ស្បែកជាញឹកញយត្រូវប៉ះផ្ទាល់នឹងកម្ដៅថ្ងៃ ខ្យល់ ធូលី និងភាពកខ្វក់ផ្សេងៗ ព្រមទាំងកត្តាបរិស្ថានជុំវិញដែលអាចនាំឱ្យស្រអាប់និងស្ងួត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលបញ្ហានេះកើតឡើងសញ្ញានៃភាពចាស់តាមវ័យនៃស្បែកនឹងលេចឡើងជុំវិញភ្នែក មាត់ និងសូម្បីតែថ្ងាស។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីពន្យឺតសញ្ញានៃភាពចាស់តាមវ័យ ៖
១. រួមបញ្ចូលផ្លែបឺរក្នុងរបបអាហារ
ផ្លែបឺរជាប្រភពដ៏ប្រសើរនៃវីតាមីន E ព្រមទាំងអាស៊ីតខ្លាញ់សុខភាពល្អច្រើនទៀតដែលរាងកាយត្រូវការដើម្បីបង្កើនការផលិតកូឡាជែនសម្រាប់រក្សាភាពភ្លឺរលោងតឹងណែន។ វីតាមីន E ក៏ចាំបាច់សម្រាប់ជួសជុលបង្កើតកោសិកាស្បែកដែលខូចខាតឡើងវិញ ខណៈដែលអាស៊ីតខ្លាញ់សុខភាពល្អជួយជម្រុញលំហូរឈាមសម្រាប់ភាពភ្លឺរលោងបែបធម្មជាតិ។ ទោះបីវ័យកាន់តែជ្រេទៅ ប៉ុន្តែអ្នកនឹងនៅតែទទួលបាននូវស្បែកដែលមើលទៅក្មេងជាងវ័យ។
២. ទទួលទានស្រាក្រហមមួយកែវកំឡុងពេលអាហារល្ងាច
ស្រាក្រហមមានផ្ទុកសារធាតុប្រឆាំអុកស៊ីតកម្ម resveratrol ដែលអាចជួយពន្យឺតភាពចាស់តាមវ័យនៃស្បែក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានស្រាក្រហម ១កែវ ខណៈពេលញ៊ាំអាហារល្ងាចជាការស្រេច។
៣. កុំភ្លេចទទួលទានតែបៃតង
តែបៃតងមានផ្ទុកសារធាតុ polypenols និង catechins ដែលជួយកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យបំផ្លាញកោសិកាស្បែក។
៤. មុនចូលគេងកុំភ្លេចលាងសម្អាតគ្រឿងសម្អាងមុខចេញ
ទោះបីអ្នកអស់កម្លាំងយ៉ាងណាក៏ដោយ អ្នកចាំបាច់ត្រូវលាងសម្អាតគ្រឿងតុបតែង ឬគ្រឿងសម្អាងចេញឱ្យអស់ពីស្បែកមុខមុខពេលចូលគេង។ ដឹងទេ? នៅពេលដែលអ្នកគេង គឺស្បែកនឹងចាប់ផ្ដើមជួសជុលខ្លួនឯង ហើយនៅពេលយប់រន្ធញើសក៏ត្រូវបើកឡើងផងដែរ។ ប្រសិនបើអ្នកមិនលាងជម្រះគ្រឿងសម្អាងចេញទេ នោះរន្ធញើសនឹងប្រែជាស្ទះបង្កការរលាកនិងឡើងស្នាមជាំ។ ការសម្អាតគ្រឿងសម្អាងចេញពីស្បែកមុខអាចទប់ស្កាត់បញ្ហាស្ទះរន្ធញើស។ អ្នកអាចប្រើប្រាស់បន្ទះសំឡីជាមួយប្រេងអូលីវ ឬប្រេងដូងធម្មជាតិសម្រាប់ជូតសម្អាតគ្រឿងសម្អាងពីលើផ្ទៃមុខ ពិសេសលើតំបកភ្នែក។ បន្ទាប់មកប្រើប្រាស់សាប៊ូកម្រិតស្រាល ឬធម្មជាតិលាងសម្អាតស្បែកមុខចេញជាការស្រេច។ អ្នកគួរលាងសម្អាតស្បែកមុខតែ ២ ដងក្នុងមួយថ្ងៃបានហើយ គឺនៅពេលព្រឹកនិងមុនពេលចូលគេង។
៥. ប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែក
ការប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែក គឺចាំបាច់ណាស់នៅមុនពេលអ្នកចូលគេងដោយស្បែកនឹងជួសជុលខ្លួនឯងកំឡុងពេលនេះ។ ដើម្បីរក្សាបាននូវស្បែកដែលមានទៅក្មេងជាងវ័យនិងមានសុខភាពល្អ ចូរជ្រើសរើសប្រើប្រាស់គ្រីមលាបផ្ដល់សំណើមដល់ស្បែកនៅពេលយប់ដែលមានផ្ទុកអាស៊ីត hyaluronic ដោយសារធាតុនេះនឹងជួយទប់ស្កាត់បញ្ហានៃភាពចាស់តាមវ័យនៃស្បែក។
៦. កុំភ្លេចត្រឡប់ខ្នើយ
ប្រសិនបើចង់រក្សាបាននូវស្បែកដែលគ្មានស្នាមជ្រីវជ្រួញនិងរោគមុន ចូរជ្រើសរើសប្រើប្រាស់ស្រោមខ្នើយធ្វើឡើងពីសូត្រ និងឧស្សាហ៍ត្រឡប់ខ្នើយមុនគេងជាប្រចាំ។ ការធ្វើបែបនេះជួយឱ្យធូលី ឬភាពកខ្វក់ដែលជាប់លើខ្នើយជ្រុះចេញ។ ប៉ុន្តែដើម្បីជាការប្រសើរ ចូរព្យាយាមគេងផ្ងារ។ អ្នកក៏ចាំបាច់ត្រូវសម្អាតស្រោមខ្នើយជាប្រចាំផងដែរ ដោយកោសិកាស្បែកងាប់ៗ ទឹកមាត់ និងធូលីដី អាចធ្វើឱ្យខ្នើយនិងស្រោមខ្នើយមានភាពកខ្វក់ជាប្រភពនៃពពួកបាក់តេរី។ ដូច្នេះត្រូវប្រាកដថាអ្នកបានបោកសម្អាតស្រោមខ្នើយរាល់ ២ សប្តាហ៍ម្ដង និងបោកសម្អាតខ្នើយឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយឆ្នាំដើម្បីឱ្យស្បែករក្សាបាននូវសុខភាពល្អ។ កុំភ្លេចហាលខ្នើយឱ្យស្ងួត សឹមយកមកប្រើប្រាស់ដើម្បីទប់ស្កាត់ការឡើងផ្សិត៕