ខ្លាញ់ត្រង់ក ឬភាគច្រើននៃពួកយើងតែងហៅថា “ណង់ក” គឺស្ថិតនៅក្រោមស្បែកនៃក។ ខ្លាញ់ត្រង់កអាចបណ្ដាលមកពីកត្តាជាច្រើន ប៉ុន្តែមូលហេតុចម្បងនោះ គឺការកើនទម្ងន់ និងជំងឺធាត់ជ្រុល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការកើនឡើងនៃខ្លាញ់ក ក៏អាចជាសញ្ញាមួយនៃបញ្ហាសុខភាពផ្សេងៗ រួមទាំងការកើនឡើងនូវហានិភ័យនៃបញ្ហាបេះដូង។ ថាតើយើងអាចដោះស្រាយបញ្ហាខ្លាញ់ត្រង់កបែបណាទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិ និងលំហាត់ប្រាណងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយកម្ចាត់ខ្លាញ់ត្រង់កបានយ៉ាងឆាប់រហ័ស ៖
១. ប្រទាលកន្ទុយក្រពើ
ជំនួសឱ្យការស្តុកទុកនូវខ្លាញ់និងកាបូអ៊ីដ្រាត ប្រទាលកន្ទុយក្រពើជួយបំលែងវាទៅជាថាមពលជំនួសវិញ។ ប្រទាលកន្ទុយក្រពើក៏ជម្រុញបង្កើនការផលិតកូឡាជែននិងបង្កើនល្បឿននៃការដុតរំលាយអាហារក្នុងរាងកាយផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកប្រទាលកន្ទុយក្រពើស្រស់ ១ ពែង ឱ្យបានពី ១ ទៅ ២ ដងក្នុងមួយថ្ងៃជាប្រចាំ។
២. ទឹកក្រូចឆ្មារស្រស់
ទឹកក្រូចឆ្មារមានប្រសិទ្ធិភាពជួយកម្ចាត់ជាតិខ្លាញ់បានយ៉ាងប្រសើរ។ វីតាមីន C ដែលមានផ្ទកក្នុងក្រូចឆ្មារជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលជួយបង្កើនការរំលាយអាហារ និងដុតបំផ្លាញខ្លាញ់ដែលលើស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ម្ខាង ចូលក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ រួចបន្ថែមទឹកឃ្មុំចូលបន្តិច។ កូរឱ្យសព្វ សឹមទទួលទានរាល់ព្រឹកមុនពេលទទួលទានអាហារពេលព្រឹក។ អនុវត្តរូបមន្តនេះយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ។
៣. ផ្នែកពណ៌សនៃស៊ុត
ជាប្រភពដ៏ប្រសើរនៃគ្រឿងផ្សំធម្មជាតិដែលជួយបន្តឹងរន្ធញើសនិងស្បែក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបែងចែកផ្នែកពណ៌សនៃស៊ុតចេញពីផ្នែកពណ៌លឿង។ បន្ទាប់មកអ្នកអាចបន្ថែមទឹកដោះគោស្រស់ ទឹកឃ្មុំ ឬទឹកក្រូចឆ្មារស្រស់។ កូរវឹកគ្រឿងផ្សំឱ្យសព្វចូលគ្នា សឹមលាបម៉ាស្សាចង្កា ខ្សែឆ្អឹងថ្កាម និងណង់-ក។ រងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អ្នកអាចអនុវត្តសារឡើងវិញរាល់ថ្ងៃដើម្បីឆាប់ទទួលបានលទ្ធផលកាន់តែប្រសើរ។
៤. ម៉ាស្សាចង្កាមុនពេលចូលគេង
ជាដំបូងអ្នកត្រូវដាក់បាតដៃលើផ្នែកខាងក្រោមនៃកដូចជាកំពុងប្រើម្រាមដៃចាប់។ បន្ទាប់មករំកិលដៃឡើងលើនិងឆ្លាស់ដៃគ្នា។ អនុវត្តសារឡើងវិញសម្រាប់រយៈពេលប្រហែល ៧ នាទី។ ត្រូវចងចាំថាកុំម៉ាស្សាស្បែកក្នុងចលនាចុះក្រោមឱ្យសោះ មិនដូច្នោះទេស្បែកអាចយារធ្លាក់បណ្ដាលឱ្យណង់កកាន់តែធំជាងមុន។ អ្នកក៏អាចធ្វើលំហាត់ប្រាណចង្កាដោយជាដំបូងត្រូវទប់ក្បាលឱ្យនៅកណ្ដាលរវាងស្មាទាំងសងខាង។ បន្ទាប់មកអោនចង្កាចុះក្រោម ហើយរុញមុខទៅមុខ រួចបង្វែរក្បាលយឺតទៅខាងឆ្វេង សឹមត្រឡប់មកកណ្ដាល ឬទីតាំងដើមវិញ។ អនុវត្តដូចគ្នាចំពោះផ្នែកខាងស្ដាំ។ ដើម្បីទទួលបានលទ្ធផលប្រសើរ ចូរអនុវត្តលំហាត់ប្រាណនេះឱ្យបានពី ៥ ទៅ ១០ ដងរាល់ថ្ងៃ។
៥. ម៉ាស្សាជាមួយប្រេង
ប្រេងធម្មជាតិរួមមានប្រេងអូលីវ ប្រេងដូង ប្រេងវីតាមីន E ប្រេងអាល់ម៉ុន និងប្រេងផ្លែបឺរ គឺជាជំរើសដ៏ល្អដែលអ្នកគួរពិចារណាប្រើប្រាស់ដើម្បីកម្ចាត់បញ្ហាស្បែកយារធ្លាក់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកម្ដៅប្រេងណាមួយដូចរៀបរាប់រួចលាបម៉ាស្សាលើមុខនិងករាល់ពេលមុនចូលគេងសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី៕