសារធាតុគីមី ពិសេសថ្នាំលាបក្រចកដែលមានពណ៌ដិតៗពិតជាអាចបង្កស្នាមប្រឡាក់ពណ៌លឿងលើក្រចក។ ទោះជាយ៉ាងណាភាពឡើងលឿងនៃក្រចកដែលបណ្ដាលមកពីទឹកថ្នាំលាបក្រចកមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់ផ្ដល់ពេលខ្លះឱ្យក្រចកបានសម្រាកដោយបញ្ឈប់ការប្រើប្រាស់ទឹកថ្នាំលាបក្រចកមួយរយៈ រហូតដល់ក្រចកលូតលាស់ផុតលែងមានស្នាមពណ៌លឿង។
២. ការឆ្លងមេរោគផ្សិតលើក្រចក
ក្រៅពីបណ្ដាលឱ្យក្រចកប្រែជាមានពណ៌លឿងហើយនោះ មេរោគផ្សិតក៏អាចធ្វើឱ្យក្រចកឡើងក្រាស់ខុសធម្មតា និងមានក្លិនមិនល្អជាដើម។
៣. កង្វះអាហារូបត្ថម្ភ
វេជ្ជបណ្ឌិតជាច្រើននិយាយថាពណ៌នៃក្រចកពេលខ្លះបង្ហាញឱ្យដឹងពីកង្វះវីតាមីន ឬជាតិរ៉ែសំខាន់ណាមួយក្នុងរាងកាយ។ ជាឧទាហរណ៍ ក្រចកប្រែជាពណ៌លឿងចង្អុលបង្ហាញពីកង្វះវីតាមីន b12។ ហើយជួនកាលក៏បណ្ដាលមកពីកង្វះជាតិស័ង្កសីផងដែរ។ ការរក្សាឱ្យបាននូវរបបអាហារដែលមានតុល្យភាពជួយទប់ស្កាត់បញ្ហាកង្វះអាហារូបត្ថម្ភដែលជះផលប៉ះពាល់មិនត្រឹមតែស្ថានភាពនៃក្រចកប៉ុណ្ណោះទេ ប៉ុន្តែសុខភាពរាងកាយទាំងមូល។
៤. ឥទ្ធិពលនៃជំងឺមួយចំនួន
មានបញ្ហាសុខភាពច្រើនណាស់ដែលផ្សារភ្ជាប់នឹងបញ្ហាក្រចកប្រែជាពណ៌លឿង។ មួយក្នុងចំណោមនោះ គឺជំងឺទឹកនោមផ្អែម។ ជំងឺនេះបណ្ដាលឱ្យចរន្តឈាមហូរមានលក្ខណៈខ្សោយខុសប្រក្រតី នាំឱ្យក្រចកមិនទទួលបានអុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពប្រសើរ។ ក្រចកពណ៌លឿងក៏អាចបណ្ដាលមកពីបញ្ហាក្រពេញទីរ៉ូអ៊ីដផងដែរ។ បញ្ហាសុខភាពដែលពាក់ព័ន្ធជាមួយឈាម បេះដូង និងសួត គឺសុទ្ធតែអាចជះផលប៉ះពាល់នាំឱ្យក្រចកប្រែជាពណ៌លឿង៕