ចែករំលែក
  • 32
  •  
  •  

មិនថាទោះជាយ៉ាងណា វាកម្រនឹងមាននរណាម្នាក់អាចផ្ដោតអារម្មណ៍បានគ្រប់រឿងរាល់ពេលណាស់។​ ហើយអ្នកកំពុងស្វែងរកនូវវិធីងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពបំផុតដើម្បីអាចឲ្យខ្លួនឯងផ្ដោតអារម្មណ៍បានល្អឡើងវិញភ្លាមៗមែនទេ? ​កុំបារម្ភ! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានអាហារ និងភេសជ្ជៈធម្មតាៗ ប៉ុន្តែមានអត្ថប្រយោជន៍ល្អអស្ចារ្យចំពោះខួរក្បាលមួយចំនួនខាងក្រោមនេះ ៖

១. កាហ្វេ

កាហ្វេជួយអ្នកឲ្យមានថាមពល និងបាត់ងងុយគេង ហេតុនេះអ្នកនឹងអាចធ្វើការផ្ដោតអារម្មណ៍លើបញ្ហាផ្សេងៗចំពោះមុខបានយ៉ាងងាយ។ អ្នកអាចទទួទានតែបៃតង, សូកូឡាខ្មៅ និងភេសជ្ជៈប៉ូវកម្លាំង ជំនួសក៏បាន ប្រសិនបើអ្នកមិនចូលចិត្តកាហ្វេ។ ទោះជាយ៉ាងណា ត្រូវចាំក្នុងចិត្តថា មិនគួរទទួលទានភេសជ្ជៈ និងអាហារណាដែលមានផ្ទុកជាតិកាហ្វេអ៊ីនច្រើនហួសកម្រិតពេកឡើយ បើមិនដូច្នោះទេអ្នកអាចនឹងជួយប្រទះបញ្ហាមួយចំនួនដូចជា ឆាប់មួរម៉ៅ, ឈឺក្បាល និងញ្ញ័រទ្រូង ។ល។

២. អាហារដែលមានជាតិគ្លុយកូស

គ្លុយកូស គឺជាអាហារល្អបំផុតសម្រាប់ខួរក្បាល។ ហេតុនេះហើយទើបគ្មានអ្វីគួរឲ្យភ្ញាក់ទេ នៅពេលអ្នកខាំ ឬក្រេបអ្វីមួយដែលមានរសជាតិផ្អែមធ្វើឲ្យអ្នកស្វាង ហើយអាចផ្ដោតអារម្មណ៍លើអ្វីដែលអ្នកកំពុងធ្វើបានកាន់តែប្រសើរជាងមុន។ អ្នកជំនាញជាច្រើននិយាយថា ស្ករគ្រាប់មួយគ្រាប់, ទឹកផ្លែឈើស្រស់មួយកែវ ឬអ្វីផ្សេងទៀតដែលមានជាតិគ្លុយកូស អាចផ្ដល់ឥទ្ធិពលយ៉ាងអស្ចារ្យលើការចងចាំរយៈពេលខ្លី និងការផ្ដោតផ្ចង់អារម្មណ៍។ ទោះជាយ៉ាងណា អ្នកគួរជៀសវាងទទួលទានអាហារ ឬភេសជ្ជៈដែលផ្អែមច្រើនពេក ក៏ព្រោះវាអាចនឹងផ្ដល់ផលប៉ះពាល់ដល់សុខភាពនៅថ្ងៃក្រោយ។

៣. អាហារពេលព្រឹក

អាហារពេលព្រឹក គឺជាអាហារដ៏សំខាន់ជាងគេក្នុងចំណោមអាហារទាំង ៣ ពេល។ យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញឲ្យដឹងថា ការទទួលទានអាហារពេលព្រឹកផ្ដល់ផលល្អជាច្រើនចំពោះសុខភាព ហើយមួយក្នុងចំណោមនោះ គឺធ្វើឲ្យខួរក្បាលនៅតែសកម្មអាចទប់ទល់ជាមួយបញ្ហាជាច្រើនបានយ៉ាងប្រសើរ។ ហើយកុំភ្លេចបន្ថែមគ្រាប់ធញ្ញជាតិ និងផ្លែឈើ ក្នុងរបបអាហារពេលព្រឹករបស់អ្នក។ ទោះជាយ៉ាងណា កុំទទួលទានអាហារពេលព្រឹកដែលមានកាឡូរីច្រើនពេក ក៏ព្រោះវាអាចបង្អាក់ដល់ការផ្ដោតអារម្មណ៍។

៤. ត្រី

វត្តមាននៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ជាមូលហេតុដែលបញ្ចាក់យ៉ាងច្បាស់ថា ត្រី គឺល្អបំផុតសម្រាប់សុខភាពខួរក្បាល។ អាស៊ីតខ្លាញ់អូមេហ្គា ៣ មានប្រសិទ្ធិភាពកាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់។ អាស៊ីតខ្លាញ់ដែលមានក្នុងត្រីជួយការពារកោសិកាខួរក្បាលពីការខូចខាត។ វាក៏ល្អបំផុតដែរក្នុងការទប់ស្កាត់ការរលាក។

៥. គ្រាប់ធញ្ញជាតិ

ប្រភពដ៏ល្អមួយទៀតនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ គឺគ្រាប់ធញ្ញជាតិដូចជា គ្រាប់អាល់ម៉ុន, គ្រាប់វាល់ណឺត, សណ្ដែកដី, គ្រាប់ស្វាយចន្ទី និងគ្រាប់រីករាយ ។ល។ គ្រាប់ធញ្ញជាតិទាំងនេះក៏ផ្ដល់ឲ្យខួរខ្បាលនូវសារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀតផងដែរ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

មតិរបស់អ្នក

Please enter your comment!
Please enter your name here