ខួរក្បាលជាសរីរាង្គសំខាន់ណាស់ក្នុងរាងកាយដែលផ្សារភ្ជាប់សសៃប្រសាទរាប់លានជាមួយរាងកាយ ហើយនៅពេលអ្នកទទួលទានអាហារត្រឹមត្រូវនោះអ្នកអាចបង្កើនការចងចាំរបស់ខ្លួនឯងបានប្រកបដោយប្រសិទ្ធិភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលណាខួរក្បាលទទួលរងសម្ពាធ ឬតានតឹងវានឹងបញ្ចេញនូវសារធាតុគីមីដែលប៉ះពាល់ដល់រាងកាយគួរឱ្យព្រួយបារម្ភ។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារ ឬភេសជ្ជៈដែលជួយជម្រុញថាមពលខួរក្បាលជាប្រចាំនោះអ្នកអាចកាត់បន្ថយសារធាតុគីមីគ្រោះថ្នាក់និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ ថ្ងៃនេះវេបសាយសុខភាព​Health.com.kh នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈមួយចំនួនដែលជួយរក្សា ក៏ដូចជាបង្កើនថាមពលខួរក្បាលជម្រុញការចងចាំ ៖

១. ទឹកការ៉ុតស្រស់

ជាប្រភពដ៏ប្រសើរនៃសារធាតុ beta carotene ដែលល្អសម្រាប់ការចងចាំ។ សារធាតុប្រឆាំងអុកស៊ីតកម្ម beta carotene ក៏ជួយកម្ចាត់ទប់ស្កាត់ការរលាកនៃខួរក្បាលនិងជួយរក្សាការចងចាំល្អប្រសើរផងដែរ។

២. ទឹកមើមឆៃថាវក្រហម

ទឹកមើមឆៃថាវក្រហមក៏ជាភេសជ្ជៈល្អបំផុតមួយសម្រាប់សុខភាពខួរក្បាលនិងការចងចាំគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែវាជួយផ្ដល់ឱ្យខួរក្បាលនូវសារធាតុចិញ្ចឹម ព្រមទាំងអុកស៊ីសែនគ្រប់គ្រាន់។ ការទទួលទានទឹកមើមឆៃថាវក្រហមថែមទាំងជួយទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់ទៀតផង។

៣. ទឹកប៉េងប៉ោះស្រស់

ក៏ដូចនឹងទឹកមើមឆៃថាវក្រហមដែរ ទឹកប៉េងប៉ោះស្រស់ គឺល្អណាស់ក្នុងការបញ្ចុះសម្ពាធឈាមដោយវាមានផ្ទុកសម្បូរទៅដោយប៉ូតាស្យូម។ វាក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ជាពិសេស lycopene ដែលជួយការពារកោសិកាខួរក្បាល។ ទឹកប៉េងប៉ោះថែមទាំងល្អសម្រាប់សុខភាពស្បែកទៀតផងដោយវាមានផ្ទុកសម្បូរទៅដោយវីតាមីន A និងវីតាមីន C។

៤. ទឹកផ្លែទទឹមស្រស់

ការទទួលទានផ្លែទទឹម ឬទឹកផ្លែទទឹមស្រស់ជាប្រចាំជួយសម្រួលចរន្តឈាមទៅកាន់ខួរក្បាលបានយ៉ាងប្រសើរ។ នេះមានន័យថាកោសិកាខួរក្បាលនឹងទទួលបានសារធាតុចិញ្ចឹម ព្រមទាំងអុកស៊ីសែនគ្រប់គ្រាន់ដើម្បីដំណើរមុខងារ។

៥. ទឹកកាកាវក្ដៅ

ទឹកកាកាវ ឬភេសជ្ជៈសូកូឡា គឺល្អណាស់សម្រាប់ជំនួយការចងចាំ។ នេះក៏ព្រោះតែកាកាវមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយសង្គ្រោះកោសិកាខួរក្បាលពីការបំផ្លាញ។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកមិនបន្ថែមគ្រីមនិងស្ករសច្រើននៅពេលឆុងភេសជ្ជៈនេះ។

៦. តែ

មិនថាតែបៃតង តែក្រហម តែខ្មៅ ឬតែសក៏ដោយ ការទទួលទានភេសជ្ជៈនេះមួយពែងជាប្រចាំពិតជាអាចជួយបង្កើនការចងចាំបាន។ នេះក៏ព្រោះតែ “តែ” មានផ្ទុកអាស៊ីតអាមីណូ l-theanine ដែលជួយកាត់បន្ថយភាពស្ត្រេសរ៉ាំរ៉ៃ និងការគេងមិនលក់ដែលសុទ្ធតែជាមូលហេតុនាំឱ្យការចងចាំចុះអន់ថយ៕