ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាទម្លាប់មួយចំនួនអាចបណ្ដាលឱ្យស្បែកក្រោមក្លៀកប្រែជាខ្មៅ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយបញ្ហាក្លៀកខ្មៅអាចនាំឱ្យអ្នកបាត់បង់ទំនុកចិត្តលើសខ្លួនឯងនិងមានអារម្មណ៍ខ្មាសអៀនមិនហ៊ានពាក់អាវដៃខ្លី ឬវាលក្លៀក។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយឱ្យក្លៀកស ព្រមជាមួយទម្លាប់អ្នកគួរផ្លាស់ប្ដូរដើម្បីចៀសផុតបញ្ហាក្លៀកខ្មៅ ៖
- រូបមន្តធម្មជាតិជួយឱ្យក្លៀកស
១. ម្សៅ Baking soda
លាយម្ស៉ៅ Baking soda ជាមួយទឹកធម្មតាអោយក្លាយជាល្បាយខាប់ៗ រួចលាបដុសក្រោមក្លៀកក្នុងចលនាបែបរង្វង់យឺតៗសម្រាប់រយៈពេលប៉ុន្មាននាទីសឹមលាងសម្អាតចេញ។ ព្យាយាមអនុវត្តអោយបានពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍។
២. សំបកក្រូចឆ្មារ
ហាលសំបកក្រូចឱ្យស្ងួតល្អ សឹមកិនវាឱ្យក្លាយជាម្សៅៗ។ លាយម្សៅសំបកក្រូចជាមួយទឹកដោះគោឱ្យក្លាយជាល្បាយខាប់ៗ សឹមលាបដុសក្រោមក្លៀក។ ទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តសារឡើងវិញឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។
៣. ក្រូចឆ្មារ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់ក្រូចឆ្មារ ១ បន្ទះក្រាស់ រួចយកមកដុសក្លៀកសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ រងចាំសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាការស្រេច។ អនុវត្តជាប្រចាំ និងកុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដើម្បីទប់ស្កាត់ភាពស្ងួត។
៤. ប្រេងអូលីវនិងស្ករស
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងអូលីវ ៣ ស្លាបព្រាបាយជាមួយស្ករស ១ ពែង។ លាបល្បាយត្រង់ក្លៀក និងដុសខាត់ថ្នមៗសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញ។
៥. ត្រសក់
ប្រើប្រាស់បន្ទះត្រសក់មួយចំនួនមកដុសម៉ាស្សាត្រង់ក្លៀកដែលខ្មៅ។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី បន្ទាប់មកអនុវត្តសារឡើងវិញឱ្យបាន ២ ដងក្នុងមួយថ្ងៃ។ អ្នកអាចប្រើប្រាស់ទឹកត្រសក់ស្រស់តែម្ដងក៏បាន។
៦. រមៀត
លាយទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាបាយជាមួយម្សៅរមៀតឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយក្រោមក្លៀក។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។
៧. ស្ករសនិងប្រេងដូង
លាយស្ករស ១ ស្លាបព្រាកាហ្វេជាមួយប្រេងដូងបន្តិច រួចលាបម៉ាស្សាវាថ្នមៗក្រោមក្លៀក ត្រង់តំបន់ក និងផ្នែកខាងក្នុងនៃភ្លៅសម្រាប់រយៈពេលប៉ុន្មាននាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តអោយបាន ១ ទៅ ២ ដងក្នុងមួយសប្តាហ៍។
- ទម្លាប់ដែលគួរផ្លាស់ប្ដូរចេញ
១. ការស្លៀកពាក់សម្លៀកបំពាក់រឹបតឹងជាប់ជាប្រចាំ
ទម្លាប់នេះអាចបណ្ដាលឱ្យស្បែកក្រោមក្លៀកប្រែជាខ្មៅបានដោយសារកកិតជាប់និងបង្កការរលាកដល់ស្បែក។ ដូច្នេះដើម្បីជាការប្រសើរចូរចៀសវាងការស្លៀកសម្លៀកបំពាក់រឹបតឹងៗជាប្រចាំ។
២. មិនព្រមសម្រកទម្ងន់ដែលលើសចេញខ្លះ
ភាពធាត់ជ្រុល ឬលើសទម្ងន់ក៏អាចបង្កការកកិតនៃស្បែកដែលជាហេតុបណ្ដាលឱ្យស្បែកក្រោមក្លៀកប្រែជាខ្មៅ។ លើសពីនេះទៅទៀតភាពធាត់ជ្រុលក៏បង្កបញ្ហាអតុល្យភាពអ័រម៉ូនដែលជាអ្វីមួយអាចបណ្ដាលឱ្យផ្នែកខ្លះនៃរាងកាយរួមបញ្ចូលទាំងក្រោមក្លៀកប្រែជាខ្មៅ។ ការធ្វើលំហាត់ប្រាណជាប្រចាំនិងមានរបបអាហារសុខភាពល្អជួយឱ្យអ្នករក្សាបាននូវទម្ងន់ត្រឹមត្រូវប្រសើរមួយដែលមិនត្រឹមតែល្អចំពោះស្បែកក្រោមក្លៀកប៉ុណ្ណោះទេ ប៉ុន្តែ គឺសុខភាពរាងកាយទាំងមូលតែម្ដង។
៣. មិនខាត់សម្អាតស្បែកក្រោមក្លៀកឱ្យបានទៀងទាត់
ក្រោមក្លៀក គឺជាផ្នែកមួយនៃរាងកាយដែលងាយនឹងប្រមូលផ្ដុំនូវកោសិកាស្បែកងាប់ៗ។ ជាលទ្ធផលស្បែកក្រោមក្លៀកអាចនឹងមើលទៅឃើញខ្មៅដោយសារការប្រមូលផ្ដុំនៃកោសិកាស្បែកងាប់ៗ។ ហើយអ្វីដែលអ្នកចាំបាច់ត្រូវធ្វើដើម្បីកម្ចាត់កោសិកាស្បែកងាប់ៗ គឺខាត់សម្អាតស្បែក។ ចូរជ្រើសរើសប្រើប្រាស់ផលិតផលខាត់ស្បែកដែលមានកម្រិតស្រាល ហើយមានផ្ទុក lactic acid ឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយសប្តាហ៍។
៤. ប្រើប្រាស់ផលិតផលកម្ចាត់ក្លិនក្លៀកដែលមានកម្រិតខ្លាំង
ការប្រើប្រាស់រ៉ូលអនលាបក្លៀកក្រោយពេលងូតទឹករួចពិតជាអាចជួយផ្ដល់ក្លិនល្អប្រសើរដល់ក្លៀករបស់អ្នក។ ប៉ុន្តែទោះជាយ៉ាងណាផលិតផលកម្ចាត់ក្លិនក្លៀកមិនល្អដែលធ្វើឡើងពីវត្ថុធាតុដើមដែលមានកម្រិតខ្លាំងអាចបង្កបញ្ហាដល់ស្បែកដែលបណ្ដាលឱ្យក្រោមក្លៀកមានពណ៌ស្រអាប់ខ្មៅ។ ដូច្នេះដើម្បីជាការប្រសើរចូរជ្រើសរើសរ៉ូលអនលាបក្លៀកដែលមានកម្រិតស្រាល។
៥. ការដុសសម្អាតក្លៀកជាមួយសាប៊ូដុំដែលបណ្ដាលឱ្យស្ងួតស្បែក
ផលិតផលសាប៊ូមួយចំនួនត្រូវបានធ្វើឡើងដោយប្រើប្រាស់វត្ថុធាតុដើមកម្រិតខ្លាំងដែលអាចបណ្ដាលឱ្យស្បែកក្រោមក្លៀកប្រែជាស្ងួតខ្លាំង ហើយមើលទៅខ្មៅ។ ដើម្បីជាការប្រសើរចូរជ្រើសសាប៊ូដុសខ្លួនប្រភេទស្រាល។
៦. គ្មានរបបអាហារសុខភាពល្អ
អ្វីដែលអ្នកទទួលទានក៏ជះឥទ្ធិពលផ្ទាល់លើស្បែកក្រោមក្លៀកគួរឱ្យកត់សម្គាល់ផងដែរ។ ប្រសិនបើអ្នកមានទម្លាប់ទទួលទានអាហារសម្បូរខ្លាញ់និងជាតិស្ករនោះស្បែកគ្រប់ផ្នែកនៃរាងកាយនឹងប្រែជាគ្មានសុខភាពល្អ ហើយគ្រើម។ ការមានស្បែកប្រភេទនេះក្រោមក្លៀកអាចបណ្ដាលឱ្យក្លៀកមើលទៅខ្មៅ ព្រមទាំងងាយនឹងជួបប្រទះបញ្ហាឡើងរោលកន្ទួលថែមទៀត៕