ឥណ្ឌូនេស៊ីត្រៀមទទួលវត្ថុធាតុដើមមកពីក្រុមហ៊ុនចិន Sinovac Biotech ដើម្បីផលិតវ៉ាក់សាំង១៥លានដូស ដែលនឹងបន្ថែមលើវ៉ាក់សាំង៣លានដូសដែលចិនបានបញ្ជូនមកកាន់ប្រទេសនេះរួចហើយ។
វ៉ាក់សាំងកូវីដ-១៩ ចំនួន១,៨លានដូស បានមកដល់អាកាសយានដ្ឋានអន្តរជាតិក្រុងបាន់តេន នាសៀលថ្ងៃព្រហស្បតិ៍។ នេះជាវ៉ាក់សាំងកូវីដ-១៩ របស់ចិនក្រុមទី២ ដែលបានបញ្ជូនមកដល់ឥណ្ឌូនេស៊ី បន្ទាប់ពីការបញ្ជូនក្រុមទី១ ចំនួន១,២លានដូស កាលពីថ្ងៃ០៦ ធ្នូ កន្លងមក។
កន្លងមកឥណ្ឌូនេស៊ី ទទួលបានការធានាពីក្រុមហ៊ុនចិនក្នុងការផ្គត់ផ្គង់វ៉ាក់សាំង១២៥,៥លានដូស ហើយការប្រគល់នឹងបន្តរហូតដល់ឆ្នាំ២០២២។
កាលពីថ្ងៃពុធ ក្រុមហ៊ុនឱសថឥណ្ឌូនេស៊ីឥណ្ឌូហ្វារម៉ា បានចុះហត្ថលេខាជាមួយក្រុមហ៊ុនឱសថអាមេរិកណូវ៉ាវ៉ាក់ សំរាប់វ៉ាក់សាំង៥០លានដូស ហើយបាយអូហ្វារម៉ា ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអង់គ្លេស-ស៊ុយអែត AstraZeneca សំរាប់វ៉ាក់សាំង៥០លានដូសទៀត។
រដ្ឋាភិបាលឥណ្ឌូនេស៊ី រំពឹងថានឹងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Pfizerសំរាប់វ៉ាក់សាំង ៥០លានដូសផងដែរ៕