ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់បានដឹងរួចមកហើយអំពីអត្ថប្រយោជន៍នៃដំឡូងបារាំងចំពោះសុខភាពរាងកាយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែក្រៅពីអត្ថប្រយោជន៍សុខភាព តើអ្នកធ្លាប់បានចាប់អារម្មណ៍ទេថាទឹកដំឡូងបារាំងស្រស់ក៏អាចផ្ដល់ផលល្អៗអស្ចារ្យជាច្រើនចំពោះសុខភាពសម្រស់? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបប្រើប្រាស់ដំឡូងបារាំងថែរក្សាសម្រស់ ៖

១. ទប់ស្កាត់បញ្ហាសក់ជ្រុះ

អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវកិនដំឡូងបារាំងជាមុនសិនដើម្បីយកទឹក។ បន្ទាប់មកលាយទឹកដំឡូងបារាំងស្រស់ជាមួយជែលប្រទាលកន្ទុយក្រពើស្រស់ក្នុងបរិមាណស្មើគ្នា។ កូរឱ្យសព្វ សឹមលាបម៉ាស្សាទឹកល្បាយលើស្បែកក្បាលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ កុំភ្លេចប្រើក្រាស់សិតសក់ដើម្បីឱ្យទឹកល្បាយចូលសព្វពេញសក់។ រងចាំសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។

២. កម្ចាត់ស្នាមមុននិងស្នាមអ៊ុចខ្មៅ

អ្វីដែលអ្នកត្រូវការ គឺទឹកដំឡូងបារាំង ១ ស្លាបព្រាបាយ និងទឹកប៉េងប៉ោះស្រស់ ១ ស្លាបព្រាបាយ។ ហើយអ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកដំឡូងបារាំងស្រស់ និងទឹកប៉េងប៉ោះស្រស់ចូលគ្នា។ កូរឱ្យសព្វ សឹមលាបទឹកល្បាយនេះលើស្នាមមុន និងស្នាមអ៊ុចខ្មៅលើផ្ទៃមុខរបស់អ្នក។ ទុកចោលសម្រាប់រយៈពេលប្រមាណពី ៤០ ទៅ ៤៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់ ឬទុកចោលពេញមួយយប់ សឹមលាងសម្អាតចេញនៅព្រឹកបន្ទាប់ក៏បាន។ អ្នកអាចអនុវត្តរូបមន្តនេះរាល់ថ្ងៃ រហូតទទួលបានលទ្ធផលគាប់ចិត្ត។

៣. ទប់ស្កាត់ស្នាមជ្រីវជ្រួញនិងធ្វើឱ្យស្បែកមុខស

អ្វីដែលអ្នកត្រូវការ គឺដំឡូងបារាំង ១ មើមតូច,​ ការ៉ុត ១ មើមតូច និងម្ស៉ៅរមៀត ១ ចិប។ អ្វីដែលអ្នកត្រូវធ្វើ គឺស្ងោរដំឡូងបារាំង និងការ៉ុតក្នុងទឹកធម្មតាសម្រាប់រយៈពេលប៉ុន្មាននាទីរហូតដល់ទន់។ ទុកឱ្យចុះត្រជាក់ សឹមហាន់ជាដុំតូចៗ រួចចាប់ផ្ដើមកិនរហូតដល់ក្លាយជាល្បាយម៉ដ្ឋខាប់ៗ ហើយបន្ថែមម្ស៉ៅរមៀតចូល និងកូរឱ្យសព្វ។ លាបល្បាយនេះលើផ្ទៃមុខ និងទុកចោលសម្រាប់រយៈពេល ១៥ នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។

៣. កម្ចាត់ស្នាមខ្មៅរង្វង់ខ្មៅក្រោមភ្នែក

អ្វីដែលអ្នកត្រូវការ គឺទឹកដំឡូងបារាំងស្រស់ចំនួន ២ ស្លាបព្រាកាហ្វេ និងទឹកត្រសក់ស្រស់ចំនួន ២ ស្លាបព្រាកាហ្វេ។ លាយទឹកដំឡូងបារាំង និងទឹកត្រសក់ចូលគ្នាឱ្យសព្វ សឹមលាបទឹកល្បាយក្រោមភ្នែកមុនពេលចូលគេងយប់។ លាងសម្អាតចេញនៅព្រឹកបន្ទាប់ជាមួយទឹកត្រជាក់។

៤. ព្យាបាលសក់ខូច

លាយជែលប្រទាលកន្ទុយក្រពើស្រស់ ២ ស្លាបព្រាបាយ ជាមួយទឹកដំឡូងបារាំងស្រស់ ៣ ស្លាបព្រាបាយ និងទឹកឃ្មុំ ១ ស្លាបព្រាបាយ។ កូរឱ្យសព្វល្អ សឹមលាបម៉ាស្សាលើស្បែកក្បាលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី បន្ទាប់មកកុំភ្លេចសិតសក់រហូតដល់ចុង។ រងចាំសម្រាប់រយៈពេល ១ ម៉ោង ឬច្រើនជាងនេះអាស្រ័យលើថាតើសក់របស់អ្នកខូចកម្រិតណា សឹមលាងសម្អាតចេញ។

៥. បំបាត់បញ្ហាក្លៀកខ្មៅ

អ្វីដែលអ្នកត្រូវធ្វើ គឺលាបទឹកដំឡូងបារាំងស្រស់ត្រង់ក្លៀក រួចទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញនិងជូតផ្ដិតៗឱ្យស្ងួតជាការស្រេច។

របៀបធ្វើទឹកដំឡូងបារាំងស្រស់ ៖ ដំបូងត្រូវលាងសម្អាតដំឡូងបារាំងឱ្យស្អាតជាមុនសិន រួចសឹមចិតសំបកចេញ ហើយកោស ឬឈូសយកសាច់ដំឡូងបារាំង។ បន្ទាប់មកយកសាច់ដំឡូងបារាំងដាក់ក្នុងក្រណាត់ស្បៃស្អាតមួយ ហើយចាប់ផ្ដើមច្របាច់យកទឹកដំឡូង។ ឬក៏អ្នកអាចហាន់ដំឡូងជាដុំៗ រួចដាក់ចូលក្នុងម៉ាស៊ីនកិន ឬកៀនយកទឹកផ្លែឈើ ហើយសឹមត្រងយកតែទឹកនៃដំឡូងបារាំងកុំឱ្យដោយកាកជាការស្រេច។ អ្នកអាចរក្សាទុកទឹកដំឡូងបារាំងក្នុងទូរទឹកកកដើម្បីប្រើប្រាស់បានដល់ទៅ ២ ថ្ងៃ ប្រសិនបើចាក់វាក្នុងក្រឡកែវមានគំរបបិទជិតមួយ។

ចំណាំ ៖ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៌ ទើបដំឡូងបារាំងអាចជួយកម្ចាត់កោសិកាស្បែកងាប់ៗធ្វើឱ្យស្បែកកាន់តែមានពន្លឺនិងស្រស់ថ្លាបានឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពខ្ពស់៕