ជាធម្មតា តើអ្នកតែងធ្វើអ្វី បន្ទាប់ពីទទួលទានអាហារពេលល្ងាចរួច? អង្គុយមើលទូរទស្សន៍? ឡើងទៅគេងលើគ្រែភ្លាម? (អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបាន) ប្រសិនបើអ្នកចង់ក្លាយជាមនុស្សម្នាក់ដែលមានសុខភាពល្អរឹងមាំនោះ ចូរចំណាយពេលដើរមួយភ្លែតប្រហែលពី ២០ ទៅ ៣០ នាទី ក្រោយពេលទទួលទានអាហារល្ងាច។ ថាតើការដើរខណៈពេលនេះផ្ដល់អត្ថប្រយោជន៍អ្វីខ្លះទៅ? វេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលនៃការដើរក្រោយអាហារល្ងាចចំពោះសុខភាព ៖

១. ធ្វើឲ្យការរំលាយអាហារមានភាពប្រសើរឡើង

ការដើរបន្ទាប់ពីទទួលទានអាហារពេលល្ងាច គឺជួយកំណត់បរិមាណត្រឹមត្រូវនៃការបញ្ចេញទឹករំលាយអាហារ ឬទឹកក្រពះ និងអង់ស៊ីមបំបែកអាហារ។ ហើយការទទួលទានអាហារសុខភាពល្អ គឺមិនអាចផ្ដល់ប្រយោជន៍អ្វីឡើយ ប្រសិនបើការរំលាយអាហារដំណើរការមិនបានត្រឹមត្រូវនោះ។ ដូច្នេះដើម្បីរក្សាបាននូវស្ថានភាពល្អប្រសើរនៃដំណើរការរំលាយអាហារក្នុងរាងកាយ ចូរឆ្លៀតដើរមួយភ្លែត។ ការដើរនេះមិនមែនជាលំហាត់ប្រាណល្អសម្រាប់រាងកាយតែមួយឡើយ ប៉ុន្តែក៏ចំពោះប្រព័ន្ធរំលាយអាហារផងដែរ។

២. កាត់បន្ថយបញ្ហានៃការច្រាលទឹកអាស៊ីតក្រពះ

តើអ្នកកំពុងជួបប្រទះបញ្ហាច្រាលទឹកអាស៊ីតក្រពះមែនទេ? នោះវាជាគំនិតល្អបំផុតមួយសម្រាប់អ្នកក្នុងការចំណាយពេលដើរនៅខាងក្រៅក្រោយពេលទទួលទានអាហារពេលល្ងាចរួច។ វិធីនេះជួយបង្ការទឹកអាស៊ីតក្រពះមិនឲ្យច្រាលឡើងទៅបំពង់អាហារ ដែលការច្រាលឡើងភាគច្រើនកើតមាននៅពេលអ្នកអង្គុយ ឬគេងភ្លាម បន្ទាប់ពីទទួលទានអាហារល្ងាច។ ហើយត្រូវប្រាកដខ្លួនឯងផងថា អ្នកមិនទទួលទានអាហារណាដែលបង្កឲ្យមានការច្រាលទឹកអាស៊ីតក្រពះ។

៣. កាត់បន្ថយកូឡេស្តេរ៉ូលមិនល្អ

ចំណាយពេលពី ២០ ទៅ ៣០ នាទី ក្រោយអាហារល្ងាច ដើម្បីដើរ គឺអាចជួយក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ដោយបង្កើនកូឡេស្តេរ៉ូលល្អក្នុងឈាម។ ពិតណាស់ កូឡេស្តេរ៉ូល គឺមានល្អ និងមិនល្អ ហើយការបង្កើនប្រភេទល្អ និងកាត់បន្ថយកូឡេស្តេរ៉ូលមិនល្អនោះអាចកើតមានទៅបានតាមរយៈការធ្វើលំហាត់ប្រាណ។

៤. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម

វាមិនត្រឹមតែកូឡេស្តេរ៉ូលមិនល្អប៉ុណ្ណោះទេដែលអាចកាត់បន្ថយបានតាមរយៈការដើរមួយភ្លែតក្រោយអាហារល្ងាច ប៉ុន្តែក៏រួមបញ្ចូលទាំងបរិមាណជាតិស្ករហួសកម្រិតនៅក្នុងចរន្តឈាមផងដែរ។ អាចនិយាយថា ការដើរភ្លាមបន្ទាប់ពីអាហារល្ងាច គឺល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ទោះជាយ៉ាងណា កុំភ្លេចពិនិត្យមើលរបបអាហារប្រចាំថ្ងៃរបស់អ្នកផង។

៥. កាត់បន្ថយស្ត្រេស

ការចំណាយពេលពី ២០ ទោ ៣០ នាទី ដើម្បីដើរភ្លាម ក្រោយទទួលទានអាហារល្ងាចរួច គឺត្រូវបានណែនាំជាពិសេសសម្រាប់អ្នកដែលមានបញ្ហាស្ត្រេស ឬតានតឹងក្នុងអារម្មណ៍។ មិនចាំបាច់ទៅម៉ាស្សា ឬមើលកុន ដើម្បីកាត់បន្ថយភាពតានតឹងទេ គ្រានតែដើរមួយភ្លែតក៏ជួយអ្នកបំបាត់ស្ត្រេសបានទាំងមិនអស់ប្រាក់។

៦. ជួយឲ្យគេងលក់បានស្រួលស្កប់

ពិបាកគេងលក់ ដោយសារបញ្ហាស្ត្រេស ឬថប់បារម្ភមែនទេ? បើអញ្ចឹងចូរសាកល្បងដើរពី ២០ ទៅ ៣០ នាទី ក្រោយអាហារល្ងាច ហើយអ្នកប្រាកដទទួលបានលទ្ធផលមិនគួរឲ្យជឿជាក់ជាមិនខាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង