​ខ្ញុំ​ដឹង​ថា ប្រធានបទ​នេះ​ទំនងជា​មិន​សូវ​មាន​មនុស្ស​និយាយ​ច្រើន​ទេ ដោយសារ​តែ​វា​មិនសូវ​ពេញនិយម និង​ធ្វើឲ្យ​ស្តាប់​ទៅ​គួរឲ្យ​អៀនខ្មាស់ ឬ​អាម៉ាសមុខ​ច្រើន​។ តាមពិតទៅ ការ​ផោម​គឺ​ជា​ប្រតិកម្ម​ធម្មតា​មួយ​ដែល​មានន័យថា អ្នក​កំពុងតែ​មាន​ប្រព័ន្ធ​រំលាយ​អាហារ​ប្រកបដោយ​សុខភាព​ល្អ​។ ជា​រៀងរាល់ថ្ងៃ​ការបញ្ចេញ​ផោម​មាន​ចាប់ពី ៥ ទៅ​១០​ដង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ផោម​ក្រៅពី​ស្អុយ គឺ​ផ្តល់​សុខភាព​ល្អ​ច្រើន​ដល់​មនុស្ស​យើង​ដូចជា​៖

មាន​អារម្មណ៍ល្អ​
បើ​យើង​និយាយ​ដោយ​បើកចំហ​នោះ​គឺថា កាលណា​បាន​ផោម​ម្នាក់ៗ​តែងតែ​និយាយថា​ស្រួល​ខ្លួន​គ្រប់គ្នា​ទោះបីជា​លទ្ធផល​ធ្វើឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​មិន​ពេញចិត្ត​ក៏ដោយ​។ ប៉ុន្តែ​បើសិនជា​អ្នក​សុខចិត្ត​ទប់​មិន​ឲ្យ​វា​ចេញ វា​ពិតជា​មិន​សូវ​ល្អ​ឡើយ​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​ខ្មាស់​គេ ឬ​ប៉ះពាល់​ដល់​សុខភាព គួរតែ​រក​កន្លែង​ណា​ដែល​អាច​ផោម​បាន​ស្រួល​ទៅ​។

បន្ថយ​ការ​ហើម​ពោះ​
តើ​អ្នក​មាន​អារម្មណ៍​ហើមពោះ​ទេ​? តើ​យល់​ថា​ខោ​តឹង​ដែរ​ទេ​? នេះ​ដោយសារ​តែ​ពោះវៀន​មាន​ខ្យល់​ច្រើន​។ ដូច្នេះ​ពេល​ខ្លះ​ពេល​ដែល​តឹង​ពោះ​ខ្លាំង វា​ក៏​អាច​សម្រួល​ដោយ​ខ្លួន​ឯង​វិញ​តាមរយៈ​ការ​ផោម​នេះឯង​។

អាច​ដឹង​ថា​មានប្រតិកម្ម​អាឡែ​ហ្ស៊ី​នឹង​អាហារ​
មានប្រតិកម្ម​អាឡែ​ហ្ស៊ី​នឹង​អាហារ​ច្រើនណាស់​ដែល​នាំ​ឲ្យ​មនុស្សផោម​ច្រើន និង​ខ្លាំងក្លា ជាពិសេស​ជំងឺ Coeliac និង Lactose Intolerance​។ ដូច្នេះ​បើ​សិន​ជា​អ្នក​ផោម​ច្រើន​ក្រោយពី​ញ៉ាំ​អាហារ​ច្រើន នោះ​អ្នក​កំពុងតែ​មាន​ប្រតិកម្ម​មួយ​នេះហើយ​។

ជួយ​ដល់​របប​អាហារ​ឲ្យមាន​តុល្យភាព​
មនុស្ស​គ្រប់គ្នា​តែង​ចូលចិត្ត​ញ៉ាំ​អាហារ​ផ្សេងៗ​ពី​គ្នា​ដោយសារតែ​ចំណង់​ចំណូលចិត្ត​ខុសគ្នា ប៉ុន្តែ​ពួកគេ​មាន​ពោះវៀន​ដូចគ្នា​។ នៅ​ពេល​អ្នក​ផោម​មាន​ក្លិនស្អុយ​ខ្លាំង នោះ​អាច​បញ្ជាក់​ថា អ្នក​ញ៉ាំ​សាច់​ក្រហម​ច្រើន តែបើ​ផោម​មក​គ្មាន​ក្លិន នោះ​ញ៉ាំ​អាហារ​កាបូ​អ៊ី​ដ្រាត​ច្រើន​។

ការ​ទប់​ផោម​មិន​ឲ្យ​វា​ចេញ មិនល្អ​ចំពោះ​ពោះវៀនធំ​ឡើយ​
នៅពេល​យើង​ស្ថិត​នៅ​កន្លែង​មាន​មនុស្ស​ច្រើន ស្រាប់តែ​ចង់​ផោម អ្វី​ដែល​យើង​តែងតែ​ធ្វើ​នោះ​គឺ​ព្យាយាម​ទប់​កុំឲ្យ​វា​ចេញ​។ ប៉ុន្តែ​ការធ្វើ​បែប​នេះ​មិនល្អ​ឡើយ តែ​វា​គ្រាន់តែ​ធ្វើឲ្យ​ជំងឺឬ​សដូង​បាត​កាន់តែ​ធ្ងន់ធ្ងរ​ទៅវិញ​ទេ​៕