អតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយអាចបង្កអាការៈគួរឱ្យកត់សម្គាល់ផ្សេងៗ ប៉ុន្តែភាគច្រើននៃពួកយើងមិនធ្លាប់ចាប់អារម្មណ៍។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយនឹងបង្កអាការៈអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh ឱ្យដឹងពីអាការៈដែលអាចលេចឡើងនៅពេលរាងកាយជួបប្រទះបញ្ហាអតុល្យភាពនៃអ័រម៉ូន ៖
១. បញ្ហាពាក់ព័ន្ធនឹងការគេង
ស្ត្រីភាគច្រើនជួបប្រទះបញ្ហាអតុល្យភាពនៃអ័រម៉ូន គឺតែងពិបាកក្នុងការគេងលក់ ជាពិសេសនៅមុនពេលមករដូវ។ មូលហេតុចម្បងបំផុតមួយនោះ គឺដោយសារកម្រិតនៃអ័រម៉ូន progesterone ធ្លាក់ចុះខ្លាំងមុនពេលមករដូវ ឬសូម្បីតែក្រោយពេលសម្រាលកូន។ ជាធម្មតាអ័រម៉ូន progesterone ជួយផ្ដល់ភាពធូរស្បើយដល់អារម្មណ៍របស់ពួកយើង ដូច្នេះនៅពេលកម្រិតនៃអ័រម៉ូននេះថយចុះ អ្នកនឹងមានអារម្មណ៍មួរម៉ៅ ព្រមទាំងពិបាកគេងលក់ ឬគេងលក់បានស្កប់។
២. អស់កម្លាំងជាប្រចាំ
វាជារឿងធម្មតាទេដែលអ្នកមានអារម្មណ៍អស់កម្លាំងនៅថ្ងៃខ្លះ ជាពិសេសក្រោយពេលធ្វើការច្រើនពេក។ ប៉ុន្តែប្រសិនបើអាការៈនេះកើតឡើងជាប់ជានិច្ចសឹងរាល់ថ្ងៃ ហើយគួបផ្សំនឹងការកើនទម្ងន់ខុសប្រក្រតីទៀតនោះវាអាចមានន័យថាកម្រិតនៃអ័រម៉ូនទីរ៉ូអ៊ីតរបស់អ្នកកំពុងធ្លាក់ចុះខ្លាំង។ ជាលទ្ធផលបញ្ហានៃជំងឺក្រពេញទីរ៉ូអ៊ីត (hypothyroidism) នឹងកើតឡើង។ អ័រម៉ូនទីរ៉ូអ៊ីតក៏ទទួលខុសត្រូវក្នុងការគ្រប់គ្រងការដុតរំលាយអាហារក្នុងរាងកាយ ដូច្នេះនៅពេលដែលកម្រិតនៃអ័រម៉ូននេះត្រូវបានកាត់បន្ថយ អត្រានៃចង្វាក់បេះដូង មុខងារខួរក្បាល ព្រមទាំងការរំលាយអាហារត្រូវទទួលរងផលប៉ះពាល់។ ស្ថានភាពទាំងនេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ឆាប់អស់កម្លាំង បញ្ហាពាក់ព័ន្ធនឹងការចងចាំ និងទល់លាមក។
៣. បញ្ហាពាក់ព័ន្ធនឹងការចងចាំ
ការធ្លាក់ចុះនៃអ័រម៉ូនទីរ៉ូអ៊ីត គឺមិនមែនជាមូលហេតុចម្បងតែមួយដែលបណ្ដាលឱ្យការចងចាំមានបញ្ហានោះទេ។ ការកើនឡើងនូវកម្រិតនៃអ័រម៉ូនស្ត្រេសក៏នឹងជះផលប៉ះពាល់ដល់ការចងចាំរបស់អ្នកគួរឱ្យកត់សម្គាល់ផងដែរ។ ការចងចាំជាធម្មតាទទួលរងផលប៉ះពាល់តាមការកើនឡើងនូវវ័យរបស់ពួកយើងម្នាក់ៗ ប៉ុន្តែប្រសិនបើអ្នកនៅក្មេងសោះឆាប់ភ្លេច និងពិបាកចងចាំដែរនោះ ប្រហែលជាមានហានិភ័យដោយសារបញ្ហាអតុល្យភាពនៃអ័រម៉ូនហើយ។
៤. អារម្មណ៍ឆាប់ប្រែប្រួល
ការអស់រដូវជាមូលហេតុចម្បងបំផុតមួយនៃបញ្ហាអតុល្យភាពនៃអ័រម៉ូន។ ស្ត្រីដែលឈានចូលដល់វ័យអស់រដូវច្រើនតែជួបប្រទះបញ្ហាអារម្មណ៍ឆាប់ប្រែប្រួល។ ភាពប្រែប្រួលឆាប់រហ័សនៃអារម្មណ៍នេះក៏អាចបង្កជាបញ្ហានៃជំងឺបាក់ទឹកចិត្ត (Depression)។
៥. ក្ដៅភាយៗនិងបែកញើសពេលយប់
អារម្មណ៍ក្ដៅភាយៗ និងបែកញើសពេលយប់ពីមួយពេលទៅមួយពេលមិនមែនជារឿងប្លែកអ្វីឡើយសម្រាប់ស្ត្រីដែលមានវ័យចន្លោះពី ៤០ ទៅ ៥០ ឆ្នាំ នោះក៏ព្រោះតែបញ្ហានេះផ្សារភ្ជាប់នឹងការអស់រដូវ ឬជារោគសញ្ញាមុនពេលអស់រដូវដែលអាចកើតឡើងរយៈពេល ២ ទៅ ៣ ឆ្នាំមុនពេលអស់រដូវតែម្ដង។ អាការៈក្ដៅភាយៗនេះអាចបណ្ដាលមកពីអតុល្យភាពនៃអ័រម៉ូន។
៦. ស្ងួតទ្វារមាស
រោគសញ្ញាទូទៅបំផុតមួយទៀតនៃបញ្ហាអតុល្យភាពអ័រម៉ូនដែលផ្សារភ្ជាប់នឹងការអស់រដូវ គឺស្ងួតទ្វារមាស។ កំឡុងពេលអស់រដូវ កម្រិតនៃអ័រម៉ូន estrogen ត្រូវបានធ្លាក់ចុះបង្កភាពប្រែប្រួលលើជញ្ជាំងទ្វារមាស។ ជាលទ្ធផលនៃផលប៉ះពាល់លើចំណង់ផ្លូវភេទរបស់ស្ត្រី។
៧. ចំណង់ផ្លូវភេទធ្លាក់ចុះ
ភាពស្ងួតនៃទ្វារមាស គឺមិនមែនជាមូលហេតុតែមួយនៃបញ្ហាធ្លាក់ចុះនូវចំណង់ផ្លូវភេទឡើយ។ តើអ្នកធ្លាប់ដឹងទេថាការថយចុះនូវកម្រិតនៃអ័រម៉ូន estrogen ក៏ជះឥទ្ធិពលលើចំណង់ផ្លូវភេទផងដែរ?