ការ​ឈឺ​ដើមទ្រូង​, ក្តៅខ្លួន​ខ្លាំង​, និង​ហូរ​ឈាម​ច្រើន គឺជា​រោគ​សញ្ញា​ដែល​ងាយ​នឹង​សំគាល់​ឱ្យ​យើង​ដឹង​ថា​មាន​អ្វី​ខុស​ប្រក្រតី និង​ជា​ពេល​ដែល​ត្រូវ​ទៅ​មន្ទីរពេទ្យ​។ ប៉ុន្តែ​ពេល​ខ្លះ រាង​កាយ​របស់​យើង​លេច​សញ្ញា​ដែល​មិន​ច្បាស់លាស់​ដូច​ជា អាកា​រៈ​ចាក់​ដោត​នៅ​ដៃ និង​ការ​ឈឺក្បាល​ម្តងម្កាល​។ ខាងក្រោម​នេះ​គឺជា​រោគ​សញ្ញា​ទាំង ១០ ដែល​ត្រូវការ​ការ​យកចិត្តទុកដាក់​របស់​អ្នក​។​ដូច្នេះ​តើ​សុភាព​នារី​ទាំងអស់​គួរ​ធ្វើ​ដូច​ម្តេច?​សូម​អញ្ជើញ​ពិនិត្យ​មើល​ដោយ​យកចិត្តទុកដាក់​អំ​បី​សញ្ញា​ខាងក្រោម​នេះ​ដែល​កើត​មាន​ញឹកញាប់​ចំពោះ​ស្ត្រី​។

សុដន់​ហើម​និង​ប្តូរ​ពណ៌

វា​ជា​រឿង​ធម្មតា​ដែល​សុដន់​ឡើង​ធំ​បន្តិច (​ពេល​ខ្លះ​ហើម​ខ្លាំង​) មុន​ពេល​អ្នកមាន​ឈាន​រដូវ និង​ពេល​អ្នក​កំពុង​មានគភ៌​។ ប៉ុន្តែ​ការ​ហើម​ឬ​ប្តូរ​ពណ៌​លឿន​ខុសធម្មតា (​ស្វាយ​ឬ​ឡើង​អុជ​ក្រហម​) អាច​ជា​សញ្ញា​នៃ​មហារីក​ហើម​សុដន់ (inflammatory breast cancer) ដែល​ជា​ប្រភេទ​មហារីក​កម្រ​ដែល​មានការ​វិវត្តន៍​យ៉ាង​រហ័ស​។ នៅ​ពេល​មាន​រោគ​សញ្ញា​បែប​នេះ​កើតឡើង សូម​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​របស់​អ្នក​ក្រែង​មាន​ជំងឺ​សុដន់​ណាមួយ​។

ការ​ហើមពោះ

ស្ត្រី​ជា​ច្រើន​ដែល​មានការ​ហើម​ដោយសារ​ការ​មាន​រដូវ និង​ប្រតិកម្ម​ជាមួយ​អាហារ​អាច​ហើមពោះ​ក្នុង​រយៈពេល ១ ទៅ ២​ថ្ងៃ​។ ប៉ុន្តែ ការ​ហើមពោះ​ដែល​មាន​យូរ​ជាង ១​ស​ប្តា​ហ៍​អាច​ជា​សញ្ញា​ដំបូង​នៃ​មហារីក​ក្រពេញ​អូ​វ៉ែ (ovarian cancer)​។ រោគ​សញ្ញា​ផ្សេង​ទៀត​រួម​មាន រហ័ស​ឆ្អែត​ឬ​ពិបាក​ក្នុង​ការ​ទទួលទាន​, ឧស្សាហ៍​បត់ជើងតូច​, និង​អស់កំលាំង​មិន​ឈប់​ឈរ​។ ដោយសារ​តែ​រោគ​សញ្ញា​នៃ​មហារីក​អូ​វ៉ែ​មាន​លក្ខណៈ​មិន​ច្បាស់លាស់​ដែល​បណ្តាល​ឱ្យ​យើង​មិន​ចាប់អារម្មណ៍ ដូច្នេះ​ហើយ​ករណី​នៃ​មហារីក​នេះ​ភាគច្រើន​មិន​ត្រូវ​បាន​រក​ឃើញ​ទាន់​ពេលវេលា​ឡើយ​។​ពេល​ខ្លះ​គេ​រក​ឃើញ​វា​នៅ​ដំណាក់កាល​ចុង​ក្រោយ​។ ប្រសិនបើ​អ្នក​ហើមពោះ​ខុសធម្មតា ឬ​មិន​ឈប់​ឈរ អ្នក​ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​រោគ​ស្ត្រី​។

លាមក​មាន​ឈាម ឬ​ខ្មៅ

លាមក​ប្តូរ​ពណ៌​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទៅ​តាម​អាហារ​និង​ថ្នាំ​ដែល​អ្នក​ទទួលទាន (​ឧទាហរណ៍​៖ ថ្នាំ​បន្ថែម​ជាតិ​ដែក​អាច​ធ្វើ​ឱ្យ​លាមក​របស់​អ្នកមាន​ពណ៌​ខ្មៅ​)​។ បើ​លាមក​ពណ៌​ត្នោត​ឬ​បៃតង វា​ជា​រឿង​ធម្មតា ប៉ុន្តែ​សំរាប់​លាមក​មាន​ឈាម​ឬ​ខ្មៅ វា​កម្រ​នឹង​មិន​មាន​បញ្ហា​ណាស់​។ លាមក​ខ្មៅ​មាន​ន័យ​ថា ប្រដាប់​រំលាយ​អាហារ​របស់​អ្នក​នៅ​ផ្នែក​ខាងលើ​(upper gastrointestinal (GI) tract ) របស់​អ្នក មាន​ហូរ​ឈាម​។ អ្នក​គួរ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​រក​រោគវិនិច្ឆ័យ​នៃ​ការ​ហូរ​ឈាម​នោះ​នៅ​តាម​ផ្លូវ​រំលាយ​អាហារ​ដូ​ជា​ជំងឺ​ដំបៅ​ក្រពះ​ជំងឺមហារីក​និង​ជំងឺ​ឬ​ស​ដូង​បាត​ជាដើម​។

ដកដង្ហើម​ដង្ហក់​ខុសធម្មតា

ការ​ដើរ​ឡើង​ជ​ណ្តី​រ​ខ្ពស់ ឬ​ចំណោត​ខ្លាំង​ធ្វើ​ឱ្យ​មានការ​ពិបាក​ដង្ហើម​។ ប៉ុន្តែ​ការ​ដកដង្ហើម​ដង្ហក់​ឬ​ពិបាក​ក្នុង​ការ​ដកដង្ហើម បន្ទាប់​ពី​ការ​ដើរ​រយៈពេល​ខ្លី ដូច​ជា​ការ​ដើរទៅ​ចំណតរថយន្ត​អាច​ជា​សញ្ញា​ដំបូង​នៃ​កង្វះខាត​ឈាម​ដែល​ទៅ​ចិញ្ចឹម​បេះដូង (coronary ischemia)​ដោយសារ​ការ​ស្ទះ​ត្រង់​ណាមួយ​នៃ​សរសៃឈាម​ដែល​នាំ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​។ ការ​ស្ទះ​សរសៃឈាម​ទាំងស្រុង អាច​បណ្តាល​ឱ្យទៅ​ជា​គាំងបេះដូង​។ ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ពី​ភាព​ពិបាក​ដកដង្ហើម​។ ប្រសិនបើ​អ្នក​ចាប់ផ្តើម​មាន​រោគ​សញ្ញា​ផ្សេង​ទៀត ដូច​ជា ឈឺ​ឬ​មិន​ស្រួល​ក្នុង​ទ្រូង​, ចង់​ក្អួត​, សូម​ប្រញាប់​ទៅ​បន្ទប់សង្គ្រោះបន្ទាន់​កាន់តែ​ឆាប់​កាន់តែ​ល្អ​។

អស់កម្លាំង​មិន​ឈប់​ឈរ

ជីវិត​សម័យកាល​ទំនើប​នេះ​នាំ​អោយ​ការ​កាត់​បន្ថយ​ការ​គេង​និង​បង្កើន​អស់កម្លាំង ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ដែល​មាន​អារម្មណ៍​ស្រួលខ្លួន​ទេ​នោះ (​ទោះបីជា​បន្ទាប់​ពី​ការ​គេង​លក់​ដ៏​ស្រួល​) ភាព​ង​ស់​កម្លាំង​របស់​អ្នក​អាច​ជា​សញ្ញា​នៃ​សកម្មភាព​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្លាក់​ចុះ​(hypothyroidism)​។ នៅ​ពេល​ដែល​ដំណើរការ​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ថយ​ចុះ អ្នក​នឹង​មាន​អារម្មណ៍​កាន់តែ​អស់កំលាំង​។ រោគ​សញ្ញា​ផ្សេង​ទៀត​នៃ​ស្ថានភាព​ក្រ​ពេញទី​រ៉ូ​អ៊ី​ត រួម​មាន ការ​ធ្លាក់​ទឹកចិត្ត សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​កម្លាំង​សាច់ដុំ​ធ្លាក់​ចុះ​។ អ្នក​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ប្រសិនបើ​មាន​ករណី​នេះ​កើតឡើង​។ គ្រូពេទ្យ​នឹង​ពិនិត្យ​មើល​កំរិត​អ័រម៉ូន​របស់​អ្នក និង​ពិនិត្យ​រក​រោគ​សញ្ញា​ផ្សេង​ទៀត ដូច​ជា ការ​គេង​អត់​ដកដង្ហើម (sleep apnea)​។

ការ​ស្រក​ទម្ងន់

ការ​ស្រក​ទំងន់​ដោយ​ខ្លួនឯង​គឺជា​រឿង​គួរ​ឱ្យ​បារ​ម្ម​ណ៍ លើកលែងតែ​អ្នក​ព្យាយាម​សំរក​ទម្ងន់​។ សញ្ញា​គ្រោះថ្នាក់ ១ ក្នុង​ចំណោម​សញ្ញា​ដទៃ​ទៀត​ដូច​ជា មហារីក គឺ​ការ​ស្រក​ទម្ងន់​ដោយ​មិនដឹង​មូលហេតុ​។ អ្នក​គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ប្រសិនបើ​អ្នកមាន​សញ្ញា​បែប​នេះ​។

រោម​ទ្រូង​ឬ​មុខ

កម្រិត​ឡើង​ខ្ពស់​នៃ androgens (​អរ​ម៉ូ​ន​បុរស​) អាច​ធ្វើ​ឱ្យ​រោម​ដុះ​ច្រើន និង​អាច​ជា​សញ្ញា​នៃ polycystic ovary syndrome (PCOS) ដែល​ជា​ជំងឺ​អរ​ម៉ូ​ន​ញឹកញាប់​បំផុត​ក្នុង​ចំ​ណើ​ម​ស្ត្រី​ក្ន​ងុ​វ័យ​បង្ករ​កំនើត​។ សញ្ញា​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង PCOS មាន​ដូច​ជា ចេញ​មុន លើស​ទម្ងន់ មក​រដូវ​មិន​ទៀងទាត់ និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។

បញ្ហា​ពោះ

ការ​ឈឺ​ឬ​ចុកពោះ​ញឹកញាប់ ការ​រាគ និង​/​ឬ ការ​ទល់លាមក អាច​ជា​សញ្ញា​នៃ​រោគ​រលាក​ពោះវៀន (irritable bowel syndrome (IBS)) ដែល​ជា​ប្រជុំ​សញ្ញា​មួយ​ដែល​កើតឡើង​ចំពោះ​ស្ត្រី​ច្រើន​ជាង​បុរស​។ វា​ងាយស្រួល​នឹង​មើល​រំលង​ឬ​បាត់​រោគ​សញ្ញា​ទៅ​វិញ ដូច​ជា​ការ​មិន​ស្រួល​ពោះ (upset stomach) ឬ ការ​ទទួលទាន​អាហារ​មិន​ស្អាត ប៉ុន្តែ​រោគ​រលាក​ពោះវៀន​អាច​ព្យាបាល​បាន​ដោយ​ការ​ប្តូរ​អាហារ​ប្រចាំ​ថ្ងៃ របៀប​រស់នៅ និង​ការ​គ្រប់គ្រង​ភាព​តានតឹង​អារម្មណ៍ (stress management)​។ ការ​ទទួលទាន​ថ្នាំ​អាច​ជួយ​បំបាត់រោគ​សញ្ញា​។​រាល់​ការ​ប្រើ​ថ្នាំ​គួរតែ​មានការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។

ហូរ​ឈាម​តាន​យោនី​បន្ទាប់​ពី​វ័យ​អស់​ឈាមរដូវ

ការ​ហូរ​ឈាម​នេះ​មិនមែន​ធម្មតា​ទេ អ្នក​គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​ឆាប់​បំផុត​។ ការ​ហូរ​ឈាម​អាច​មិន​មាន​គ្រោះថ្នាក់​អ្វី​នោះ​ទេ ប៉ុន្តែ​វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​ធ្ងន់ធ្ងរ ដូច​ជា មហារីក​។

អស់កម្លាំង ឈឺក្បាល វិលមុខ បាត់បង់​លទ្ធភាព​មើល​ឬ​និយាយ

ប្រសិនបើ​រោគ​សញ្ញា​មួយ​ឬ​ច្រើន​ក្នុង​ចំណោម​រោគ​សញ្ញា​ទាំង​អស់នេះ​កើតឡើង​ធ្ងន់ធ្ងរ​ភ្លាម​ៗ​និង​មិន​ដោយ​មិនដឹង​មូលហេតុ​អ្នក​ត្រូវ​ប្រញាប់​ស្វែងរក​ការ​ពិនិត្យ​និង​ព្យាបាល​។ វា​អាច​ជា​សញ្ញា​នៃ​ការ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង