ទោះជាភាគច្រើននៃពួកយើងស្គាល់ និងឧស្សាហ៍ទទួលទានប៉េងប៉ោះ ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាបន្លែនេះអាចផ្ដល់អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ចំពោះសម្រស់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើប៉េងប៉ោះអាចផ្ដល់ផលល្អៗអ្វីខ្លះចំពោះសម្រស់របស់អ្នក? ខាងក្រោមវេបសាយសុខភាព Health.com.kh
នឹងបង្ហាញឱ្យដឹងពីរបៀបងាយៗក្នុងការប្រើប្រាស់ប៉េងប៉ោះថែរក្សាសម្រស់ ៖
១. ប៉េងប៉ោះនិងទឹកឃ្មុំ
រូបមន្តនេះសាកសមណាស់សម្រាប់ព្យាបាលស្នាមជាំខ្មៅលើស្បែកមុខ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមទឹកឃ្មុំ ២ ស្លាបព្រាកាហ្វេក្នុងសាច់ប៉េងប៉ោះស្រស់ ២ ស្លាបព្រាបាយ រួចកិនលាយឱ្យសព្វ។ លាបល្បាយលើស្បែកមុខនិងរងចាំសម្រាប់រយៈពេល ១៥ នាទី ឬរហូតដល់ស្ងួត។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
២. ប៉េងប៉ោះនិងផ្លែបឺរ
រូបមន្តនេះជួយឱ្យស្បែកមុខភ្លឺស្រស់ថ្លា ហើយសាកសមសម្រាប់អ្នកដែលមានបញ្ហាស្បែកមុខស្ងួត ឬខ្លាញ់ និងឆាប់ប្រតិកម្ម។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយសាច់ផ្លែបឺរនិងប៉េងប៉ោះក្នុងបរិមាណស្មើគ្នាចូលគ្នាឱ្យម៉ដ្ឋ។ បន្ទាប់មកលាបល្បាយលើស្បែកនិងរងចាំសម្រាប់រយៈពេល ១០ នាទី ឬរហូតដល់ស្ងួតសឹមលាងសម្អាតចេញជាការស្រេច។ អនុវត្តឱ្យបានយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃជាប្រចាំ។ រូបមន្តនេះថែមទាំងជួយរក្សាសំណើមដល់ស្បែកនិងកាត់បន្ថយស្នាមជ្រីវជ្រួញផងដែរ។
៣. ប៉េងប៉ោះនិងទឹកក្រូចឆ្មារស្រស់
រូបមន្តនេះជួយបង្រួមរន្ធញើស និងកាត់បន្ថយការផលិតជាតិប្រេង ឬខ្លាញ់នៃស្បែកមុខ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមទឹកក្រូចឆ្មារស្រស់ពី ៤ ទៅ ៥ ដំណក់ក្នុងទឹកប៉េងប៉ោះស្រស់ ១ ស្លាបព្រាពេញ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខ។ រងចាំសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៤. ប៉េងប៉ោះនិងជែលប្រទាលកន្ទុយក្រពើស្រស់
រូបមន្តនេះជួយកម្ចាត់ស្នាមថ្នក់ខ្មៅក្រោមភ្នែក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ពី ២ ទៅ ៣ ដំណក់ជាមួយទឹកប៉េងប៉ោះស្រស់ ១ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបល្បាយលើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេល ១០ នាទី មុននឹងលាងសម្អាតចេញ។
៥. ទឹកប៉េងប៉ោះស្រស់ និងប្រទាលកន្ទុយក្រពើ
រូបមន្តនេះជួយព្យាបាលកម្ចាត់មុន។ អ្វីដែលអ្នកត្រូវការ គឺជែលប្រទាលកន្ទុយក្រពើ ១ ស្លាបព្រាបាយ និងទឹកប៉េងប៉ោះស្រស់ ២ ស្លាបព្រាបាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយគ្រឿងផ្សំទាំង ២ ចូលគ្នា រួជកូរឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើផ្នែកដែលទទួលរងផលប៉ះពាល់ដោយសារមុន។ ទុកចោលសម្រាប់រយៈពេល ២០ នាទី ឬរហូតដល់ស្ងួត សឹមលាងសម្អាតមុខចេញជាមួយទឹកត្រជាក់។ អ្នកអាចអនុវត្តរូបមន្តនេះយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃ៕