អាហារនិងភេសជ្ជៈមួយចំនួនអាចជះផលប៉ះពាល់លើស្ថានភាពនៃធ្មេញរបស់អ្នកដែលធ្វើឱ្យអ្នកលែងហ៊ានញញឹម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារនិងភេសជ្ជៈអ្វីខ្លះអាចបង្កស្នាមប្រឡាក់ជាប់ធ្មេញ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារ ព្រមទាំងភេសជ្ជៈទាំងនោះ ៖

១. ឈើរី, ប្ល៊ូបឺរី, ប្ល៊េកបឺរី និងផ្លែទទឹម

ផ្លែឈើទាំងនេះអាចបង្កស្នាមប្រឡាក់ជាប់ធ្មេញគួរឱ្យកត់សម្គាល់ ប៉ុន្តែជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម។ ដូច្នេះដើម្បីជាការប្រសើរក្រោយទទួលទាន ចូរខ្ពុរសម្អាតមាត់ធ្មេញចេញជាមួយទឹក។

២. មើមឆៃថាវក្រហម

ជាប្រភពនៃភ្នាក់បង្កស្នាមប្រឡាក់ដ៏មានឥទ្ធិពល។ ដូច្នេះដើម្បីជាការប្រសើរចូរដុសសម្អាតធ្មេញក្នុងរយៈពេល ១ ម៉ោងក្រោយទទួលទានអាហារនេះ។

៣. ទឹកប៉េងប៉ោះ

រួមបញ្ចូលទាំងផលិតផលអាហារផ្សេងទៀតដែលផ្សំពីប៉េងប៉ោះ គឺសុទ្ធតែអាចបង្កស្នាមប្រឡាក់ជាប់ធ្មេញ។ ទោះជាយ៉ាងណាប៉េងប៉ោះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនដែលរាងកាយត្រូវការ។ ដូច្នេះអ្នកគួរឈប់ទទួលទានឡើយ ប៉ុន្តែព្យាយាមញ៊ាំបន្លែបៃតងដូចជាសាឡាដនិងប្រូខូលី ឬផ្កាខាត់ណាខៀវជាមុនដោយវានឹងជួយការពារធ្មេញទប់ស្កាត់ការប្រឡាក់។

៤. តែ

ពណ៌ដិតនៃតែគឺដោយសារមានផ្ទុកសារធាតុ tannins ដែលអាចបង្កស្នាមប្រឡាក់ជាប់ធ្មេញដោយបង្កើនសមត្ថភាពនៃសារធាតុ chromogens ឱ្យជាប់នឹងកាចាធ្មេញ។ Chromogens ជាសារធាតុពណ៌ដែលងាយនឹងកាចាធ្មេញ។ ដើម្បីជាការប្រសើរចូរកម្រិតការទទួលទានភេសជ្ជៈនេះ និងជ្រើសរើសប្រភេទតែបៃតង តែស ឬតែរុក្ខជាតិ ខណៈដែលវាមានជាតិពណ៌ស្រាលក្នុងចំណោមតែផ្សេងទៀត។

៥. កាហ្វេខ្មៅ

កាហ្វេខ្មៅជាភេសជ្ជៈដែលងាយបង្កស្នាមប្រឡាក់ជាប់ធ្មេញបំផុត។ ជាតិអាស៊ីតធម្មជាតិនៃកាហ្វេក៏ជះផលប៉ះពាល់គួរឱ្យបារម្ភចំពោះសុខភាពធ្មេញផងដែរ។ ដើម្បីជាការប្រសើរចូរបន្ថែមទឹកដោះគោចូល ហើយក៏កុំភ្លេចទទួលទានទឹកក្រោយពេលទទួលទានកាហ្វេ។

៦. ស្រាក្រហម

ពណ៌ដិតនៃស្រាក្រហម គឺងាយនឹងបង្កស្នាមប្រឡាក់ជាប់ធ្មេញណាស់។ ដូច្នេះដើម្បីជាការប្រសើរចូរខ្ពុរមាត់ជាមួយទឹកធម្មតាក្រោយពេលទទួលទានស្រាក្រហម ឬអ្នកអាចទទួលទានស្រាទំពាំងបាយជូរពណ៌សជំនួសវិញ។

៧. ទឹកក្រូចមានពណ៌ផ្សេងៗ

មិនត្រឹមតែបង្កស្នាមប្រឡាក់ជាប់ធ្មេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនហានិភ័យនៃជំងឺពុកធ្មេញទៀតផង។ នេះក៏ព្រោះតែភេសជ្ជៈកំប៉ុង ឬទឹកក្រូចជាតិហ្គាសមានពណ៌ផ្សេងៗជាប្រភពនៃជាតិស្ករខ្ពស់ សារធាតុ carbonic និងអាស៊ីត citric ព្រមទាំង phosphoric។ ប្រសិនបើបញ្ឈប់ទម្លាប់ទទួលទានភេសជ្ជៈប្រភេទនេះមិនបាន ចូរព្យាយាមកាត់បន្ថយនិងប្រើប្រាស់ទុយោរបឺតពេលទទួលទាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង