ជាធម្មតាបញ្ហាស្បែកយារធ្លាក់ គឺបណ្ដាលមកពីការចុះខ្សោយ និងបាត់បង់ភាពបត់បែនធម្មជាតិ ក៏ដូចជាកូឡាជែន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វ័យកាន់តែជ្រេ ស្បែកក៏ប្រែជាយារតាមនោះដែរ ជាពិសេសប្រសិនបើអ្នកចេះថែរក្សា។ មិនដឹងដោះស្រាយទប់ស្កាត់បញ្ហាស្បែកយារធ្លាក់តាមវិធីណាមែនទេ? ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែប្រសិទ្ធិភាពខ្ពស់ជួយដោះស្រាយ ក៏ដូចជាទប់ស្កាត់ស្បែកយារធ្លាក់ និងចាស់តាមវ័យ ៖
១. ក្រូចឆ្មារ
មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលអាចជួយបង្កើនការផលិតកូឡាជែន។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ទឹកក្រូចឆ្មារស្រស់លាបម៉ាស្សាលើស្បែកមុខនិងក។ រងចាំសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។ អ្នកគួរអនុវត្តឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ និងកុំភ្លេចលាបផលិតផលផ្ដល់សំណើមតាមក្រោយផង។
២. ប្រើប្រាស់ផលិតផលផ្ដល់សំណើមជារៀងរាល់ថ្ងៃ
ពិសេសប្រសិនបើស្បែករបស់អ្នកងាយនឹងស្ងួត។ កុំកំណាញ់នឹងប្រើប្រាស់ផលិតផលផ្ដល់សំណើមលើស្បែកមុខនិងកជាប្រចាំដើម្បីប្រាកដថាស្បែកទទួលទានសំណើមគ្រប់គ្រាន់ជួយរក្សាភាពតឹងណែនទន់រលោង។
៣. ទឹកឃ្មុំ
ទឹកឃ្មុំមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងដំណើរការនៃភាពចាស់តាមវ័យ ប្រឆាំងអុកស៊ីតកម្ម និងផ្ដល់សំណើមដែលអាចជួយទប់ស្កាត់បញ្ហាស្បែកយារធ្លាក់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងអូលីវនិងទឹកក្រូចឆ្មារស្រស់ពី ២ ទៅ ៣ ដំណក់ជាមួយទឹកឃ្មុំ ៣ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខ ក៏ដូចជាក។ លាងសម្អាតចេញតាមក្រោយ។ អ្នកគួរអនុវត្តរូបមន្តនេះឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃ។
៤. ត្រសក់
កិនត្រសក់យកទឹក បន្ទាប់មកលាបម៉ាស្សាទឹកត្រសក់ស្រស់លើផ្ទៃមុខនិងក។ ទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី ឬរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តម្ដងក្នុងមួយថ្ងៃ។
៥. ទទួលទានឱ្យបានត្រឹមត្រូវ
អ្នកចាំបាច់គួរជ្រើសរើសប្រភេទនៃអាហារឱ្យបានត្រឹមត្រូវមុននឹងរួមបញ្ចូលវាក្នុងរបបអាហារប្រចាំថ្ងៃដើម្បីជួយបង្កើនការផលិតកូឡាជែន និងសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយទប់ស្កាត់បញ្ហាស្បែកយារធ្លាក់។ អាហារដែលអ្នកគួរព្យាយាមរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃរួមមានបន្លែបៃតង ផ្លែឈើស្រស់ៗ ត្រី គ្រាប់ធញ្ញជាតិ សាច់គ្មានខ្លាញ់ ជាដើម។
៦. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
ជាវិធីដ៏ងាយបំផុតមួយដើម្បីទប់ទល់នឹងបញ្ហាស្បែកយារធ្លាក់។ ទឹកជួយរក្សាសំណើមកោសិកាស្បែកដែលធ្វើឱ្យតឹងណែន។ ទឹកក៏ជួយកម្ចាត់ជាតិពុលផ្ដល់ឱ្យស្បែកនូវភាពរលោងស្រស់ថ្លាផងដែរ។
៧. ធ្វើលំហាត់ប្រាណទៀងទាត់
ការធាត់លើសទម្ងន់អាចធ្វើឱ្យស្បែកមុខយារបាត់បង់ភាពតឹងណែន ក៏ដូចជាភាពបត់បែនគួរឱ្យព្រួយបារម្ភ។ ដូច្នេះការធ្វើលំហាត់ប្រាណជាប្រចាំនឹងជួយឱ្យអ្នករក្សាបាននូវទម្ងន់ត្រឹមត្រូវសមស្រប រួមជាមួយស្បែកស្រស់ស្អាតក្មេងជាងវ័យផងដែរ។
៨. គ្រប់គ្រងស្ត្រេស
តានតឹងក្នុងអារម្មណ៍សឹងតែរាល់ថ្ងៃទៅហើយមែនទេ? ដូច្នេះកុំភ្ញាក់ផ្អើល ប្រសិនបើអ្នកមើលទៅចាស់ជាងវ័យរបស់ខ្លួន! ភាពតានតឹង ឬស្ត្រេសដែលមិនអាចគ្រប់គ្រងបានអាចធ្វើឱ្យស្បែកឆាប់ចាស់គួរឱ្យកត់សម្គាល់។ ដូច្នេះព្យាយាមកាត់បន្ថយភាពតានតឹង ហើយសម្រាកឱ្យបានគ្រប់គ្រាន់ទើបប្រសើរ
៩. ឈប់ជក់បារី
ប្រសិនបើអ្នកជក់បារី ចូរបញ្ឈប់ទម្លាប់មិនល្អនេះភ្លាម! ការជក់បារីយ៉ាងហោចណាស់ ២០ ដើមជាប្រចាំអាចធ្វើឱ្យស្បែកចាស់ជាងវ័យដល់ទៅ ១០ដងឯណោះ។
១០. កុំឱ្យស្បែកត្រូវពន្លឺព្រះអាទិត្យខ្លាំងពេក
ពន្លឺព្រះអាទិត្យល្អសម្រាប់សុខភាពស្បែក ប៉ុន្តែក៏បង្កផលប៉ះពាល់ដល់ស្បែកគួរឱ្យព្រួយបារម្ភ។ ហើយការត្រូវកម្ដៅព្រះអាទិត្យច្រើនពេកអាចបង្ករោគសញ្ញានៃភាពចាស់មុនវ័យ និងបង្កើនហានិភ័យនៃជំងឺមហារីកស្បែកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរស្ថិតនៅក្នុងម្លប់ចន្លោះម៉ោង ១១ ព្រឹក ដល់ ២ ល្ងាច ឬនៅពេលពន្លឺព្រះអាទិត្យក្ដៅខ្លាំង។ យ៉ាងហោចណាស់ ក៏ចេះបិតបាំងមុខ និងកុំភ្លេចលាបឡេការពារកម្ដៅថ្ងៃដែលមាន SPF ៣០ ឬខ្ពស់ជាងនេះដើម្បីការពារស្បែកពីកម្ដៅខ្លាំងនៃព្រះអាទិត្យរាល់ពេលចេញទៅក្រៅក្រោមកម្ដៅថ្ងៃ។
១១. គេងឱ្យបានច្រើនគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់ គឺសំខាន់ណាស់ប្រសិនបើអ្នកចង់ទប់ស្កាត់បញ្ហាស្បែកយារធ្លាក់។ ត្រូវចាំថានៅពេលរាងកាយសម្រាក គឺវានឹងចាប់ផ្ដើមជួសជុលខ្លួនឯង៕